ពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម - គុយបាឱ្យកាន់តែស៊ីជម្រៅនិងចីរភាព
កប.អនឡាញ - នាថ្ងៃទី ៥ ឧសភា អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Miguel Díaz-Canel Bermúdez លេខាទី ១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា។
    |
 |
លោក Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Miguel Díaz-Canel Bermúdez លេខាទី ១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា (រូបថត៖ vnanet.vn) |
នៅក្នុងជំនួបសន្ទនានេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោក Miguel Díaz-Canel Bermúdez ដែលត្រូវបានជ្រើសតាំងជាលេខាទី ១ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា។ ព្រមទាំងលោកសម្តែងនូវការជឿជាក់ថា បក្សកុម្មុយនិស្តគុយបាដឹកនាំដោយលោក Miguel Díaz-Canel Bermúdez នឹងបន្តដឹកនាំប្រជាជនគុយបាបងប្អូនជំនះរាល់ការលំបាក ឧបសគ្គនិងអនុវត្តដោយជោគជ័យនូវគោលដៅនិងគោលនយោបាយរបស់មហាសន្និបាតលើកទី ៨ និងកសាងប្រទេសគុយបាប្រកបដោយវិបុលភាពនិងចីរភាព។
លោក Miguel Díaz-Canel Bermúdez បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំបក្សរដ្ឋនិងប្រជាជនវៀតណាមដែលផ្ដល់ជូនបក្សរដ្ឋនិងប្រជាជនគុយបា និងរូបលោកផ្ទាល់ និងលោក Raúl Castro ព្រមទាំងលោកអះអាងថា ការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទអបអរសាទរមហាសន្និបាតលើកទី ៨ របស់បក្សកុម្មុយនិស្តគុយបា បានបង្ហាញទំនាក់ទំនងមិត្ដភាពពិសេស ស្អិតរមួត និងទុកចិត្ដគ្នារវាងបក្សទាំងពីរ រដ្ឋទាំងពីរវៀតណាម - គុយបា។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំថ្មីរបស់គុយបានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងគុយបា - វៀតណាមដែលកសាងនិងពូនជ្រំដោយមេដឹកនាំ Fidel Castro និងលោកប្រធានហូជីមិញ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់បន្តពង្រឹងទំនាក់ទំនងមិត្តភាពពិសេសថែមទៀតរវាងបក្សទាំងពីរនិងរដ្ឋទាំងពីរវៀតណាម - គុយបា។ លោកអគ្គលេខាបក្ស Nguyen Phu Trong ជំទាស់ចំពោះគោលនយោបាយដាក់ទណ្ឌកម្ម និងប្រឆាំងនឹងប្រទេសគុយបា។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយគុយបាក្នុងដំណើរការផ្លាស់ថ្មី ព្រមទាំងលោកស្នើថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវបន្តសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យទំនាក់ទំនងវៀតណាម - គុយបា កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងចីរភាព៕
បកប្រែដោយ Thanh Cong