ក្នុងសម័យសង្គ្រាម ព្រលានយន្តហោះ Bien Hoa គឺជាកន្លែងផ្ទុក និងផ្តត់ផ្គង់សារធាតុគីមីពុលឌីអុកស៊ីន។ ព្រលានយន្តហោះនេះត្រូវបានចាត់ទុកថាជាចំណុចក្តៅនៃការបំពុលសារធាតុគីមីពុលឌីអុកស៊ីនធំបំផុតនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅលើពិភពលោក។

កាលពីឆ្នាំ ២០១៦ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងស្ថាប័នមានសមត្ថកិច្ចវៀតណាមដទៃទៀតបានបញ្ចប់ការវាយតម្លៃលើការបំពុលសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ។ លទ្ធផលបានបង្ហាញថា មានផ្ទៃដីជាង ៥២ ហិកតា ដោយមានដី និង​ដីកករជាង ៥០០,០០០ ម៉ែត្រគូប ផ្ទុកសារធាតុគីមីពុលឌីអុកស៊ីនដែលត្រូវការសម្អាត។ បរិមាណដី និងដីកករដែលបំពុលដោយសារធាតុគីមីពុលឌីអុកស៊ីនក្នុងតំបន់នេះគឺខ្ពស់ជាងបរិមាណដែលបានសម្អាតហើយនៅព្រលានយន្តហោះ Da Nang។

leftcenterrightdel
តំបន់ដែលមានសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa (រូបថតឧទាហរណ៍៖ vnanet.vn)

បន្ទាប់មក ទីភ្នាក់ងារ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងការពារប្រទេសវៀតណាមដោយសន្យាផ្តល់ហិរញ្ញប្បទានដល់ការសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅក្នុងតំបន់អាកាសយានដ្ឋាន Bien Hoa  ដោយប្រើវិធីសំអាតដូចដែលបានអនុវត្តនៅព្រលានយន្តហោះ Da Nang។

គម្រោងសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa  មានថវិកាសរុបជាង ៣៩០ លានដុល្លារ ហើយត្រូវបានអនុវត្តក្នុងរយៈពេលប្រមាណ ១០ ឆ្នាំ។ ក្នុងនោះ ថវិកាសម្រាប់ដំណាក់កាលដំបូងមានចំនួនជាង ១៨០ លានដុល្លារអាមេរិកពីជំនួយឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងថវិកាបដិភាគពីមូលនិធិសម្រាប់បរិស្ថានរបស់វៀតណាម។

បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការអនុវត្ត គម្រោងនេះបានជីកនិងយកដីកករជិត ១,២០០ ម៉ែត្រគុបដែលផ្ទុកសារធាតុគីមីពុលឌីអុកស៊ីន។ ឈូសឆាយ និងសំអាតផ្ទៃដីនៃបឹងនៅច្រក​ទី ២ ដោយមានទំហំជាង ៥,៣០០  ម៉ែទ្រការ៉េ ដោយឆ្លើយតបតាមស្តង់ដាររបស់វៀតណាម ធានាសុវត្ថិភាពសម្រាប់ទាំងមនុស្ស និងបរិស្ថាន។

ផ្ដើមចេញពីលទ្ធផលនេះ នាពេលខាងមុខនេះ ស្ថាប័នមានសមត្ថកិច្ចវៀតណាមនៅតែបន្តប្រគល់តំបន់ដែលមានសារធាតុគីមីពុលឌីអុកស៊ីននៅខាងក្នុងនៃ​អាកាសយានដ្ឋាន Bien Hoa (ផ្ទៃដីសរុបជាង ៧ ហិកតា) ឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិធ្វើការសំអាតបន្សាបជាតិពុល​។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការដឹកនាំលេខ ៧០១ (គណៈកម្មការដឹកនាំថ្នាក់ជាតិសម្រាប់ការជំនះផលវិបាក់គ្រាប់បែក គ្រាប់មីន និងសារធាតុគីមីពុលនៅវៀតណាមក្រោយសង្គ្រាម) (រូប​ថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានមានប្រសាសន៍ថា៖ ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក ដោយមានការខិតខំប្រឹងប្រែងពីស្ថាប័នសមត្ថកិច្ចរបស់វៀតណាម និងទីភ្នាក់ងារ USAID ការសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងខ្លាំង ដោយបង្កើតជាមូលដ្ឋានសម្រាប់ប្រទេសវៀតណាម និងសហរដ្ឋអាមេរិកចូលរួមក្នុងការសម្អាតដី និងដីកករដែលផ្ទុកសារធាតុគីមីពុលឌីអុកស៊ីនជាង ៥០០,០០០ ម៉ែត្រគូប នៅអាកាសយានដ្ឋាន។ ក្នុងដំណើរការសំអាតជាតិពុលនៅអាកាសយានដ្ឋាន Bien Hoa  បច្ចេកវិទ្យាសម្អាតសារធាតុគីមីពុលឌីអុកស៊ីនដែលបាន​ធ្វើតេស្ត​​មានប្រសិទ្ធភាពខ្ពស់។ នេះបង្ហាញថាសហរដ្ឋអាមេរិកមានទំនួលខុសត្រូវក្នុងការជំនះផលវិបាកនៃសង្គ្រាមនៅវៀតណាមនិយាយរួម និងនៅព្រលានយន្តហោះ Bien Hoa និយាយដោយឡែក។

យោងតាមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០២១ ទីភ្នាក់ងារនេះនឹងផ្តោតលើការសំអាតជាតិឌីអុកស៊ីតនៅក្នុងអាកាសយានដ្ឋាន Bien Hoa ជាពិសេសតំបន់ច្រកទី ២ និងផ្នែកខាងលិចនៃព្រលានយន្តហោះ ដោយសារតំបន់ ២ នេះស្ថិតនៅជិតតំបន់លំនៅដ្ឋានដែល​មានហានិភ័យនៃការលេចធ្លាយសារធាតុគីមីពុលឌីអុកស៊ីនចេញទៅខាងក្រៅ។ ដើម្បីឱ្យការសំអាតសារធាតុគី​មី​ពុ​ល​ឌី​អុ​ក​ស៊ី​នប្រព្រឹត្តទៅដោយរលូននោះ ទីភ្នាក់ងារ USAID នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន​មានសមត្ថកិច្ចរបស់វៀតណាមក្នុងការផ្តល់ទីតាំង និងចាត់វិធានការសំអាតសារធាតុគីមីពុលតាមជំហាននិមួយៗ។

យោងតាមលោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំវៀតណាម គម្រោងសំអាតសារធាតុគីមីពុលឌីអុកស៊ីនគឺជាការបន្តគម្រោងកិច្ចសហប្រតិបត្តិការដែលទទួលបានជោគជ័យរវាងវៀតណាម និងសហរដ្ឋអាមេរិកក្នុងការសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Da Nang ។ នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយផងដែរសំដៅសម្រេចខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងអាមេរិក។ ការសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa គឺជាចំណុចភ្លឺដែលបង្ហាញនូវកិច្ចសហប្រតិបត្តិការរឹងមាំ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយឆ្លើយតបនឹងសេចក្តីប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Daniel J. Kritenbrink ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម

យោងតាមក្រសួងការពារប្រទេសវៀតណាម ដើម្បីជំនះនូវផលវិបាកនៃសារធាតុគីមីពុលក្រោយពីសង្គ្រាម ក្រៅពីការសំអាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa ចាប់ពីឆ្នាំ ២០១៩ មក ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងមជ្ឈមណ្ឌលសកម្មភាពជាតិស្តីពីការជំនះផលវិបាកនៃសារធាតុគីមីពុល បានធ្វើការស្រាវជ្រាវ និងសំរេចចិត្តធ្វើវិនិយោគលើគំរោងជួយឧបត្ថម្ភជនពិការនៅប្រទេសវៀតណាមក្នុងខេត្តចំនួន ៨ រួមមាន ខេត្ត Quang Binh, Binh Dinh, Thua Thien Hue, Tay Ninh, Dong Nai, Quang Tri, Kon Tum និង Binh Phuoc ។ គម្រោងនេះនឹងជួយឧបត្ថម្ភ និងផ្តល់ផលប្រយោជន៍ដល់ជនពិការប្រមាណ  ១ សែននាក់ និងក្រុមគ្រួសាររបស់ពួកគេ ។ ថវិកាសម្រាប់ការអនុវត្តគម្រោងនេះរួមមាន ៦៥ លានដុល្លារនៃមូលនិធិ ODA ឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង ៧៥ ពាន់លានដុង​ពីថវិកាបដិភាគរបស់វៀតណាម។

ការជំនះផលវិបាកនៃសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាមគឺជាបញ្ហាលំបាក និងយូរអង្វែង។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម រដ្ឋាភិបាលអាមេរិកក៏ត្រូវការបង្កើនការជួយគាំទ្រ រួមចំណែកដោះស្រាយបញ្ហាក្រោយសង្គ្រាម និងនាំទំនាក់ទំនងទ្វេភាគីឡើងកំរិតកម្ពស់ថ្មីមួយទៀត៕

បកប្រែដោយ Duy Hoan