វៀតណាម និងសិង្ហបុរីសម្របសម្រួលគ្នាដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី

នាព្រឹកថ្ងៃទី ១២ ឧសភា (តាមម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងខ្លាំងក្លាក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តក្លាយជាចំណុចភ្លឺមួយក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងតំបន់។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបអនុស្សាវរីយ៍លើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ  នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់, រក្សាយន្តការសហប្រតិបត្តិការទ្វេភាគី; បន្តកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ។ បន្តពង្រីក និងអភិវឌ្ឍតំបន់ VSIP; សម្របសម្រួលគ្នាដើម្បីទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (FTA) ដែលប្រទេសទាំងពីរចូលរួមដូចជា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ VGP)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងស្នើឲ្យសិង្ហបុរីបង្កើនអាហារូបករណ៍បណ្តុះបណ្តាលសម្រាប់កម្មាភិបាលគ្រប់គ្រងរបស់វៀតណាម ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខបែបប្រពៃណីនិងមិនមែនប្រពៃណី ជំងឺរាតត្បាតនិងការប្រែប្រួលអាកាសធាតុ។

សហគមន៍ធុរកិច្ចសហរដ្ឋអាមេរិកចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រអាទិភាព

នាព្រឹកថ្ងៃទី ១២ ឧសភា នៅទីក្រុង Washington DC លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបនិងពិភាក្សាការងារជាមួយសហគមន៍ធុរកិច្ចសហរដ្ឋអាមេរិកដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) និងសភាពាណិជ្ជកម្មអាមេរិក (USCC)។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Ted Osius អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម ហើយបច្ចុប្បន្នជាប្រធាននិងអគ្គនាយក USABC បានសង្កត់ធ្ងន់ថា សហគមន៍ធុរកិច្ចសហរដ្ឋអាមេរិកបានចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រ អាទិភាព រួមចំណែកដល់កំណើនសេដ្ឋកិច្ចនិងការរីកចម្រើនរបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងតែជាដៃគូវិនិយោគធំបំផុតមួយនៅវៀតណាម។​ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យវិនិយោគិនរបស់សហរដ្ឋអាមេរិកចូលវិនិយោគនៅវៀតណាមនឹងកាន់តែកើនឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ។

* ក្នុងការទទួលជួបលោក Marc Allen នាយកយុទ្ធសាស្រ្តនិងជាអនុប្រធានជាន់ខ្ពស់យុទ្ធសាស្ត្រ និងអភិវឌ្ឍន៍សាជីវកម្ម និងថ្នាក់ដឹកនាំសាជីវកម្ម Boeing លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យរបស់សាជីវកម្ម Boeing ជាមួយដៃគូវៀតណាមដូចជា Vietnam Airlines, Vietjet, និង Bamboo Airways។

* ក្នុងការទទួលជួបថ្នាក់ដឹកនាំសាជីវកម្ម Asia Group និងសាជីវកម្ម Blackstone, សាជីវកម្ម GenX, សាជីវកម្ម AES លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិនិយោគិនផ្តោតលើការស្រាវជ្រាវ និងវិនិយោគលើថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលរលក ដែលជាប្រភពថាមពលដ៏មានសក្តានុពលខ្លាំងក្នុងការអភិវឌ្ឍន៍នៅប្រទេសវៀតណាម។

* នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបប្រធានតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai; អគ្គនាយកហិរញ្ញវត្ថុអភិវឌ្ឍន៍សហរដ្ឋអាមេរិក (DFC) Scott A.Nathan ។

WB យកចិត្ដទុកដាក់ក្នុងការជួយគាំទ្រវៀតណាមឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

* ក្នុងការទទួលជួបលោក Axel Van Trotsenburg អគ្គនាយកប្រតិបត្តិនៃធនាគារពិភពលោក (WB) នាព្រឹកថ្ងៃទី ១២ ឧសភា លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរគួរតែផ្តោតលើវិស័យបំប្លែងថាមពល និងឌីជីថល; គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធំៗ ដូចជាផ្លូវហាយវេ និងផ្លូវមាត់សមុទ្រ និងគម្រោងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long; ភាគកណ្ដាលប្រទេសវៀតណាម និងការកាត់បន្ថយភាពក្រីក្រ; លើកកំពស់សមត្ថភាពសុខាភិបាល..។

អគ្គនាយកធនាគារពិភពលោកបានឲ្យដឹងថា ទីភ្នាក់ងារនេះចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណើរការស្តារ និងអភិវឌ្ឍន៍ក្រោយជំងឺរាតត្បាត។ លោកអគ្គនាយក WB បានអះអាងថា WB យកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការជួយ​វៀត​ណាមឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ 

* គួររំលឹកថា មុននោះ នាថ្ងៃទី ១១ ឧសភា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា Patrick Leahy។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Patrick Leahy និងសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួន​ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ចំបងនិងត្រៀមខ្លួនសហការជាមួយសហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកព្រឹទ្ធសភា ជាពិសេសតួនាទីដឹកនាំរបស់សមាជិកព្រឹទ្ធសភា លោក Patrick Leahy ក្នុងការគាំទ្រជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ហើយជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការនៃការផ្សះផ្សា និងកសាងទំនុកចិត្តរវាងប្រជាជាតិទាំងពីរ។

ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា លោក Patrick Leahy បានមានប្រសាសន៍ថា សមាជិកព្រឹទ្ធសភាដែលមានវត្តមានក្នុងជំនួបនេះ បានវាយតម្លៃខ្ពស់ចំពោះការជំនះពុះពារលើភាពខ្វែងគំនិត និងការឈឺចាប់នៃសង្គ្រាមរបស់ប្រទេសទាំងពីរដើម្បីកសាងអនាគតដ៏ល្អប្រសើរ។

សមាជិកព្រឹទ្ធសភារូបនេះបានអះអាងថានឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវរាល់បញ្ហាដែលភាគីទាំងពីរយកចិត្ដទុកដាក់ដូចគ្នា ក៏ដូចជាបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

បកប្រែដោយ Pham Diep