leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីនៃសម័យប្រជុំបើកទូលាយថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយដែលមានបញ្ហាប្រឈមជាច្រើនលើពិភពលោកនិយាយរួម និងវេទិកាពហុភាគីនិយាយដោយឡែក។ ផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាល Covid-19 លើគ្រប់ទិដ្ឋភាពក្នុងជីវភាពអន្តរជាតិដែលតម្រូវឲ្យប្រទេសទាំងអស់កែសំរួលអាទិភាពក្នុងប្រទេស ក៏ដូចជាកិច្ចការបរទេសដើម្បីឆ្លើយតបនិងស្តារឡើងវិញ។

បញ្ជាក់កិត្យានុភាពអន្តរជាតិ

ក្នុងបរិបទដែល“ ពោរពេញទៅដោយភាពច្របូកច្របល់” នោះ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមបានរួមចំណែកក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខដោយឈរលើស្មារតីឯករាជ្យ ស្វ័យភាព ទទួលខុសត្រូវនិងតុល្យភាព ហើយបង្ហាញច្បាស់នូវជំហរគាំទ្រចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ វៀតណាមក៏បានគាំទ្រការស្វែងរកដំណោះស្រាយជម្លោះនៅក្នុងតំបន់និងអន្តរជាតិតាមរយៈការចរចាដោយសន្តិវិធី។

យោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអោយដឹងថា វៀតណាមបាន“ ទទួលចំណាប់អារម្មណ៍” ពីមិត្ដភក្ដិអន្ដរជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍ចំនួនពីរគឺការពិភាក្សាបើកទូលាយក្នុងការ“ ជំរុញការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” ក្នុងខែមករា ឆ្នាំ ២០២០ ដែល​វៀត​ណាមទទួលតួនាទីជាប្រធានដោយមានការចូលរួមពីវាគ្មិនជាច្រើនមិនធ្លាប់មានពីមុនមកគឺចំនួន ១១១ នាក់ មកពី ១០៦ ប្រទេស និងបានអនុម័តសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាសន្ដិសុខស្ដីពីការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងកិច្ចប្រជុំស្តីពី “កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ អង្គការតំបន់និងអនុតំបន់ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ”។ ទន្ទឹមនឹងនេះ វៀតណាមក៏បានបញ្ចប់ការងារតាមកាលកំណត់នៅពេលបំពេញភារកិច្ចជាប្រធានក្រុមប្រឹក្សាសន្តិសុខ។

អនុរដ្ឋមន្ត្រី លោក Le Hoai Trung បានវាយតម្លៃថា ដោយមកពីការចូលរួមនិងការរួមចំណែកវិជ្ជមាននោះ វៀតណាមបានបញ្ជាក់កិត្យានុភាពអន្តរជាតិរបស់ខ្លួនដោយបានអនុវត្តនូវបញ្ហាអាទិភាពនិងតភ្ជាប់តួនាទីជាប្រធានអាស៊ានជាមួយក្រុមប្រឹក្សាសន្តិសុខ និងលើកកម្ពស់មុខមាត់របស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ។

ការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យនៃព្រឹត្តិការណ៍សំខាន់ៗដែលត្រូវបានស្វាគមន៍និងវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិនិងប្រទេសទាំងឡាយ តាមរយៈនោះ វៀតណាមបានបង្ហាញសមត្ថភាពនិងលទ្ធភាពចូលរួមនិងការរួមចំណែករបស់ខ្លួននៅវេទិកាពហុភាគី។

ឆ្ពោះទៅមុខ "គឺជំនះខ្លួនឯង"

ស្ថានភាពនយោបាយ - សន្តិសុខ សេដ្ឋកិច្ច -សង្គមពិភពលោកឆ្នាំ ២០២១ ត្រូវបានគេព្យាករណ៍ថា នឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ក្រុមប្រឹក្សាសន្តិសុខនឹងបន្តដោះស្រាយចំនួនការងារដ៏ច្រើនជាមួយនឹងបញ្ហាលំបាកជាច្រើន។

ចំពោះអាស៊ាន ក្នុងឆ្នាំខាងមុខ វៀតណាមគឺជាប្រទេសអាស៊ានតែមួយគត់ក្នុងក្រុមប្រឹក្សាសន្តិសុខ អាស្រ័យហេតុនេះ វៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់តួនាទី និងមុខមាត់របស់អាស៊ាននៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសលើវិស័យរក្សាសន្តិភាព។ វៀតណាមនឹងលើកកម្ពស់តួនាទីរបស់អាស៊ាន ក្នុងការខិតខំរួមគ្នាក្នុងការទប់ស្កាត់ជម្លោះ ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា វៀតណាមបានត្រៀមខ្លួនប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលនៃ Covid-19 និងជម្លោះទាំងឡាយ ក៏ដូចជាបញ្ហាសង្គមដ៏ស្មុគស្មាញ និងពិបាកដោះស្រាយដែរ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឱ្យដឹងថា ក្នុងឆ្នាំខាងមុខនេះ ប្រទេសមហាអំណាចទាំងឡាយនឹងមានការកែសំរួលគោលនយោបាយ អាស្រ័យហេតុនេះនឹងនាំមកនូវកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមនានាដែលតម្រូវឱ្យបណ្តាប្រទេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា ចំណុចសំខាន់សម្រាប់វៀតណាមគឺត្រូវតែពង្រឹងសាមគ្គីភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ការពារផលប្រយោជន៍ដ៏ប្រសើរបំផុតរបស់ប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាព និងតួនាទីរបស់​វៀតណាមមិនត្រឹមតែនៅក្នុងក្រុមប្រឹក្សាសន្តិសុខប៉ុណ្ណោះទេ ថែមទាំងក្នុងសហគមន៍ពិភពលោកទាំង ១៩៣ ប្រទេសទៀត​ផង។

នៅខែមេសាឆ្នាំ ២០២១ ខាងមុខនេះ វៀតណាមនឹងទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខប្ដូរវេនជាលើកទី ២ ហើយក៏ជាលើកចុងក្រោយក្នុងអាណត្តិរបស់ខ្លួនដែរ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ពីព្រោះវៀតណាមមានបំណងចង់ទទួលបានជោគជ័យធំជាងជោគជ័យជាលើកដំបូងដែលវៀតណាមទទួលតួនាទី​ជាប្រធានក្រុមប្រឹក្សាសន្ដិសុខកាលពីខែមករាឆ្នាំ ២០២០៕

បកប្រែដោយ Pham Diep