ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ព័ត៌មានជាក់លាក់អំពីគោលបំណង និងលក្ខខណ្ឌនៃអាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងមិត្តភាពពិសេស និងរឹងមាំរវាងប្រទេសទាំងពីរដែលត្រូវបានពូនជ្រំអស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយ។

ទាក់ទងនឹងកម្មវិធីអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ គុយបាកំពុងផ្តល់អាហារូបករណ៍សរុបចំនួន ១៥ ដល់ប្រទេសវៀតណាម រួមទាំងអាហារូបករណ៍ចំនួន ៧ តាមផ្នែកនានារបស់​ក្រសួងអប់រំឧត្តមសិក្សាគុយបា និងអាហារូបករណ៍ចំនួន ៨ នៅក្នុងវិស័យវេជ្ជសាស្ត្រ។

រហូតមកដល់បច្ចុប្បន្ន និស្សិតវៀតណាមប្រមាណ ១៣០០ នាក់ បានបញ្ចប់ការសិក្សានៅប្រទេសគុយបាក្នុងផ្នែកនានារបស់ក្រសួងសុខាភិបាល (MINSAP) ក្រសួងអប់រំឧត្តមសិក្សា (MES) វិទ្យាស្ថានអប់រំកាយ និងកីឡា (INDER) និងក្រសួងអប់រំ (MINED)។ អតីតនិស្សិតជាច្រើន ពេលត្រឡប់ទៅប្រទេសវៀតណាមវិញ បានកាន់តំណែងសំខាន់ៗនៅក្នុងស្ថាប័នបក្ស និងរដ្ឋ ក៏ដូចជានៅក្នុងបេសកកម្មការទូតរបស់វៀតណាមនៅបរទេស។

leftcenterrightdel
ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាមបានប្រកាសពីកម្មវិធីអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលគុយបាដល់ប្រទេសវៀតណាមសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងខែឧសភា ឆ្នាំ១៩៦១ នៅពេលដែលគំនិតផ្តួចផ្តើមបញ្ជូននិស្សិតវៀតណាមទៅកាន់ប្រទេសគុយបាដើម្បីសិក្សាត្រូវបានចាប់ផ្តើម។ ដោយសារតែឧបសគ្គខាងភាសា បានជា​កិច្ចប្រជុំទ្វេភាគីនៅពេលនោះត្រូវធ្វើឡើងតាមរយៈអ្នកបកប្រែពីរនាក់។ ដោយមើលឃើញពីស្ថានភាពនេះ អគ្គមេបញ្ជាការ Fidel Castro បានស្នើឱ្យវៀតណាមបញ្ជូនយុវជនទៅកាន់ប្រទេសគុយបាដើម្បីសិក្សាភាសាអេស្ប៉ាញ ដោយហេតុនេះជួយសម្រួលដល់កិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយប្រទេសគុយបាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយតំបន់អាមេរិកឡាទីនទាំងមូលផងដែរ។

ដូច្នេះ ក្រុមនិស្សិតវៀតណាមដំបូងគេចំនួន ២៣ នាក់បានមកដល់ទីក្រុងហាវ៉ាណានៅរដូវស្លឹកឈើជ្រុះឆ្នាំ១៩៦១។ លោកឯកអគ្គរដ្ឋទូតបានដកស្រង់សម្តីអគ្គមេបញ្ជាការ Fidel Castro ដែលបាននិយាយថា និស្សិតវៀតណាមតែងតែជាអ្នករៀនពូកែ ដោយជាប់ចំណាត់ថ្នាក់កំពូលក្នុង​ថ្នាក់ ក្លាយជាគំរូដ៏ល្អសម្រាប់យុវជនគុយបា។

លោកឯកអគ្គរដ្ឋទូត Rogelio Polanco Fuentes បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសគុយបាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចជាច្រើនក៏ដោយ ការបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំដល់ប្រទេសវៀតណាមគឺជាភស្តុតាងច្បាស់លាស់នៃទំនាក់ទំនងប្រវត្តិសាស្ត្រ ស្មោះត្រង់ និងពិសេសរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan