leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោក Pham Minh Chinh នាយករដ្ឋមន្ត្រី(រូបថត៖ vnanet.vn)

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនដំណើរទស្សនកិច្ចជាន់ខ្ពស់ និងលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងសហការរៀបចំបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ២០២៤; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរលើការពិគ្រោះយោបល់នយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឆាប់រៀបចំសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការចម្រុះ វៀតណាម-ប្រេស៊ីល ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម; ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ និង ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យប្រេស៊ីលបង្កើតលក្ខខណ្ឌដើម្បីបង្កើនការនាំចូលទំនិញរបស់វៀតណាម រួមចំណែកធ្វើឱ្យតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រេស៊ីលឆាប់ទទួលស្គាល់បទប្បញ្ញត្ដិសេដ្ឋកិច្ចទីផ្សាររបស់វៀត ណាម។ ភាគីទាំងពីរបានព្រមព្រៀងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lula da Silva ប្រធានាធិបតីប្រេស៊ីល (រូបថត៖ vnanet.vn)

ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈការជំរុញការចរចា ចុះហត្ថលេខានិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការពាក់ព័ន្ធនានា សហការគ្នាក្នុងយន្តការ និងវេទិកាពហុភាគីដែលភាគីទាំងពីរចូលរួម។

ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដែលភាគីទាំងពីរចាប់អារម្មណ៍។ តាមរយៈនោះ វាយតំលៃខ្ពស់ចំពោះឯកសារសំខាន់ៗទាក់ទិននឹងវិស័យការទូត អប់រំ-បណ្តុះបណ្តាល ការពារជាតិ កសិកម្ម វប្បធម៌ ... ដែលបានចុះហត្ថលេខាក្នុងឱកាសដំណើរទស្សនកិច្ចនេះ ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កីឡា បាល់ទាត់ នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល អភិវឌ្ឍន៍បៃតង ថាមពលកកើតឡើងវិញ ការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ ជីវឥន្ធនៈ អភិរក្សប្រព័ន្ធអេកូឡូស៊ី និងសហការការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ-ទន្លេអាម៉ាហ្សូន។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

អំពីកិច្ចសហប្រតិបត្តិការពហុភាគីនិងតំបន់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង, វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC)…; វៀតណាមគាំទ្រ និងជូនពរប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រេស៊ីល និងអាស៊ាន ក៏ដូចជាជំរុញការអភិវឌ្ឍទំនាក់ទំនងអាស៊ាន - MERCOSUR អភិឌ្ឍន៍សក្ដិសមនឹងសក្តានុភាពកិច្ចសហប្រតិបត្តិការ និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។

ភាគីទាំងពីរបានព្រមព្រៀងចំពោះការដោះស្រាយការខ្វែងគំនិតនិងវិវាទអន្តរជាតិ ភាគីពាក់ព័ន្ធគួរតែដោះស្រាយដោយសន្តិវិធី ដោយបញ្ចៀសការប្រើប្រាស់កម្លាំងទ័ព ឬ ការគម្រាមកំហែងប្រើប្រាស់កម្លាំងទ័ព គោរពច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ភាគីប្រេស៊ីលគាំទ្រសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS 1982 ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

លោកប្រធានាធិបតីប្រេស៊ីលឲ្យដឹងថា ប្រេស៊ីលនឹងក្លាយជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិសំខាន់ៗជាបន្តបន្ទាប់ដូចជា G20, BRICS, COP30 និងគោរពអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចូលរួមព្រឹត្តិការណ៍សំខាន់ៗខាងលើ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកPham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Luiz Inacio Lula da Silva ប្រធានាធិបតី បានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីដំណើរទស្សនកិច្ច និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានជួបជាមួយអ្នកសារព័ត៌មាន៕

បកប្រែដោយ Pham Diep