លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ូសំប៊ិកនៅមានច្រើន វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងកិច្ចការបរទេស និងសមាហរណកម្មជាមួយម៉ូសំប៊ិក។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងវិធានការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ហើយសង្ឃឹមថា រដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តគាំទ្រ និងសម្រួលក្នុងដំណើរការអនុវត្ត។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបប្រធានរដ្ឋសភាម៉ូសំប៊ិក (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យម៉ូសំប៊ិក គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើការដោះស្រាយជម្លោះដោយសន្តិវិធី ធានាសេរីភាព និងសុវត្ថិភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត។ លោកបានស្នើឲ្យភាគីទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត តាមរយៈការបង្កើតលក្ខខណ្ឌអំណោយផលក្នុងការអភិក្រមទីផ្សារ ការជំរុញពាណិជ្ជកម្ម និងការតភ្ជាប់អាជីវកម្មរបស់ភាគីទាំងពីរ; ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការពង្រីកទីផ្សារនៅអាហ្រ្វិក និងអាស៊ី; សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការកសិកម្មដំណាក់កាលបន្ទាប់ដែលជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការបង្កើនសន្តិសុខស្បៀងសម្រាប់ប្រទេសម៉ូសំប៊ិក; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-សុខាភិបាល; ស្រាវជ្រាវពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាថាមពល ឧស្សាហកម្មកែច្នៃ វប្បធម៌ ទេសចរណ៍។ល។

ប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias បានអបអរសាទរចំពោះវៀតណាមដែលបន្តសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការទប់ទល់នឹងជំងឺរាតត្បាត Covid-19។ លោកស្រីវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ និងលើពិភពលោក ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ព្រមទាំងចែករំលែក និងគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ាននៅសមុទ្រខាងកើត។ លោកស្រីបានអះអាងថា ម៉ូសំប៊ិកចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់មួយនៅអាស៊ី ព្រមទាំងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងសកម្មភាពវិនិយោគរបស់វៀតណាមជាមួយម៉ូសំប៊ិក ក្នុងវិស័យកសិកម្ម និងទូរគមនាគមន៍; ប្តេជ្ញាលើកកម្ពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសក្នុងការអនុវត្តវិធានការដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh៕

បកប្រែដោយ Huyen Trang