ថ្លែងទៅកាន់អង្គភាពអាជីវកម្មជាង ១០០ មកពីប្រទេសទាំងពីរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអំពាវនាវឱ្យអង្គភាពអាជីវកម្មស្វីសមកបណ្តាក់ទុននៅវៀតណាម និងសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មវៀតណាមលើវិស័យដែលអង្គភាពអាជីវកម្មស្វីសមានប្រៀបខ្លាំង ហើយវៀតណាមផ្តល់អាទិភាពជាពិសេសលើវិស័យហិរញ្ញវត្ថុធនាគារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ស្វីស (រូបថត៖ vnanet.vn)

នៅក្នុងវេទិកា លោកប្រធានាធិបតី Guy Parmelin បានចាត់ទុកថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានទំហំធំ ហើយត្រូវការក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មី ដើម្បីជំរុញអង្គភាពអាជីវកម្មស្វីសមកបណ្តាក់ទុននៅវៀតណាម។ លោកបានមានប្រសាសន៍ថា ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់អង្គភាពអាជីវកម្មស្វ៊ីស និងអ្នកតំណាងនៃវិស័យឯកជនដែលមានវត្តមាននៅថ្ងៃនេះបង្ហាញថា វៀតណាមជាអាទិភាពរបស់ស្វីសក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ពួកគេរំពឹងថា មានទឹកប្រាក់មិនតិចជាង ៧០ លានហ្វ្រង់ស្វីសនឹងត្រូវបានវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅប្រទេសវៀតណាមក្នុងរយៈពេលឆ្នាំ ២០២១-២០២៤។

យោងតាមលោកប្រធានាធិបតី Guy Parmelin ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងកិច្ចព្រមព្រៀងស្តីពីការការពារកម្មសិទ្ធិបញ្ញា។ ទាំងនោះគឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ដែលអនុញ្ញាតឱ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានកិច្ចព្រមព្រៀងដ៏សំខាន់មួយនោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលភាគីទាំងពីរបានចរចាអស់រយៈពេល ៩ ឆ្នាំកន្លងមក។ លោកប្រធានាធិបតី Guy Parmelin បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងរិះរកដំណោះស្រាយចំពោះបញ្ហាដែលកំពុងពិភាក្សា។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចែករំលែកជាមួយវិនិយោគិនស្វីសអំពីសក្តានុពល និងឱកាសវិនិយោគនៅវៀតណាម ព្រមទាំងស្នើឲ្យសហគមន៍ធុរកិច្ចស្វីស ជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង EFTA។ លោកប្រធានរដ្ឋបានអំពាវនាវឱ្យអង្គភាពអាជីវកម្មស្វីសជួយឧបត្ថម្ភរដ្ឋាភិបាលស្វីសផ្តល់វ៉ាក់សាំង Covid-19 ដល់វៀតណាមតាមរយៈយន្តការ COVAX  និងផ្តល់សម្ភារៈបរិក្ខារពេទ្យ ផ្ទេរបច្ចេកវិទ្យាស្រាវជ្រាវ និងផលិតថ្នាំព្យាបាល Covid-19 ដល់វៀតណាម។ លោកប្រធានរដ្ឋក៏បានអះអាងដែរថា វៀតណាមនឹងខិតខំប្រឹងប្រែងបង្កើតបរិយាកាសធុរកិច្ចតាមកិច្ចសន្យាក្នុងកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីដែលមានស្តង់ដារខ្ពស់។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានចែករំលែកព័ត៌មានជាច្រើនអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគក្នុងប្រទេសវៀតណាម ដូចជាបរិយាកាសម៉ាក្រូស្ថិរភាព និន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏វិជ្ជមាន និងទំហំពាណិជ្ជកម្មទ្វេភាគីដែលអាចសម្រេចបាន ៦០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ៕

បកប្រែដោយ Huyen Trang