leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង (រូបថត៖​ vnanet.vn)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅវិមាន Matignon លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីបារាំង Jean Castex និងអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងឯកសាររវាងប្រទេសទាំងពីរ និងចូលរួមពិធីជប់លៀងផ្លូវការរបស់នាយករដ្ឋមន្ត្រីបារាំង។

បារាំងនឹងឧបត្ថម្ភវៀតណាមវ៉ាក់សាំងកូវីដ-១៩ ជាង ១,៣ លានដូសបន្ថែមទៀត

នៅក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានជម្រាបជូនអំពីស្ថានភាពនៃប្រទេសរៀងៗខ្លួន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងពីយុទ្ធសាស្ត្រប្រឆាំងការរីករាលដាលជំងឺកូវិដ-១៩ របស់វៀតណាមនាពេលបច្ចុប្បន្ន ទន្ទឹមនឹងការពន្លឿនការចាក់វ៉ាក់សាំង និងបង្កើនវិធានការជំរុញផលិតកម្មនិងការស្តារសេដ្ឋកិច្ចឡើងវិញ។ មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

លោកនាយករដ្ឋមន្ត្រី Jean Castex បានឲ្យដឹងថា ប្រទេសបារាំងនឹងជួយឧបត្ថម្ភវ៉ាក់សាំងកូវិដ-១៩ បន្ថែមចំនួន ៩៧០,០០០ ដូស តាមរយៈយន្តការ COVAX និងវ៉ាក់សាំង ៤០០,០០០ ដូស តាមរយៈសហប្រតិបត្ដិការទ្វេភាគី ដោយបូកសរុបចំនួនវ៉ាក់សាំងដែលគាំទ្រដល់ប្រទេសវៀតណាមឡើងដល់ជាង ២ លានដូស។

វៀតណាមមានបំណងចង់បានការគាំទ្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីបារាំង

leftcenterrightdel
នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបពិភាក្សាការងារ (រូបថត៖ vnanet.vn)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីទិសដៅ ក៏ដូចជាវិធានការសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរសម្រេចបានលទ្ធផលជាក់ស្តែងថែមទៀត និងជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តវិធានការជាក់ស្តែងដើម្បីបង្កើតលក្ខខណ្ឌបន្ថែមទៀតសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងគាំទ្រដល់អាជីវកម្មនិងទំនិញនៃប្រទេសទាំងពីរឲ្យចូលទីផ្សារគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រី Jean Castex បានស្នើឲ្យវៀតណាមបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបារាំងក្នុងការវិនិយោគ ក៏ដូចជាអនុវត្តគម្រោងសហប្រតិបត្តិការនៅវៀតណាម; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ; ជំរុញទំនាក់ទំនងរវាងស្ថាប័ននានានៃរដ្ឋសភាទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យបារាំងរក្សា និងជំរុញគម្រោងសុខាភិបាលបន្ថែមទៀត; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល រួមទាំងពង្រឹងការបង្រៀនភាសាបារាំង ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់និស្សិតវៀតណាម ដែលកំពុងសិក្សា និងស្រាវជ្រាវនៅប្រទេសបារាំង។

លោកនាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងសង្កត់ធ្ងន់ថា ប្រទេសនានាគួរតែរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្ម និងឆ្លៀតយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA); ពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងក្រុមហ៊ុន Vietjet Air និង Safran- ជាសាជីវកម្មបច្ចេកវិទ្យាខ្ពស់ជួរមុខលើពិភពលោករបស់បារាំង (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Jean Castex បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍វៀតណាមនៅបារាំង បង្កើតស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យបារាំងបន្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅបារាំង ជាពិសេសក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត។

* នៅចុងបញ្ចប់  នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចសន្យាសេដ្ឋកិច្ចធំៗ៕

បកប្រែដោយ Pham Diep