leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោក​ប្រធានរដ្ឋ Nguyen Xuan Phuc បានប្រព្រឹត្តទៅយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅវិមានប្រធានាធិបតី Lohn Manor ទីក្រុង Bern (រូបថត៖ vnanet.vn)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាការងារដើម្បីពិភាក្សាអំពីវិធានការជាក់ស្ដែងសំដៅជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ស្វីសឲ្យសក្តិសមទៅនឹងសក្ដានុពល និងឧត្តមភាព​នៃប្រទេសទាំងពីរ។

ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋាភិបាលស្វីសបន្ត​លើកទឹកចិត្តឲ្យសហគ្រាសស្វីសវិនិយោគចូលមកវៀតណាម ព្រមទាំងបញ្ជាក់ផងដែរថា​វៀតណាមកំពុងខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ការធ្វើ​អាជីវកម្ម បង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មបរទេស ប្រតិបត្តិការយ៉ាងយូរអង្វែងនៅវៀតណាមក្នុងនោះមានប្រទេស​​ស្វីសផង។

ថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរជំរុញឲ្យសហគ្រាស និង​មូលដ្ឋានស្រាវជ្រាវ នៃប្រទេសទាំងពីរ សហប្រតិបត្តិការគ្នាដើម្បីអភិវឌ្ឍ ផលិត និងចែកចាយវ៉ាក់សាំង និងថ្នាំព្យាបាលកូវីដ-១៩។ លោកប្រធានរដ្ឋ ក៏បានសម្ដែងចង់ឲ្យ​រដ្ឋាភិបាលស្វីសបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅស្វីស​ឲ្យ​បន្ត​រួមវិភាគទានយ៉ាង​សកម្មទៅក្នុងការអភិវឌ្ឍរបស់ស្វីស ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

leftcenterrightdel
លោក​ប្រធានរដ្ឋ Nguyen Xuan Phuc ជួបពិភាក្សា​ការងារ​ជាមួយប្រធានាធិបតីស្វីស លោក​ Guy Parmelin (រូបថត៖ vnanet.vn)

ជាការឆ្លើយតប ប្រធានាធិបតីស្វីស លោក Guy Parmelin បានវាយតម្លៃថា វៀតណាមជាដៃគូមួយដែលបានប្រើប្រាស់ដើមទុនជំនួយការអភិវឌ្ឍជាផ្លូវការ (ODA) ប្រកបដោយប្រសិទ្ធភាព ដូច្នេះរដ្ឋាភិបាលស្វីសបានសម្រេចចិត្តបន្តផ្ដល់ដើមទុន ODA ចំនួនជាង ៧៥,៦ លានដុល្លាអាមេរិកជូន​វៀតណាម ក្នុងដំណាក់កាល ២០២១-២០២៤ ដោយផ្តោតទៅលើវិស័យការពារបរិស្ថាន និងកែទម្រង់សេដ្ឋកិច្ច។

ចំពោះបញ្ហាអន្តរជាតិដែលជាកង្វល់រួម វៀតណាមនឹងគាំទ្រ ហើយត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់ដើម្បីជួយស្វីសបង្កើនទំនាក់ទំនងជាមួយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ចំពោះបញ្ហាសមុទ្រខាងកើតវិញ ស្វីសបានសង្កត់ធ្ងន់លើសារសំខាន់នៃការធានាសេរីភាពនាវាចរណ៍ ការគោរពច្បាប់អន្តរជាតិ ការដោះស្រាយជម្លោះដោយឈរលើការសន្ទនាប្រកបដោយតម្លាភាព និងការកសាងជំនឿទុកចិត្តផងដែរ៕

បកប្រែដោយ​ Duy Hoan