ជំរុញទំនាក់ទំនងវៀតណាម-ជប៉ុន ឲ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា
កប.អនឡាញ - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ បានទទួលជួបព្រះអង្គម្ចាស់ជប៉ុន Akishino និងអ្នកម្នាង Kiko ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកញ្ញា។
ក្នុងពិធីទទួល លោក Vo Van Thuong បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះអង្គម្ចាស់ Akishino និងអ្នកម្នាង Kiko ដែលបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣ / ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣) ហើយសម្ដែងនូវការជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ និងអ្នកម្នាង នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយោគយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។
|
|
លោក Vo Van Thuong និងលោកជំទាវ ទទួលជួបព្រះអង្គម្ចាស់ Akishino និងអ្នកម្នាង Kiko (រូបថត៖ vnanet.vn) |
លោក Vo Van Thuong សម្តែងនូវការសប្បាយរីករាយចំពោះសមិទ្ធផលវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ពីវិស័យនយោបាយ សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម រហូតដល់វិស័យវប្បធម៌ ការអប់រំ - បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ... ជាពិសេសលើការអភិវឌ្ឍនៃជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងបណ្តុះបណ្តាលរវាងវៀតណាម និងជប៉ុន។ លោកប្រធានរដ្ឋបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតដែលមិនធ្លាប់មាន និងមានមូលដ្ឋានគ្រឹះពេញលេញដើម្បីលើកកំពស់ឡើងដល់កម្រិតថ្មីនាពេលខាងមុខ។
ព្រះអង្គម្ចាស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរ និងការអភិវឌ្ឍដ៏ឆាប់រហ័ស និងខ្លាំងក្លារបស់វៀតណាមក្នុងរយៈពេល ១១ ឆ្នាំកន្លងមក ចាប់តាំងពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកនៅឆ្នាំ២០១២ ហើយសម្ដែងនូវក្តីរីករាយជាមួយនឹងការអភិវឌ្ឍយ៉ាងរឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម និងជប៉ុននាពេលកន្លងមក។ ព្រះអង្គម្ចាស់ បានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃវប្បធម៌ និងទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយមូលដ្ឋានគ្រឹះនោះកំពុងត្រូវបានរក្សា ពូនជ្រំ និងអភិវឌ្ឍដោយយុវជនសជំនាន់ក្រោយ។
តាងនាមរដ្ឋ និងប្រជាជនវៀតណាម លោក Vo Van Thuong បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការយកចិត្តទុកដាក់ដែលព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ និងប្រជាជនជប៉ុនផ្ដល់ដល់វៀតណាមនាពេលកន្លងមក។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមនៅតែចងចាំនូវជំនួយដ៏មានតម្លៃដែលប្រជាជនជប៉ុនបានផ្តល់ដល់វៀតណាមក្នុងអំឡុងពេលដ៏លំបាកបំផុតនៃការរាតត្បាត Covid-19៕
បកប្រែដោយ Thuy Anh