ប៉ុន្តែ APEC មិនមែនគ្រាន់តែជាការនិយាយអំពីសំណង់ជាសមិទ្ធផលទំនើបៗ ឬតួលេខវិនិយោគនោះទេ។ សំណួរធំគឺថា បន្ទាប់ពីព្រឹត្តិការណ៍ APEC តើកោះ Phu Quoc នឹងមិនត្រឹមតែ "កាន់តែស្រស់ស្អាត" ប៉ុណ្ណោះទេ ប៉ុន្តែពិតជាក្លាយជាតំបន់បៃតង អភិវឌ្ឍប្រកបដោយចីរភាព និងមានភាពប្រកួតប្រជែងជាអន្តរជាតិក្នុងរយៈពេលវែងយ៉ាងដូចម្តេច?

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត An Giang ត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងនានាដែលបម្រើកិច្ចប្រជុំ APEC 2027 នៅកោះ Phu Quoc

APEC 2027 - កម្លាំងជំរុញសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយ

សព្វថ្ងៃនេះកោះ Phu Quoc មិនត្រឹមតែមមាញឹកជាមួយនឹងរដូវទេសចរណ៍ចុងឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានល្បឿនលឿននៃការសាងសង់នៅទូទាំងកោះផងដែរ។ នៅក្នុងសិក្ខាសាលាមួយដែលប្រារព្ធឡើងថ្មីៗនេះនៅកោះ Phu Quoc លោកសាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតនាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាម បានថ្លែងថា៖ “កោះ Phu Quoc កំពុងឆ្លងកាត់ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ។ APEC 2027 មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកមួយទេ ប៉ុន្តែជាកម្លាំងជំរុញដែលកំណត់អនាគតនៃកោះ Phu Quoc សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ នេះគឺជាឱកាសដ៏កម្រមួយ ប្រសិនបើយើងមិនចាប់យកវាបានទេ វានឹងមិនងាយមានឱកាសលើកទីពីរទេ”។

តាមពិតទៅ កោះមួយនេះបានឆ្លងកាត់របត់អភិវឌ្ឍន៍ដ៏សំខាន់រួចទៅហើយ។ ជាងមួយទសវត្សរ៍មុន អាកាសយានដ្ឋានអន្តរជាតិ Phu Quoc រួមនិងសរសៃផ្លូវគមនាគមន៍ដឹកជញ្ជូនដ៏សំខាន់របស់វាបាននាំមកនូវរលកដំបូងនៃការវិនិយោគ ដោយផ្លាស់ប្តូរពីតំបន់ស្ងាត់ជ្រងំទៅជារមណីយដ្ឋានទេសចរណ៍នឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម។ ប៉ុន្តែបច្ចុប្បន្នគឺខុសគ្នាទាំងស្រុង។ ទាំងនេះលែងជាគម្រោងដើម្បី “ដាស់ភ្ញាក់សក្តានុពល” ទៀតហើយ ប៉ុន្តែជាការបោះជំហានយុទ្ធសាស្ត្រដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវលំហអភិវឌ្ឍន៍ សមត្ថភាពដឹកជញ្ជូន និងស្តង់ដារប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសទំនើប។

ការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Phu Quoc គឺជាឧទាហរណ៍គួរឱ្យចាប់អារម្មណ៍មួយ។ គម្រោងនេះមានគោលបំណងឆ្ពោះទៅសមត្ថភាពទទួលភ្ញៀវទេសចរចំនួន ២០ លាននាក់ក្នុងមួយឆ្នាំក្នុងរយៈពេលខាងមុខ ដោយមានចក្ខុវិស័យរយៈពេលវែងគឺ ៥០ លាននាក់នៅឆ្នាំ ២០៥០។ នេះមិនត្រឹមតែជាដំណោះស្រាយចំពោះបញ្ហាចង្អៀតណែនបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានយុទ្ធសាស្ត្រសម្រាប់កោះ Phu Quoc តភ្ជាប់កាន់តែស៊ីជម្រៅជាមួយបណ្តាញអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដោយទាក់ទាញជើងហោះហើរផ្លូវឆ្ងាយ និងភ្ញៀវទេសចរអន្តរជាតិដែលមានគុណភាពខ្ពស់។

កាកសំណល់ - ចំណុចកកស្ទះធំបំផុតនៃតំបន់ពិសេសបៃតង

ឃើញតែសំបកក្រៅ កោះ Phu Quoc កំពុងឈានចូលទៅក្នុង "យុគសម័យមាស" នៃការវិនិយោគ។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិអភិវឌ្ឍន៍នៃទីក្រុងជាច្រើនដែលបានរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗក៏បង្ហាញផងដែរថា មិនថាព្រឹត្តិការណ៍ណាក្តី វាគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ មិនមែនជាគោលដៅនោះទេ។ បើគ្មានយុទ្ធសាស្ត្រក្រោយព្រឹត្តិការណ៍ដ៏ស៊ីជម្រៅ និងប្រកបដោយចីរភាពគ្រប់គ្រាន់ទេ គម្រោងធំៗអាចក្លាយជាបន្ទុកប្រតិបត្តិការជំនួសឱ្យកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ លោកបណ្ឌិត Vo Tri Thanh នាយកវិទ្យាស្ថានយុទ្ធសាស្ត្រម៉ាកយីហោ និងការប្រកួតប្រជែង ធ្លាប់បានឱ្យដឹងថា៖ “APEC មិនមែនជាល្បែងរយៈពេលខ្លីទេ។ តម្លៃពិតរបស់ APEC ស្ថិតនៅក្នុងសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍន៍ថ្មី ទាក់ទាញការវិនិយោគ បង្កើតគំរូកំណើន និងលើកកម្ពស់ម៉ាកយីហោគោលដៅ”។

មើលពីខាងលើអាកាស កោះ Phu Quoc សព្វថ្ងៃនេះគឺជាការដ្ឋានសំណង់ដ៏ធំមួយដែលមានគម្រោងទំនើបៗកំពុងលេចចេញជារូបរាងបន្តិចម្តងៗ។ ប៉ុន្តែនៅពីក្រោយរូបភាពហេដ្ឋារចនាសម្ព័ន្ធដ៏ជោគជ័យនេះគឺជាបញ្ហាប្រឈមបន្ទាន់មួយ៖ បរិស្ថាន ជាពិសេសបញ្ហាកាកសំណល់។ យោងតាមការស្ថិតិកោះ Phu Quoc បង្កើតកាកសំណល់គ្រួសារជាង ២០០ តោនជារៀងរាល់ថ្ងៃ មិនរាប់បញ្ចូលកាកសំណល់ពីទេសចរណ៍ សំណង់ និងសេវានានាទេ។ ទន្ទឹមនឹងនេះ សមត្ថភាពប្រមូល និងកែច្នៃកាកសំណល់មិនបានតាមទាន់ល្បឿននៃការអភិវឌ្ឍនគរូបនីយកម្ម និងកំណើនទេសចរណ៍នៅឡើយទេ។

លោក Huynh Van Dinh ប្រធានការិយាល័យកសិកម្ម និងបរិស្ថាននៃតំបន់សេដ្ឋកិច្ចពិសេស Phu Quoc បានមានប្រសាសន៍ថា តំបន់នេះកំពុងអនុវត្តដំណោះស្រាយជាច្រើន ចាប់ពីយុទ្ធនាការ "ទិវាបរិស្ថាន Phu Quoc" រហូតដល់កម្មវិធីតម្រៀបបែងចែកសំរាមនៅប្រភព ដោយមានគោលដៅកាត់បន្ថយកាកសំណល់ប្លាស្ទិកចំនួន ៣០% មុនឆ្នាំ ២០៣០។ លោកបានសង្កត់ធ្ងន់ថា "ដើម្បីតាមទាន់ល្បឿននៃការអភិវឌ្ឍ Phu Quoc ត្រូវការដំណោះស្រាយជាមូលដ្ឋាន និងទូលំទូលាយជាងនេះទៅទៀត"។

ដោយមានទីតាំងជាទីក្រុងឆ្នេរសមុទ្រ និងកោះ ជាកន្លែងដែលធម្មជាតិជា "ដើមទុន" ស្នូលសម្រាប់ទេសចរណ៍ និងគុណភាពជីវិត កាកសំណល់ដែលកំពុងរីករាលដាលនោះពិតជាឧបសគ្គដ៏ធំបំផុតនៅក្នុងដំណើរអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កោះ Phu Quoc។

យោងតាមលោកសាស្ត្រាចារ្យរង បណ្ឌិត Huynh Van Da អនុប្រធានផ្នែកវិទ្យាសាស្ត្រ សង្គមសាស្រ្ត និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Can Tho ឱ្យដឹងថា បរិស្ថានត្រូវតែចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃទេសចរណ៍កម្រិតខ្ពស់។ លោកបានព្រមានថា "បើគ្មានការវិនិយោគជាយុទ្ធសាស្ត្រលើប្រព័ន្ធប្រព្រឹត្តកម្មសំរាម និងការការពារប្រព័ន្ធអេកូឡូស៊ីទេ គុណសម្បត្តិធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់អាចនឹងបាត់បង់ជាបណ្តើរៗ"។ លោបានមានប្រសាសន៍ថា “ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ និងតំបន់ទីក្រុងបៃតង កោះ Phu Quoc ត្រូវតែចាត់ទុកបរិស្ថានជាសសរស្តម្ភ មិនមែនជាកិច្ចការបន្ទាប់បន្សំនោះទេ។ ដំណោះស្រាយមិនអាចគ្រាន់តែជាការសាងសង់រោងចក្រប្រព្រឹត្តកម្មបន្ថែមទៀតនោះទេ ប៉ុន្តែតម្រូវឱ្យមានប្រព័ន្ធដ៏ទូលំទូលាយមួយ ចាប់ពីការតម្រៀបកាកសំណល់នៅប្រភព ការអនុវត្តបច្ចេកវិទ្យាទំនើប រហូតដល់ការផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ និងអ្នកទេសចរ”៕

បកប្រែដោយ Minh Trung