វៀតណាមសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការកសាងទំនុកចិត្ត ដើម្បីទប់ស្កាត់ជម្លោះ ហើយជំរុញសន្តិភាពប្រកបដោយនិរន្តរភាព
កាលពីថ្ងៃទី ៣ ឧសភា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានរៀបចំកិច្ចពិភាក្សាជាន់ខ្ពស់ ដោយប្រធានបទ "ការធានាទំនុកចិត្តនាពេលអនាគតដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព"។
ថ្លែងមតិនៅកិច្ចប្រជុំ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសធំៗ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវ គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាគោរពផលប្រយោជន៍ ស្របច្បាប់របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះ។
    |
 |
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang (រូបថត៖ vov.vn) |
ទាក់ទិននឹងការកសាងសន្តិភាពក្រោយជម្លោះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាពិសេសរវាងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាមួយនឹងអាជ្ញាធរ ប្រជាជន ក៏ដូចជាកម្លាំងនយោបាយ និងប្រដាប់អាវុធនៃប្រទេសសាមី។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខ ជំរុញវិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយមូលដ្ឋានឫសគល់នៃ ជម្លោះដូចជា ភាពក្រីក្រ និងវិសមភាព។
លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់កត្តាជឿទុកចិត្តក្នុងដំណើរការកសាងផែនមហាសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ការអភិវឌ្ឍប្រទេសជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិ។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្ម ភាពជាដៃគូគួរឲ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ ការចូលរួម និងរួមចំណែកយ៉ាងសកម្មនៅវេទិកាពហុភាគីនានា ជាពិសេសគឺអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការដឹកនាំដោយអាស៊ានផងដែរ៕
តាម vovworld.vn