ក្នុងជំនួបជាមួយលោក Han Duck-soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី ២២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងសេអ៊ូល លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវគោលបំណងថា ភាគីទាំងពីរនឹងសហការប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (VKFTA), កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP); ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ និងសម្រេចបាន ១៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០៣០។

leftcenterrightdel
លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង (ស្តាំ) ទទួលជួបលោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម (រូបថត៖ vnanet.vn)

ដោយថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានផ្ដល់ជំនួយឥតសំណង (ODA) ប្រកបដោយប្រសិទ្ធភាពដល់​វៀតណាម លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា រំពឹងថា កូរ៉េខាងត្បូងនឹងបន្តរក្សាយន្តការកិច្ចសហប្រតិបត្តិការនេះប្រកបដោយប្រសិទ្ធភាព។ វៀតណាមក៏មានបំណងចង់ឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តគាំទ្រ និងការពារផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ជនជាតិវៀតណាមជាង ២០០.០០០ នាក់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ វៀតណាមបានហើយនឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិកូរ៉េខាងត្បូងក្នុងការរស់នៅ សិក្សា និងធ្វើការប្រកបដោយស្ថិរភាពនៅវៀតណាម។

សូមរំលឹកថា ក្នុងជំនួបជាមួយលោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង នៅទីស្នាក់ការរដ្ឋសភាកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី២១ ខែមីនា លោក Nguyen Duc Hai អនុប្រធានរដ្ឋសភា បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយសង្ឃឹមថា ភាគីទាំងពីរនឹងសហការពង្រឹងឲ្យស៊ីជម្រៅនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ” នាពេលខាងមុខ។ លោក Nguyen Duc Hai បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរសកម្មភាពនីតិប្បញ្ញត្តិ ឃ្លាំមើល និងសម្របសម្រួលក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ សកម្មភាពផ្លាស់ប្តូរ ជំរុញការផ្លាស់ប្តូរសមាជិកាសភា និងសមាជិក​សភាវ័យក្មេង និងការចងសម្ព័ន្ធមេត្រីភាពរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ល។

តាមកម្មវិធី លោកអនុប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាវៀតណាមនឹងបន្តទៅទស្សនាមូលដ្ឋានមួយចំនួន ព្រមទាំងជួបពិភាក្សាការងារជាមួយសាជីវកម្មកូរ៉េខាងត្បូងមួយចំនួនដែលកំពុងនិងមានបំណងចង់ពង្រីកការវិនិយោគ ការធ្វើអាជីវកម្មនៅ​វៀតណាម៕

បកប្រែដោយ Thuy Anh