អស់លោក លោកស្រីជាទីមេត្រី!

យើងប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ៧៥ ទិវានៃការបង្កើតអង្គការសហប្រជាជាតិក្នុងពេលវេលាដ៏ពិសេសមួយខណៈដែលមោទនភាពអំពីការរីកចម្រើនធំធាត់របស់អង្គការសហប្រជាជាតិលាយឡំនឹងការព្រួយបារម្ភអំពីអស្ថិរភាព និងរោគរាតត្បាតដែលរីករាលដាលពាសពេញពិភពលោក។

leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ផ្ញើសារដល់សម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

ពីគំនរផេះផង់នៃសង្រ្គាមរយៈពេល​ ៧៥ ឆ្នាំកន្លងមកហើយ ពិភពលោកមិនមាន​សង្គ្រាមពិភពលោកថ្មីមួយទៀតឡើយ។ សន្តិភាព និងកិច្ចសហប្រតិបត្ដិការមិត្តភាពត្រូវបានពូនជ្រំ ភាពក្រីក្រ និងជំងឺត្រូវបានច្រានថយក្រោយ  ហើយជីវភាពរស់​នៅ​របស់មនុស្សជាតិត្រូវបាន​ផ្លាស់ថ្មី។

សមិទ្ធផលដ៏ធំធេងនោះ មិនអាចទៅរួចទេប្រសិនបើគ្មានគោលការណ៍ជាមូលដ្ឋានគ្រឹះនៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ ហើយមិនអាចសម្រេចបានឡើយប្រសិនបើគ្មានអង្គការសហប្រជាជាតិដែលជាមជ្ឈមណ្ឌលសម្របសម្រួលសកម្មភាពរួមរបស់បណ្ដាប្រទេស។

ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលមិនធ្លាប់មានពីមុនមក។ រោគរាតត្បាត Covid-19 រួមជាមួយអស្ថិរភាព  ជម្លោះ ការប្រកួតប្រជែងរវាងបណ្ដាប្រទេសមហាអំណាច  នយោបាយគំរាមប្រើកំសាំង ការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងដល់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជាតិទាំងអស់។

នៅប្រទេសវៀតណាមមានសុភាសិតមួយដែលថា “អគ្គីភ័យបង្ហាញពីមាស ភាពមិនអនុគ្រោះបង្ហាញពីសមត្ថភាព” ដើម្បី​ឆ្លងកាត់ការលំបាក និង​បញ្ហាប្រឈម​​គឺយើងចាំបាច់ត្រូវរួបរួមគ្នា សហប្រតិបត្តិការ និងពង្រឹងពហុភាគីនិយមដែលប្រកាន់យក​អង្គការសហប្រជាជាតិជាមជ្ឈភាព  គោរពយ៉ាងខ្ជាប់ខ្ជួននូវធម្មនុញ្ញ និងច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រជាជាតិនីមួយៗ ប្រកាន់យកមនុស្សជាស្នូលក្នុង​រាល់កិច្ចខិតខំដើម្បីអភិវឌ្ឍ និងកុំទុកឲ្យមាននរណាម្នាក់នៅពីក្រោយឡើយ​។

អស់លោក លោកស្រីជាទីមេត្រី

អស់រយៈពេលជាច្រើនទសវត្សរ៍ “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពទេ” និង ៣៥ ឆ្នាំនៃការផ្លាស់ថ្មី និងប្រកាន់យកប្រជាជនជាស្នូល បច្ចុប្បន្ននេះ វៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងស្វាហាប់  រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ បុរេសកម្មក្នុងការធ្វើសមាហរណកម្ម ចូលរួមដោយមានទំនួលខុសត្រូវនៅវេទិកាពហុភាគីជាច្រើន ជាពិសេសអង្គការសហប្រជាជាតិ ហើយតស៊ូដើម្បីគោលដៅប្រជាជនសម្បូរធូធារ ប្រទេសរីកចម្រើន​ យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើន មកដល់ពេលនេះយើងខ្ញុំបានគ្រប់គ្រងរោគរាតត្បាត Covid-19 ស្ទើរតែទាំងស្រុង និងស្តារសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសដែលបានបោះឆ្នោតជ្រើសតាំងប្រទេសវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយវៀតណាមកំពុងខិតខំអស់ពីសមត្ថភាពដើម្បីបំពេញល្អនូវភារកិច្ចនេះ។ ស្របពេលជាមួយគ្នានេះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាម និងសមាជិកទាំងឡាយបានខិតខំកសាង​សហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងវិបុលភាព។

ប្រជាជនវៀតណាមបានប្តេជ្ញាចិត្តជាមួយប្រជាជាតិទាំងអស់នៅលើពិភពលោកដើម្បីថែរក្សាសន្តិភាព អនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDG ២០៣០ ហើយទង់ជាតិវៀតណាមនឹងបក់រវិកៗនៅស្ថានបេសកកម្មរក្សាសន្ដិភាពបន្ថែមទៀតនៃអង្គការសហប្រជាជាតិ។ ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងរួមគ្នាយើងនឹងកសាងពិភពលោកប្រកបដោយសន្តិភាព និងអនាគតភ្លឺស្វាងសម្រាប់ថ្ងៃនេះ និងថ្ងៃក្រោយ៕

សូមអរគុណ!

បកប្រែដោយ Pham Diep