នៅកិច្ចពិភាក្សាជាមួយលោក Haldun Tekneci ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាម លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានចែករំលែកការលំបាករបស់ប្រទេសទួរគីដោយសារតែផលប៉ះពាល់នៃជំងឺរោគរាតត្បាត Covid-19 ព្រមទាំងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាលទួរគីក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត និងកាត់បន្ថយផលប៉ះពាល់លើវិស័យសង្គម - សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ លោកអនុរដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមបានត្រៀមខ្លួនជាស្រេច ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងជំងឺ Covid-19 និងសម្តែងនូវក្តីជឿជាក់ថាប្រទេសទួរគីនឹងគ្រប់គ្រងរោគរាតត្បាតក្នុងពេលឆាប់ៗនេះ។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តីការបរទេស Dang Minh Khoi ទទួលជួបលោកឯកអគ្គរដ្ឋទូតទួរគី Haldun Tekneci (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានស្នើឱ្យភាគីទាំងពីរបន្តជំរុញយ៉ាងសកម្មនូវទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ ការបរទេស ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍។ល។ លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ថា ភាគីទាំងពីរគប្បីបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ព្រមទាំងសម្តែងនូវគោលបំណងចង់ស្វាគមន៍លោកប្រធានាធិបតី Recep Tayyip Erdogan មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។

រីឯលោកឯកអគ្គរដ្ឋទូតទួរគី បានសម្តែងនូវការចាប់អារម្មណ៍ចំពោះជោគជ័យរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានផ្តល់ម៉ាស់ជូនប្រទេសទួរគី។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តីការបរទេស Dang Minh Khoi ទទួលជួបលោកឯកអគ្គរដ្ឋទូតអ៊ីស្រាអែល Nadav Eshchar  (រូបថត៖ baoquocte.vn)

នៅជំនួបជាមួយលោក Nadav Eshchar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម លោកអនុរដ្ឋមន្រ្តី Dang Minh Khoi បានស្នើឱ្យអ៊ីស្រាអែលបង្កើនការនាំចូលទំនិញមានឧត្តមភាពរបស់វៀតណាម និងទទួលសិក្ខាកាមផ្នែកកសិកម្មរបស់វៀតណាមបន្ថែមទៀត។ ក្រៅពីនោះ លោកអនុរដ្ឋមន្រ្តី Dang Minh Khoi ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងការបរទេសទាំងពីរក្នុងរយៈពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូត Nadav Eshchar បានអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នាពេលខាងមុខ ប្រទេសទាំងពីរគប្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ការគ្រប់គ្រងនិងប្រើប្រាស់ធនធានទឹក។ល។ ពីព្រោះទាំងនេះជាវិស័យដែលប្រទេសអ៊ីស្រាអែលមានឧត្តមភាព ហើយវៀតណាមមានតម្រូវការ។  លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវគោលបំណងចង់វៀតណាមគាំទ្រដល់អ៊ីស្រាអែលក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយយន្តការសហប្រតិបត្តិការនៅអាស៊ាន៕

បកប្រែដោយ Huyen Trang