នៅក្នុងជំនួបនេះ លោក Nguyen Duc Hai មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តរក្សា និងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។ ទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់លំដាប់ថ្នាក់។

លោកអនុប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Kim Jin Pyo ប្រធានរដ្ឋសភា កាលពីខែមករា ឆ្នាំ២០២៣ បើកឆ្នាំ ២០២៣ ជាមួយនឹងសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ។

ដោយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង លោក Nguyen Duc Hai មានសេចក្តីសោមនស្សរីករាយដោយឃើញថា អាជ្ញាធរនានានៃកូរ៉េខាងត្បូងជានិច្ចកាលយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ហើយចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្ត “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” និង “គំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន” របស់រដ្ឋាភិបាលលោកប្រធានាធិបតី Yoon Suk Yeol។

leftcenterrightdel
លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ទទួលជួប លោកស្រី Oh Youngju ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំវៀតណាម

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ  លោក Nguyen Duc Hai បានស្នើឲ្យ​ លោកស្រីឯកអគ្គរដ្ឋទូត Oh Youngju បន្តគាំទ្រ និងជំរុញអង្គភាពអាជីវកម្មរបស់កូរ៉េខាងត្បូងចូលមកបណ្តាក់ទុន និងពង្រីកទំហំវិនិយោគលើវិស័យកូរ៉េខាងត្បូងមានឧត្តមភាព ហើយវៀតណាមមានតម្រូវការ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ​បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ ឧស្សាហកម្មបន្ទាប់បន្សំ ឧស្សាហកម្មសឺមីកង់ឌុចទ័រ និងកសិកម្មគុណភាពខ្ពស់។

ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរលោក Nguyen Duc Hai បានយល់ឃើញថា ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរមានការអភិវឌ្ឍ​យ៉ាងល្អ សម្រេចបានសមិទ្ធផលជាក់ស្តែងជាច្រើនតាមស្មារតី និងខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភានៃប្រទេសទាំងពីរកាលពីខែកក្កដា ឆ្នាំ ២០១៣។

ដោយ​ថ្លែង​អំណរគុ​ណ លោក Nguyen Duc Hai ដែលបានចំណាយពេលទទួលជួបគណៈប្រតិភូ លោកស្រីឯកអគ្គរដ្ឋទូត Oh Youngju បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២២ ប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង បានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។

ចាប់តាំងពីដំឡើងទំនាក់ទំនងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍ​ដោយឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរដើរតួនាទីត្រួសត្រាយផ្លូវ។

លោកស្រី Oh Youngju ឯកអគ្គរដ្ឋទូត បាននិយាយថា មេដឹកនាំកូរ៉េខាងត្បូងតែងតែចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ នាពេលថ្មីៗនេះ នៅក្នុងលិខិតអបអរសាទរចំពោះលោក​​ Vo Van Thuong ប្រធានរដ្ឋ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងនូវក្តីរីករាយចំពោះសមិទ្ធផលដែលប្រទេសទាំងពីរសម្រេចបានក្នុងវិស័យជាច្រើនក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ អះអាងនូវសារៈសំខាន់ និងបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង ឱ្យអភិវឌ្ឍកាន់តែរឹងមាំ នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan