ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយរយៈពេលប្រាំទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍន៍ (ឆ្នាំ១៩៧៣ - ឆ្នាំ២០២៣) ជាពិសេស ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាត្រូវបានរឹតបន្តឹង តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការជួយគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី។

លោក Vuong Dinh Hue បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជួយបង់ក្លាដែសក្នុងការធានាសន្តិសុខស្បៀង ដែលបង្ហាញតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្ករសម្រាប់ដំណាក់កាល ២០២២-២០២៧។ លោកបញ្ជាក់ថា ទន្ទឹមនឹងអង្ករ វៀតណាមអាចនាំចេញផលិតផលដែលបង់ក្លាដែសមានតម្រូវការ ដូចជា គ្រឿងយន្តកសិកម្ម វត្ថុធាតុដើម ទំនិញប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេឡិចត្រូនិក... ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា៖ កសិកម្ម វាយនភ័ណ្ឌពណ៌បៃតង ការអប់រំ-បណ្ដុះបណ្ដាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេស ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ...

leftcenterrightdel
លោក Vuong Dinh Hue ជួបសវនាការជាមួយលោក Mohammed Shahabuddin (រូបថត៖ vnanet.vn)

លោកប្រធានាធិបតីបង់ក្លាដែសបានស្នើឲ្យភាគីទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។ លោកបានស្នើឲ្យវៀតណាមលើកទឹកចិត្តធុរកិច្ចវៀតណាមមកបណ្តាក់ទុននៅមណ្ឌលសេដ្ឋកិច្ចពិសេសរបស់បង់ក្លាដែស។ លោកក៏គាំទ្រសំណើរបស់វៀតណាមក្នុងការបើកជើងហោះហើរត្រង់ក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនផងដែរ។

អំពីបញ្ហាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ... លោក Vuong Dinh Hue បានអះអាងថា វៀតណាមតែងតែគាំទ្របង់ក្លាដែសក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន។

* នាព្រឹកថ្ងៃទី ២២ ខែកញ្ញា លោក Vuong Dinh Hue បានទទួលជួបលោក Shah Alam ប្រធានគណបក្សកុម្មុយនិស្តបង់ក្លាដែស (CPB) និងលោក Rashed Khan Menon ប្រធានគណបក្សពលករ ប្រធានគណៈកម្មាធិការសុខុមាលភាពសង្គមនៃរដ្ឋសភាបង់ក្លាដែស។

នៅក្នុងជំនួបជាមួយលោក Shah Alam ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពនាពេលខាងមុខ បន្តជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាពិសេស ភាគីទាំងពីរគប្បីបើកការហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ បង្កើតលកខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូររវាងភាគីទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឲ្យដឹងដែរថា ប្រទេសទាំងពីរបន្តគាំទ្រទស្សនៈ និងគោលជំហររបស់គ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអន្តរជាតិ រួមទាំងការលើកកំពស់ស្មារតីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី។

leftcenterrightdel
លោក Vuong Dinh Hue ជួបជាមួយលោក Rashed Khan Menon (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក Vuong Dinh Hue លោក Rashed Khan Menon បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ទំនាក់ទំនងវៀតណាម-បង់ក្លាដែសមានការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ហើយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ដោយសក្ដានុពលនៅតែមានច្រើនណាស់ លោកប្រធានគណបក្សពលករបង់ក្លាដែសបានចាត់ទុកថា ភាគីទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Vuong Dinh Hue អះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់វិស័យជាមួយបង់ក្លាដែស។ លោក Vuong Dinh Hue មានបំណងថា បក្សកុម្មុយនិស្តវៀតណាម និងគណបក្សពលករបង់ក្លាដែស បង្កើនការផ្លាស់ប្តូរបទពិសោធន៍ ទ្រឹស្តីស្ដីពីការកសាងបក្ស អភិវឌ្ឍន៍ប្រទេសក្នុងបរិបទបច្ចុប្បន្ន ហើយឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគណៈប្រតិភូរវាងយុវជននៃប្រទេសទាំងពីរ។

* នារសៀលថ្ងៃទី២២ ខែកញ្ញា នៅរដ្ឋធានី Dhaka លោក Vuong Dinh Hue បានចូលរួមវេទិកាស្តីពីគោលនយោបាយ និងច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងបង់ក្លាដែស។

នៅក្នុងវេទិកានេះ លោក Vuong Dinh Hue បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងធុរកិច្ចនៃប្រទេសទាំងពីរ រួមមាន កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុន BMH វៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Doreen បង់ក្លាដែស កិច្ចសន្យាស្ដីពីការបង្កើតសម្ព័ន្ធទេសចរណ៍រវាងក្រុមហ៊ុនភាគហ៊ុនសេវាកម្មអាកាសចរណ៍ Huong Giang និងសមាគមទេសចរណ៍បង់ក្លាដែស...

*សូមរំលឹកថា នាល្ងាចថ្ងៃទី ២១ ខែកញ្ញា លោក Vuong Dinh Hue បានថ្លែងសុន្ទរកថាស្ដីពីគោលនយោបាយសំខាន់នៅបណ្ឌិតសភាការបរទេសបង់ក្លាដែស ស្តីពី “ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងបង់ក្លាដែស៖ រួមគ្នាខិតខំដើម្បីអនាគតដ៏ភ្លឺស្វាងនិងវិបុលភាពនៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក”៕

បកប្រែដោយ Thuy Anh