ក្នុងរយៈពេលមួយឆ្នាំកន្លះ  ជំងឺរាតត្បាត Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោកដែលបណ្តាលឱ្យភាពអត់ការងារធ្វើកើនឡើង និងចំណូលធ្លាក់ចុះនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែមិនមានគ្រោះមហន្តរាយណាកើតឡើងទេ។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg នាថ្ងៃទី ៣ ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងត្រូវបានស្ដារឡើងវិញជាបណ្ដើរៗ។

leftcenterrightdel
តំណាងក្រសួងការពារប្រទេសវៀតណាមផ្ដល់សំភារៈបរិក្ខារពេទ្យជូនស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំ​វៀត​ណាមនាខែមីនា ឆ្នាំ ២០២០

រួមចំណែកក្នុងភាពជោគជ័យខាងលើនេះគឺការផលិតវ៉ាក់សាំង Sputnik V ប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការជំងឺ Covid-19 ។ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ប្រទេសនេះមិនត្រឹមតែបង្កើតនូវបច្ចេកវិទ្យាដ៏វិសេសវិសាលនិងបង្កើនការផលិតវ៉ាក់សាំង Covid-19 យ៉ាងឆាប់រហ័សក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានជួយដល់ដៃគូបរទេសក្នុងការផលិតវ៉ាក់សាំង រួមទាំងវៀតណាមផងដែរ។ ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ជាវិស័យសហប្រតិបត្ដិការថ្មី និងសំខាន់រវាងរុស្ស៊ី និងវៀតណាមក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ក្រៅពីការផ្គត់ផ្គង់សំភារៈវេជ្ជសាស្រ្ត ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍លើការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារ Covid-19 ... ប្រការនេះបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមកនៅពេលដែលប្រទេសនីមួយៗជួបប្រទះការលំបាកនិងឧបសគ្គ។

ជាក់ស្តែងក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២១) សហព័ន្ធរុស្ស៊ីចាត់ទុកវៀតណាមជាដៃគូសំខាន់មួយរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទោះបីទទួលរងឥទ្ធិពលនៃការរីករាលដាល Covid-19 ក៏ដោយ ក៏ការសន្ទនានយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ ទន្ទឹមនឹងនោះ កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ក៏ដូចជាក្រុមការងារវៀតណាមរុស្ស៊ីលើវិស័យកសិកម្មនៅតែបន្តរក្សាបានដែរ ... យោងតាមការស្ថិតិបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២០ បានឈានដល់ ៥,៧ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៥% បើប្រៀបធៀបនឹងឆ្នាំ ២០១៩) ។ គិតត្រឹមក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាមសម្រេចបាន ១,៤ ពាន់លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការការពារជាតិជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងរុស្ស៊ី។ ព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍លេចធ្លោក្នុងឆ្នាំ ២០២០ គឺការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ដែលក្នុងនោះ ក្រសួងការពារប្រទេសវៀតណាមបានចាត់បញ្ជូនសមាជិកទៅចូលរួមក្នុងការប្រកួតនេះ។ សម្រាប់វិស័យបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា ២០២០-២០២១ សហព័ន្ធរុស្ស៊ីបានផ្តល់អាហារូបករណ៍ដល់វៀតណាមចំនួន ៩៦៥ កន្លែង និងអាហារូបករណ៍ចំនួន ១,០០០ ទៀតសម្រាប់ឆ្នាំសិក្សាបន្ទាប់។

ក្នុងទិដ្ឋភាពអន្តរជាតិ ភាគីទាំងពីរបានគាំទ្រការបង្កើតពិភពលោកពហុប៉ូល យុត្ដិធម៌ដោយផ្អែកលើបទដ្ឋាននៃច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រជាជាតិនីមួយៗ។ ភាគីទាំងពីរបានសហការដោយមានប្រសិទ្ធិភាពនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅពេលដែលប្រទេសវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ...។

ក្នុងបទថ្លែងនៅសិក្ខាសាលាក្រោមប្រធានបទ  "រយៈពេល ២ ទសវត្សរ៍នៃមិត្ដភាព និងរយៈពេល ២ ទសវត្សរ៍នៃដៃគូយុទ្ធសាស្ដ្រ” ដែលធ្វើឡើងនាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ លោក V.V.Bublikov ភារធារីស្ដីទីរុស្ស៊ីប្រចាំវៀតណាម  បានបញ្ជាក់ជាថ្មីម្តងទៀតថា បន្ទាប់ពីរយៈពេលជាង ៧០ ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម - សូវៀត / រុស្ស៊ីមិនទទួលរងការប៉ះពាល់ដោយកាលៈទេសៈណាមួយឡើយ។ សហព័ន្ធរុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូនិងជាមិត្តដែលគួរឲ្យទុកចិត្តបានទាំងក្នុងអតីតកាល ទាំងបច្ចុប្បន្ននិងទាំងអនាគត៕

បកប្រែដោយ Pham Diep