ចក្ខុវិស័យថ្មីសម្រាប់ការទូតសភាតំបន់អាស៊ាន
កប.អនឡាញ - មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដែលរៀបចំឡើងដោយប្រទេសវៀតណាមត្រូវបានបិទនៅថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ។ ឯកសារដែលបានអនុម័តនៅមហាសន្និបាតបានបង្ហាញពីចក្ខុវិស័យថ្មីនៃការទូតសភាក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានដើម្បីកសាងសហគមន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់។
    |
 |
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA ៤១ ថ្លែងសុន្ទរកថាក្នុងពិធីបិទ AIPA ៤១ (រូបថត៖ vnanet.vn) |
មហាសន្និបាត AIPA លើកទី ៤១ គឺជាជំហានសំខាន់ដើម្បី AIPA បន្តអនុវត្តគោលបំណងលើកកម្ពស់សាមគ្គីភាព ការយល់ដឹងគ្នា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធក្នុងចំណោមសមាជិកសភានៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន។ សេចក្តីសម្រេចចិត្តទាំងឡាយដែលបានអនុម័តបានបង្ហាញពីតួនាទីសំខាន់របស់សភាក្នុងការរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាលេចធ្លោនៅក្នុងតំបន់។
ការស្របមតិគ្នាលើបញ្ហារួម
AIPA ៤១ ប្រព្រឹត្តទៅនៅពេលដែលប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីការផ្ទុះឡើងនៃ Covid-19។ ការបិទប្រទេស និងបិទព្រំដែនអន្តរជាតិទាំងអស់ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានបានបង្អាក់សកម្មភាពសេដ្ឋកិច្ច។
អាស្រ័យហេតុនោះ ចំណុចសំខាន់របស់មហាសន្និបាតគឺលើកកម្ពស់ភាពស្អិតរមួត ការឆ្លើយតប និងស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញ បន្ទាប់ពីការរាតត្បាត Covid-19 ។ AIPA ៤១ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការសំរបសំរួលច្បាប់ និងគោលនយោបាយស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីស្តារសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញបន្ទាប់ពីការរាតត្បាត Covid-19 ព្រមទាំងត្រៀមខ្លួនជាសម្រេចជួយគាំទ្រអាស៊ានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ក្នុងឆ្នាំ ២០២០។ អនុប្រធានរដ្ឋសភាពវៀតណាម លោក Phung Quoc Hien បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុង AIPA គឺជាបញ្ហាគន្លឹះមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងលើវិស័យសហប្រតិបត្តិការទាំងឡាយក្នុងតំបន់។ សហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលបំណងបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មរួមតែមួយ រួមទាំងការចរាចរណ៍ដោយសេរីនៃទំនិញ សេវាកម្ម ការវិនិយោគទុន និងពលករដែលមានជំនាញ តាមរយៈនោះ លើកកំពស់ប្រសិទ្ធភាព ការប្រកួតប្រជែង ជំរុញការវិនិយោគធ្វើអាជីវកម្ម និងបង្កើតវិបុលភាពរួមសម្រាប់តំបន់ទាំងមូល។ ការដែលប្រទេសជាសមាជិក AIPA អនុម័តលើប្រធានបទ “តួនាទីរបស់សភាក្នុងការជំរុញភាពស្អិតរមួត និងការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញបន្ទាប់ពីការរាតត្បាត Covid - 19” គឺមានភាពជាក់ស្តែង និងជាចាំបាច់ចំពោះប្រទេសជាមាជិក AIPA ទាំងអស់ និងតំបន់” ។
    |
 |
សម័យប្រជុំរបស់គណៈកម្មាធិការស្តីពីការរៀបចំមហាសន្និបាត AIPA ៤១ (រូបថត៖ baoquocte.vn) |
មហាសន្និបាត AIPA ៤១ ក៏បានបង្ហាញស្មារតីនៃការឆ្លើយតប ដោយតាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖ ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការបញ្ជាក់ពីការគាំទ្រសម្រាប់សមភាពយេនឌ័រ ការលើកគុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជនទាំងមូល និងការបង្កើនការចូលរួមរបស់ស្ត្រីក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
ចំណុចលេចធ្លោនៃមហាសន្និបាត AIPA ៤១ គឺការបង្កើតឡើងយន្តការថ្មីគឺកិច្ចប្រជុំសភាយុវជន AIPA ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌនៃមហាសន្និបាត AIPA ។ ប្រការនេះបានបង្ហាញពីនិន្នាការវិជ្ជមាន និងលើកកម្ពស់ការយល់ដឹងគ្នាក្នុងចំណោមសមាជិកសភា AIPA ស្តីពីតួនាទីរបស់សមាជិកសភាវ័យក្មេងក្នុងបញ្ហាតំបន់។
បង្កើតកម្លាំងរួម
ក្នុងនាមជាប្រធានអាស៊ាន និងប្រធាន AIPA វៀតណាមបានខិតខំបង្កើតកម្លាំងរួមរវាងអាស៊ាន និង AIPA ក៏ដូចជាវិធីសាស្រ្ត និងគោលដៅរួមក្នុងការដោះស្រាយបញ្ហានាបច្ចុប្បន្នរបស់អាស៊ាន។ ។ មហាសន្និបាត AIPA ៤១ បានបង្ហាញការគាំទ្រខ្ពស់ចំពោះការអនុវត្តគំនិតផ្តួចផ្តើមរបស់អាស៊ានក្នុងការឆ្លើយតប និងគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់រហ័ស។ មតិទាំងឡាយបានឯកភាពលើអាទិភាពនានារបស់ AIPA ក៏ដូចជាអាស៊ានគឺប្រកាន់យកប្រជាជនជាមជ្ឈភាព ស្តាប់មតិយោបល់ពីប្រជាជន និងផ្តោតលើការដោះស្រាយបញ្ហាដែលបង្កឡើងដោយរោគរាតត្បាត Covid-19 ។
ប្រតិភូជាច្រើនបានលើកឡើងពីបញ្ហាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រខាងកើតដែលគួរតែផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា UNCLOS ស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ សេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបានឯកភាពជំរុញការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឱ្យបានឆាប់។ ដោយវាយតម្លៃជារួមលើ AIPA ៤១ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA ៤១ បានមានប្រសាសន៍ថា៖ “យើងរួមគ្នាជំនះរាល់ការលំបាកដើម្បីពិភាក្សាលើបញ្ហាជាស្នូល និងបញ្ហារួមរបស់អាស៊ាន និង AIPA ។ ឯកសារទាំងឡាយដែលយើងបានអនុម័តគឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃដើម្បីយើងរួមគ្នាគិតគូអំពីចក្ខុវិស័យថ្មីសម្រាប់ការទូតសភាអាស៊ាននាពេលអនាគត។ មហាសន្និបាត AIPA លើកទី ៤១ គឺជាជំហានសំខាន់សម្រាប់ AIPA ដើម្បីបន្តរួមដំណើរជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានក្នុងដំណើរការកសាងសហគមន៍ប្រកបដោយសន្តិភាព ស្ថិរភាព និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូប” ។
AIPA ៤១ ជា AIPA ដំបូងក្នុងប្រវត្តិសាស្ត្រដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ប៉ុន្តែក្រោមការដឹកនាំរបស់វៀតណាមស្មារតីនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅតែបានលើកកម្ពស់យ៉ាងខ្លាំង ដោយបានបង្កើតជាសញ្ញាគំនូសដើរទន្ទឹមគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិក្នុងអាស៊ានដើម្បីរួមគ្នាបង្កើតសហគមន៍អាស៊ានមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូប៕
បកប្រែដោយ Duy Hoan