ក្នុងជំនួបនោះ លោក Nguyen Huy Tang បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា លោកពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខារពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

leftcenterrightdel
លោក Nguyen Huy Tang ជួបសវនាការជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី (រូបថត៖ vov.vn)

លោក Nguyen Huy Tang  ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងឱកាសនោះផងដែរ លោកឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសន្យាចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ថាក្នុងបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ លោក Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេលនេះ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃ។ល។

ជាចុងបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យ លោកឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងជូនពរឲ្យ លោក Nguyen Huy Tang ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

បកប្រែដោយ Thuy Anh