មានប្រសាសន៍បើកសម័យប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានរំលឹកពីលទ្ធផលលេចធ្លោនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ វិភាគបរិបទនៃស្ថានភាពអន្តរជាតិ តំបន់ និងក្នុងស្រុកដោយសង្ខេបនូវទិដ្ឋភាពទូទៅនៃគោលបំណង និងភារកិច្ចរបស់រដ្ឋសភា និងសមាជិករដ្ឋសភានីតិកាលទី ១៥ ។

leftcenterrightdel
សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ ត្រូវបានបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា

ថ្លែងមតិក្នុងពិធីបើកសម័យប្រជុំនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានរំលឹកឡើងវិញនូវចំណុចសំខាន់ៗ និងសមិទ្ធផលគួរឱ្យកត់សម្គាល់របស់រដ្ឋសភាវៀតណាម ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក និងបានចង្អុលបង្ហាញនូវភារកិច្ចដែលរដ្ឋសភានីតិកាលទី ១៥ ត្រូវអនុវត្តនាពេលខាងមុខ។  លោកអគ្គលេខាបក្សបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី ១៥ ពិតជានឹងបន្តកែលម្អការរៀបចំ និងរបៀបប្រតិបតិ្តការ ហើយនិងសម្រេចបាននូវលទ្ធផលសំខាន់ៗចូលរួមវិភាគទានកាន់តែច្រើនក្នុងដំណើរការផ្លាស់ប្តូរថ្មី និងពន្លឿនដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្ម នាំឱ្យប្រទេសជាតិវៀតណាមកាន់តែបោះជំហានទៅមុខយ៉ាងលឿន។

* នៅរសៀលថ្ងៃទី ២០ ខែកក្កដា រដ្ឋសភាបានបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាតាមរយៈការបោះឆ្នោតបិទជិត។ ជាលទ្ធផលទទួលបាន លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥ សាជាថ្មីម្តងទៀត។

នៅរសៀលថ្ងៃដដែលនេះ រដ្ឋសភាក៏បានបោះឆ្នោតជ្រើសរើសអនុប្រធានរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតាមរយៈការផ្តល់សំឡេងតាមប្រព័ន្ធអេឡិចត្រូនិក។ ជាលទ្ធផលដោយមានការមូលមតិគ្នាខ្ពស់ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោក Tran Thanh Man, Nguyen Duc Hai, Nguyen Khac Dinh និង Tran Quang Phuong ជាអនុប្រធានរដ្ឋសភា នីតិកាលទី ១៥។ គួរឱ្យចាប់អារម្មណ៍គឺ នៅពេលដែលត្រូវបានឧទ្ទេសនាមជាបេក្ខជនសម្រាប់ការបោះឆ្នោតជាអនុប្រធានរដ្ឋសភានោះ លោកឧត្តមសេនីយ៍ឯក Tran Quang Phuong គឺជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។

នៅវេលាម៉ោងបំណាច់រសៀលថ្ងៃដដែល រដ្ឋសភាបានចាត់វិធានការជ្រើសរើសអគ្គលេខាធិការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិ និងប្រធានគណៈកម្មការនានានៃរដ្ឋសភា និងអគ្គសវនកររដ្ឋ៕

* នៅថ្ងៃទី ២១ ខែកក្កដា រដ្ឋសភាបន្តការងាររបស់ខ្លួន៕

បកប្រែដោយ Minh Trung