leftcenterrightdel
លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំ​នៅទីក្រុងហ្សឺណែវ (រូប​ថត៖ vnanet.vn)

ថ្លែងនៅកិច្ចប្រជុំនេះ លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព និងជាប្រធាននៃស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំ​នៅទីក្រុងហ្សឺណែវបានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលក្នុងការកែទម្រង់រចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍របស់មីយ៉ាន់ម៉ា ក្នុងប៉ុន្មានឆ្នាំកន្លងមក។ ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្ម-វិនិយោគ ធំបំផុតទាំង​១០​របស់​មីយ៉ាន់ម៉ា វៀតណាមមានបំណងចង់បង្កើន​ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយមីយ៉ាន់ម៉ានាពេលខាងមុខ។

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai បានអះអាងថា ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងវៀតណាម និងមីយ៉ាន់ម៉ា ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដែល​បានដំឡើងទៅ​​ជាទំនាក់ទំនង​ភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ វៀតណាមស្វាគមន៍មីយ៉ាន់ម៉ាដោយបានចូលរួមយ៉ាងសកម្មក្នុងដំណើរការធ្វើ​សមាហរណកម្មក្នុងតំបន់ ជាពិសេសគឺការរួមដំណើរជាមួយបណ្តា​ប្រទេសអាស៊ាន កូរ៉េខាត្បូង ជប៉ុន នូវែលហ្សេឡង់ អូស្ត្រាលី និងចិន សម្រេចរួចរាល់ការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។ ព្រមទាំង​ ​វៀតណាម​ជូនពរ​មីយ៉ាន់ម៉ាឱ្យទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំ​ពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ៕

បកប្រែដោយ Duy Hoan