នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាល្លឺម៉ង់ និងមានបំណងចង់ទទួលស្វាគមន៍លោក Olaf Scholz អធិការបតីអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងខែវិច្ឆិកា ដែលជាដំណើរត្រូវបានរំពឹងនឹងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍថែមទៀត។

leftcenterrightdel
លោក Pham Binh Minh ទទួលជួប លោក Jochen Flasbarth (រូបថត៖ vnanet.vn)

លោក Jochen Flasbarth រដ្ឋលេខាធិការ បានសម្តែងចំណាប់អារម្មណ៍ចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ លោករដ្ឋលេខាធិការបានអះអាងថា អាល្លឺម៉ង់មានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗ និងប្តេជ្ញារួមដំណើរជាមួយវៀតណាមដើម្បីសម្រេចបាននូវកិច្ចសន្យារបស់វៀតណាមនៅក្នុងសន្និសីទលើកទី ២៦ នៃភាគីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្តូរទៅប្រើថាមពលស្អាត។

*លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

តបតាមការអញ្ជើញរបស់លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Bui Thanh Son រដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយ លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសមជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ លោក Bodo Ramelow ប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់ លោក Hesse Boris Rhein នាយករដ្ឋមន្ត្រី លោក Michael Kellner រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងការពារអាកាសធាតុអាល្លឺម៉ង់។

ក្នុងជំនួបទាំងឡាយនេះ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា ការទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ... ដើម្បីធ្វើឲ្យស៊ីជម្រៅនូវខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ចូលរួមចំណែកក្នុងការអនុវត្តពេញលេញនូវកិច្ចសន្យានៅ COP26 របស់ប្រទេសទាំងពីរ និងរួមចំណែកដល់ការដោះស្រាយបញ្ហាសកល៕

បកប្រែដោយ Thuy Anh