leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម

 

នៅក្នុងជំនួបសន្ទនា លោក Bounnhang Vorachith អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវសូម​​ចូលរួមរំលែកទុក្ខជូនបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ព្រមទាំងអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក។ 

លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Le Kha Phieu អតីតអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមដែលបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងអបអរសាទរចំពោះសមិទ្ធផលដែលប្រទេសឡាវសម្រេចបានក្នុងរយៈពេលកន្លងមក។

លោក Nguyen Phu Trong អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាមចង់ឲ្យប្រទេសទាំងពីរបន្តសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ  Covid-19 ដើម្បីឱ្យប្រទេសទាំងពីរបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកស្ទួយជីវភាព​រស់នៅរបស់ប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងស្ថានភាពក្នុងតំបន់និងលើពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងបក្ស រដ្ឋនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកដែលត្រូវបានពង្រឹងនិងពង្រីកដោយ​ឥតឈប់ឈរលើគ្រប់វិស័យដែលរួមចំណែករក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅប្រទេសរៀងៗខ្លួន ព្រមទាំងបញ្ជាក់ថា ភាគីទាំងពីររួមគ្នាថែរក្សា ពូនជ្រំ និងអប់រំដល់ជំនាន់ក្រោយនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាង​វៀត​ណាម និងឡាវ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរក្នុងការសម្រប​សម្រួលការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា  ព្រមទាំងត្រៀមរៀបចំឱ្យបានល្អសម្រាប់សម័យប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថានឹងបន្តចែករំលែកព័ត៌មានឱ្យទាន់ពេលវេលានិងសហការគ្នាយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងក្នុងតំបន់​ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ ព្រមទាំងសហការជាមួយកម្ពុជាអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ដ្រីទាំងបីស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ព្រមទាំងសម្របសម្រួលជាមួយបណ្ដាប្រទេសក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកទន្លេមេគង្គប្រកបដោយនិរន្តរភាព និងប្រកបដោយប្រសិទ្ធភាពដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់៕

បកប្រែដោយ Pham Diep