លោកប្រធានាធិបតី V. Putin បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម, អបអរសាទរលោក Nguyen Phu Trong ដែលបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣, អបអរសាទរលោក Nguyen Xuan Phuc ដែលបានបោះឆ្នោតជ្រើសតាំងជាប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

leftcenterrightdel
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានជម្រាបជូនលោកប្រធានាធិបតី V. Putin អំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាសមិទ្ធិផលដែលវៀតណាមសម្រេចបានបន្ទាប់ពីការផ្លាស់ប្តូរក្នុងរយៈពេល ៣៥ ឆ្នាំ និងចក្ខុវិស័យ គោលដៅ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលបន្តបន្ទាប់ ក៏ដូចជាលក្ខណៈសំខាន់ៗក្នុងគោលនយោបាយការបរទេស ដែលបានលើកឡើងក្នុងមហាសន្និបាតលើកទី ១៣។ លោកអគ្គលេខាបក្សបានអះអាងថា បក្ស និង រដ្ឋវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ច ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី។ លោកក៏បានសម្តែងនូវគោលបំណងថា ទំនាក់ទំនង វៀតណាម-រុស្ស៊ី នឹងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានាធិបតី V. Putin បានពិភាក្សាអំពីស្ថានភាពនៅប្រទេសនីមួយៗនាពេលថ្មីៗនេះ ព្រមទាំងសម្តែងនូវក្តីរីករាយចំពោះសមិទ្ធិផលដែលភាគីទាំងពីរសម្រេចបាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគី វៀតណាម-រុស្ស៊ី បានអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងចាត់វិធានការជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ ថាមពល ប្រេង និងឧស្ម័ន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

ភាគីទាំងពីរបានចែករំលែកទស្សនៈរួមស្តីពីភាពចាំបាច់ត្រូវកសាងទំនាក់ទំនងអន្តរជាតិប្រកបដោយសុខសន្តិភាព ការគោរពគ្នាទៅវិញទៅមក មិត្តភាព សមភាព កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា និងដោយសន្តិវិធីក្នុងបរិបទអន្តរជាតិបច្ចុប្បន្ននេះ។ ភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang