អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីប្រាប់អំពីអត្ថន័យ និងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅប្រទេសគុយបា និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ?

រដ្ឋមន្ត្រី Bui Thanh Son៖ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកប្រធានរដ្ឋ Nguyen Xuan Phuc មានអត្ថន័យជ្រាលជ្រៅជាច្រើន ដោយសម្រេចបានគ្រប់គោលដៅដែលបានកំណត់ និងនាំមកនូវលទ្ធផលគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកលើកកំពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។ នោះគឺ៖

ទីមួយ ដំណើរទស្សនកិច្ចការងារបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាម លើកទី ១៣ ការ​សម្របសម្រួលយ៉ាងជិតស្និទ្ធ និងស៊ីសង្វាក់គ្នានូវការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជន បង្ហាញ​សារ​ដ៏ខ្លាំងក្លាទៅកាន់ពិភពលោកអំពីគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាព ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្ម សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ វៀតណាមគឺជាមិត្តគួរឲ្យជឿទុកចិត្ត ជាសមាជិកសកម្ម និងមានការទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

ទីពីរ ដំណើរទស្សនកិច្ចការងារបានបញ្ជាក់ពីសាមគ្គីភាពស្មោះត្រង់ ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទាំងតាមរយៈការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជនរវាងវៀតណាម និងគុយបា។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក​ប្រធានរដ្ឋ Nguyen Xuan Phuc ទៅកាន់ប្រទេសគុយបាបានបង្កើតកម្លាំងចលករ និងសន្ទុះថ្មី ដើម្បីលើកកម្ពស់ចំណងមិត្តភាពជាប្រពៃណី និងពិសេសរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួវក្នុងបរិបទថ្មី។ ជាពិសេស ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារទូលំទូលាយ និង​បានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តរបៀបវារៈសេដ្ឋកិច្ចដំណាក់កាល​ ២០២១-២០២៥ រួម​ទាំង​​ឯកសារកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងជាច្រើនទៀត​ស្តីពីកសិកម្ម សុខាភិបាល យុត្តិធម៌ ប្រព័ន្ធផ្សព្វផ្សាយ ថាមពល ទេសចរណ៍...។ គួរឱ្យកត់សម្គាល់ថា បើទោះបីជាប្រភពវ៉ាក់សាំងក្នុងស្រុកមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាជនទាំងមូលក៏ដោយ ក៏ប្រទេសគុយបាបាន​​សន្យា​​ថានឹង​ផ្តល់វ៉ាក់សាំង Abdala ចំនួន ១០ លានដូស និងផ្ទេរបច្ចេកវិទ្យាផលិតទៅឱ្យប្រទេសវៀតណាម ហើយបានផ្តល់វ៉ាក់សាំងជូន ១ លានដូសនៅក្នុងដំណើរទស្សនកិច្ចនេះតែម្តង។ បក្ស រដ្ឋ និងប្រជាជន​វៀត​ណាម​ ទោះបីនៅមានការលំបាកជា​ច្រើនក្តី ក៏ប៉ុន្តែបានជួយឧមត្ថម្ភអង្ករចំនួន ២៣,០០០ តោនដល់ប្រជាជនគុយបា ចាប់តាំងពីមាន​​ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ​បានជួយឧបត្ថម្ភអង្ករចំនួន ៦,០០០ តោន សម្ភារៈបរិក្ខារពេទ្យ ពូជពោត និងកុំព្យូទ័រ ...

ទីបី ដោយមានភាពម្ចាស់ការក្នុងការចូលរួម និងថ្លែងសុន្ទរកថារបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ទាំងឡាយរបស់មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ រួមទាំងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀតរបស់អង្គការសហប្រជាជាតិនោះ​​ វៀតណាម​​​បន្តបញ្ជាក់យ៉ាងខ្លាំងក្លា និងច្បាស់លាស់ចំពោះមិត្តអន្តរជាតិអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព មានបំណងប្រាថ្នាអភិវឌ្ឍ មានទំនួលខុសត្រូវ និងរួមចំណែកជាវិជ្ជមាន និងស្ថាបនាក្នុងរាល់​បញ្ហាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោក ជាពិសេសការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអំឡុងពេល និងក្រោយ​ការរាតត្បាតសកល។ សារ និងសំណើទាំងឡាយរបស់លោកប្រធានរដ្ឋនៅឯបណ្តា​​កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិទទួលបានការចែករំលែក ការវាយតំលៃខ្ពស់ និងការគាំទ្រជាវិជ្ជមានពីសំណាក់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងដៃគូជាច្រើន។

ទីបួន វៀត​ណាម​បាន​ឆ្លៀតពេលដែល​ចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិដើម្បីជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស អង្គការអន្តរជាតិ និងអង្គភាពអាជីវម្ម ជាពិសេសដៃគូយុទ្ធសាស្ត្រសំខាន់ៗ និងមិត្តភក្តិប្រពៃណី ដោយហេតុនេះបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង​វិស័យ​​​ការបរទេស​រឹង​មាំ មាន​ស្ថិរភាព និងផ្តល់​អំណោយផលដល់​ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ​។

ក្នុងរយៈពេលជាង ៣ ថ្ងៃនៅទីក្រុងញូវយ៉ក លោកប្រធានរដ្ឋបានជួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងអង្គការអន្តរជាតិធំៗ​ជាច្រើនដូចជា អង្គការសហប្រជាជាតិ WB, IMF រួមជាមួយជំនួបប្រហែល ២០ ជាមួយក្រុមហ៊ុនធំៗ ជិត ៥០ នៅលើពិភពលោក។

ទីប្រាំ វៀតណាមបានទាញយកប្រកបដោយប្រសិទ្ធភាពនូវការជួយគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេស​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូប​ថត៖ vnanet.vn)

ការ​ស្នើ​ឲ្យ​​​​ជួយ​ផ្តល់​​វ៉ាក់សាំង និងជួយ​គាំ​ទ្រ​ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺគឺជាប្រធានបទជាប្រចាំនៅក្នុងកិច្ចប្រជុំ និងជំនួបទាំងឡាយរបស់វៀត​ណាម​នៅគ្រប់លំដាប់ថ្នាក់ទាំងអស់។ ក្រៅពីលើវ៉ាក់សាំង Abdala របស់គុយបាចំនួន ១ លានដូសដែលត្រូវបានបញ្ជូនទៅស្រុកវិញតាមយន្ដហោះរបស់ប្រធានរដ្ឋនោះ ក៏មានដៃគូជាច្រើនបានសន្យាជួយឧបត្ថម្ភ និងលក់វ៉ាក់សាំងជូនវៀតណាមដូចជា៖ កូរ៉េខាងត្បូងបានសន្យាថានឹងជួយគាំទ្រ ហើយនឹងផ្តល់វ៉ាក់សាំងជាង ១ លានដូស នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២១; ហុងគ្រីបានសន្យាផ្តល់វ៉ាក់សាំងចំនួន ៤០០,០០០ ដូស ជាភ្លាមៗ ...។ ក្រៅពីវ៉ាក់សាំង គណៈប្រតិភូវៀតណាមបានជម្រុញដៃគូជាច្រើនឲ្យជួយគាំទ្រសម្ភារៈបរិក្ខារពេទ្យដូចជា ក្រុមហ៊ុន Northwestern Medicine បាន​ជួយគាំទ្រសំភារៈបរិក្ខារពេទ្យដែលមានតម្លៃ ៣,៨ លានដុល្លារអាមេរិក, ក្រុមហ៊ុន Thermo Fisher បាន​ផ្តល់ជូនឧបករណ៍តេស្តចំនួន ២៧០,០០០ គ្រឿង ដែលមានតម្លៃ ២ លានដុល្លារ; លោក David Duong គឺអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក​បានជួយឧបត្ថម្ភម៉ាស៊ីនជំនួយផ្លូវដង្ហើម​ចំនួន ១០០០ គ្រឿង ...

លើសពីនេះ ការជួបជាមួយក្រុមហ៊ុនសាជីវកម្មឈានមុខគេជាច្រើនបានជំរុញឱ្យបណ្តាក្រុមហ៊ុនសាជីវកម្មទាំងនេះចុះហត្ថលេខាលើកិច្ចសន្យា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយបណ្តាសហគ្រាសវៀតណាមក្នុងអំឡុងពេលនៃ​ដំណើរទស្សនកិច្ចនេះ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការជឿទុកចិត្ត ជម្រុញឲ្យសហគមន៍ធុរកិច្ចអន្តរជាតិរក្សា និងបង្កើនការវិនិយោគចូលមកវៀតណាម និងរួមចំណែកជាក់ស្តែងក្នុងការអនុវត្តទិសដៅដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០៣០ ។

អ្នកយកព័ត៌មាន៖ ដោយពង្រីកលទ្ធផលនៃដំណើរទស្សនកិច្ចនេះ និងរយៈពេល ២ ឆ្នាំក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តើវៀតណាមនឹងបន្តរួមចំណែកអ្វីខ្លះដល់អង្គការសហប្រជាជាតិ និងការងាររួមរបស់ពិភពលោក?

លោករដ្ឋមន្ត្រី Bui Thanh Son ៖ លទ្ធផលក្នុងរយៈពេលជិត ២ ឆ្នាំក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងដំណើរទស្សនកិច្ចការងារនេះរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្ស និងរដ្ឋរបស់វៀតណាម ដែលស្របទៅនឹងគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាព​ ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្ម ការ​ជម្រុញ និងការលើកកម្ពស់ការទូតពហុភាគី។

លទ្ធផលទាំងនេះបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ជាច្រើន តាមរយៈនោះកិច្ចការបរទេស និងការទូតរបស់វៀតណាមកាន់តែមានភាពចាស់ទុំឡើង ឆ្ពោះទៅរកការទូតគ្រប់ជ្រុងជ្រោយ និងទំនើប។

ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិរួមចំណែកយ៉ាងសំខាន់ និងប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើឱ្យស៊ីជម្រៅថែម​ទៀត​នូវ​ទំនាក់ទំនងជាមួយបណ្តាប្រទេសដៃគូ និងអង្គការ វេទិកាពហុភាគីផ្សេងទៀត ដោយហេតុនេះបានរួមចំណែកដល់ការរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ការកៀរគរធនធានអន្តរជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់តួនាទីរបស់ប្រទេសជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្រ្តី!

បកប្រែដោយ Duy Hoan