កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម-ប្រេស៊ីល
កប.អនឡាញ - នាថ្ងៃទី ២៣ ខែវិច្ឆិកា លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Eduardo Paes Saboia អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីល បានបើកសម័យប្រជុំពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីក្រសួងការបរទេសលើកទី ៨ តាមប្រព័ន្ធវីដេអូ។
    |
 |
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ phapluatxahoi.kinhtedothi.vn) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានចែករំលែកអំពីស្ថានភាពនៅក្នុងប្រទេសនីមួយៗ; ពិនិត្យ និងវាយតម្លៃលើវិស័យសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីវិធានការនានាដើម្បីនាំទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ និងស្ថិរភាពនាពេលខាងមុខ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ការដែលប្រេស៊ីលបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់អាមេរិកឡាតាំង ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ សម្រេចបានចំនួន ៦.៣៦ ពាន់លានដុល្លារអាមេរិក; ភាគីទាំងពីរបានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងវៀតណាម និងប្រេស៊ីលនៅមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍបន្ថែមទៀត។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ រួមចំណែកដល់សន្តិសុខស្បៀង សន្តិសុខថាមពលពិភពលោក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ភាគីទាំងពីរបានឯកភាពថា នៅឆ្នាំ២០២៣ នឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរក្សាការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងការជួបជុំគ្នា លើកកម្ពស់យន្តការពិគ្រោះយោបល់នយោបាយ ពង្រីកកិច្ចសន្ទនា និងការតភ្ជាប់រវាងក្រសួង ស្ថាប័ន និងធុរកិច្ចនៃភាគីទាំងពីរ និងបញ្ចប់ក្របខ័ណ្ឌច្បាប់ជាជំហានៗដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យពាណិជ្ជកម្មកសិផល។ ក្រសួងការបរទេសទាំងពីរបានឯកភាពសហការគ្នាដើម្បីជំរុញការចរចានិងឆ្ពោះទៅរកការចុះហត្ថលេខាដែលសមស្របជាមួយឯកសារកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការអប់រំ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស៕
បកប្រែដោយ Pham Diep