ទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់កំពុងរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាល្លឺម៉ង់ (២៣ កញ្ញា ១៩៧៥ / ២៣ កញ្ញា ២០២០) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសរសេអត្ថបទមួយស្តីពីទំនាក់ទំនងជិតស្និទ្ធជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាល្លឺម៉ង់នាពេលកន្លងមក។ កាសែតកងទ័ពប្រជាជនសូមចុះផ្សាយអត្ថបទនេះទាំងស្រុងដូចតទៅ៖
នៅឆ្នាំ ២០២០ វៀតណាម និងអាឡឺម៉ង់ប្រារព្ធខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត។ ឆ្លងកាត់ប្រវត្តិសាស្ត្រដែលមានការប្រែប្រួលជាច្រើន កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់ក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមកនេះបានបន្តអភិវឌ្ឍយ៉ាងទូលំទូលាយស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ ការរំលឹកទិវាបង្កើតទំនាក់ទំនងការទូតគឺជាឱកាសសម្រាប់យើងរំលឹកឡើងវិញនូវដំណើរដែលបានឆ្លងកាត់ និងរួមគ្នាជឿជាក់លើអនាគតដ៏ភ្លឺស្វាង នៃទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់។
ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម - អាឡឺម៉ង់ តែងតែបង្ហាញនូវការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យទាំងនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ... ការផ្លាស់ប្តូរគណៈប្រតិភូបានប្រព្រឹត្តទៅយ៉ាងញឹកញាប់នៅគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន ក្រសួង និងមូលដ្ឋាន។ សកម្មភាពការបរទេសរបស់បក្ស និងរដ្ឋសភា កិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ... ការឯកភាពគ្នាលើឆន្ទៈ និងឯកសារទាំងឡាយដែលសម្រេចបានតាមរយៈដំណើទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរគឺជាគំនាស់ដ៍សំខាន់សម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។ ជាពិសេស សេចក្តីថ្លែងការណ៍ក្រុងហាណូយស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់ដែលបានចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កាលពីខែតុលាឆ្នាំ ២០១១ គឺជាព្រឹត្តិការណ៍សំខាន់មួយដែលបញ្ជាក់ពីការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ យន្តការសហប្រតិបត្តិការជាច្រើនដូចជា កិច្ចប្រជុំក្រុមប្រតិបត្តិយុទ្ឋសាស្រ្ត កិច្ចពិភាក្សាជាន់ខ្ពស់ស្តីពីសេដ្ឋកិច្ច ការពិគ្រោះយោបល់ថ្នាក់រដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចពិភាក្សាស្តីពីនីតិរដ្ឋ និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា .. ត្រូវបានដំណើរការ និងពង្រីក ដែលធានាប្រសិទ្ធភាព និងគុណភាពលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
|
|
ប្រតិភូវៀតណាម និងអាល្លឺម៉ង់បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបទី ១០ នៃការបង្កើតសាកលវិទ្យាល័យវៀតណាម - អាល្លឺម៉ង់ (២០០៨-២០១៨) (រូបថត៖ VGU) |
ផ្អែកលើមូលដ្ឋានដ៍រឹងមាំនៃទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការរវាងខឿនសេដ្ឋកិច្ចទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំងក្លា សក្ដានុពលដ៏ធំធេងទាំងឡាយរួមទាំងលក្ខណៈបំពេញបន្ថែមគ្នាបានកើតឡើងយ៉ាងស្វាហាប់។ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា អាល្លឺម៉ង់តែងតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឺរ៉ុប។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០១០ មកទល់បច្ចុប្បន្ននេះបានកើនឡើងទ្វេដង ដោយសម្រេចបានជាង ១០ ពាន់លានដុល្លារអាមេរិក ដែលមានអត្រាកើនឡើងជាមធ្យមជាង ១០% ក្នុងមួយឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំរពារវិនិយោគវៀតណាម - EU (EVIPA) នៅពេលបានអនុវត្តជាក់ស្តែងនោះវានឹងបង្កើតឱកាសថ្មីៗសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងការពាណិជ្ជកម្ម និងការវិនិយោគ។
ទន្ទឹមនឹងការវិនិយោគពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក៏ជាកក្តាសំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ វៀតណាមជានិច្ចកាលគោរព និងមិនដែលបំភ្លេចនូវការជួយគាំទ្រដ៏មានតម្លៃរបស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលផ្ដល់ដល់វៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ក្នុងអំឡុងពេល ៣ ទសវត្សកន្លងមកនេះ ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូទំនុកទុកចិត្ត និងមានប្រសិទ្ធិភាព រួមទាំងការផ្តល់ ODA ដែលមានទឹកប្រាក់ជាង ២ ពាន់លានដុល្លារនោះ អាឡឺម៉ង់តែងតែអមដំណើរជាមួយការអភិវឌ្ឍន៍របស់វៀតណាមតាមរយៈកម្មវិធីសហប្រតិបត្តិការធំៗដូចជា៖ កំណែទម្រង់សេដ្ឋកិច្ច ការអភិវឌ្ឍផ្នែករុក្ខកម្ម ការកសាងយុទ្ធសាស្ត្រកំណើនបៃតង និងការកសាងច្បាប់ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
ដោយបានបន្ត និងលើកកម្ពស់ប្រពៃណីល្អនៃការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរនោះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ រួមទាំងវិស័យច្បាប់ វប្បធម៌ និងទេសចរណ៍ ... ក៏ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនផងដែរ។
ចំណែកទិដ្ឋភាពពហុភាគីវិញ ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត វៀតណាម និងអាល្លឺម៉ង់តែងតែសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នានៅវេទិកាតំបន់ និងអន្តរជាតិដូចជា អាស៊ាន - EU, ASEM, អង្គការសហប្រជាជាតិ ...។ ប្រទេសទាំងពីរបានចែករំលែកទស្សនៈ និងចក្ខុវិស័យរួមស្តីពីពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់ដោយផ្អែកលើច្បាប់ ការពារច្បាប់អន្តរជាតិ និងការពារបរិស្ថាន។ វៀតណាម និងអាឡឺម៉ង់តែងតែមានជំហរដូចគ្នានៅក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។
ដោយរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេល ៤ ទសវត្សរ៍កន្លងមកនេះ យើងមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពក្រៃលែងចំពោះការអភិវឌ្ឍប្រកបដោយភាពស្វាហាប់ និងខ្លាំងក្លានៃទំនាក់ទនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អាល្លឺម៉ង់។ សមិទ្ធិផលទាំងឡាយដែលសម្រេចបាន រួមទាំងសក្តានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ រឹងមាំលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ដោយស្របតាមផលប្រយោជន៍ និងបំណងប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីពិភពលោកមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ រួមទាំងទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរបស់ប្រជាជននៃប្រទសទាំងពីរនោះ ខ្ញុំជឿជាក់ថា គោលដៅដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរកនោះប្រាកដជានឹងក្លាយទៅជាការពិតនាពេលឆាប់ៗនេះមិនខាន៕
បកប្រែដោយ Duy Hoan