សារលិខិតបានអះអាងយ៉ាងច្បាស់នូវអត្ថន័យពិសេសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិខ្មែរណាមបូ ជាមួយគ្នានោះតាងនាមឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្រ្តីបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិខ្មែរណាមបូទាំងអស់ឲ្យជួបតែសេចក្តីសុខ សុភមង្គល ជួបសំណាងល្អៗក្នុងឆ្នាំថ្មី។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅសាលាពុទ្ធិកសិក្សាខ្មែរ នាថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១៩ (រូបថតៈ VGP)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានការខិតខំប្រឹងប្រែងរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ប្រទេសយើងបន្តសម្រេចបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យដូចជា៖ កំណើនសេដ្ឋកិច្ចខ្ពស់ វប្បធម៌និងសង្គមមានការវិវឌ្ឍជាច្រើនជាដើម។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អលើកស្ទួយដោយឥតឈប់ឈរ។ ការការពារបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ វិស័យការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានរក្សាយ៉ាងរឹងមាំ។ កិច្ចការបរទេសត្រូវបានលើកកម្ពស់; តួនាទី និងកិត្យានុភាពរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិត្រូវបានលើកម្ពស់កាន់តែខ្លាំងឡើង។ សមិទ្ធិផលដ៏អស្ចារ្យនេះគឺជាគុណបំណាច់រួមរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល រួមទាំងការចូលរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរ។

បុណ្យចូលឆ្នាំថ្មីឆ្នាំនេះពិតជាពិសេសណាស់ ដោយសារឆ្នាំ ២០២០ ជាឆ្នាំដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសដូចជា៖ ការរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងខួបលើកទី១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ; មហាសន្និបាតតំណាងទូទាំងប្រទេសជនជាតិភាគតិចវៀតណាមលើកទី ២ ។ល។ ម្យ៉ាងវិញទៀត ពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះប្រព្រឹត្តទៅស្របពេលនៃការរីករាលដាល Covid-19 ដ៏ស្មុគស្មាញ ប្រទេសទាំងមូលកំពុងអនុវត្តគ្រប់វិធានការយ៉ាងតឹងរឹងប្រឆាំងនឹងការរីករាលដាលដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាជន និងការពារសុវត្ថិភាពសម្រាប់សហគមន៍ទាំងមូល។ បុណ្យចូលឆ្នាំថ្មីលើកនេះនឹងនៅតែពោរពេញទៅដោយអត្ថន័យ និងជំនឿជឿជាក់លើសំណាងល្អ ប៉ុន្តែជនរួមជាតិ សមមិត្ត និងព្រះសង្ឃ នៅតែបន្តអនុវត្តវិធានការគម្លាតសង្គមផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា “ប្រទេសយើងកំពុងប្រឈមមុខនឹងរោគរាតត្បាតសកល Covid-19 ប៉ុន្តែខ្ញុំជឿជាក់ថា យើងទាំងអស់គ្នានឹងពួតដៃគ្នាដើម្បីទប់ទល់ និងយកឈ្នះលើជំងឺនេះ ព្រមទាំងជឿជាក់ថាជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរនៅតែបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព រៀនសូត្រ ធ្វើការ យ៉ាងសកម្ម ហើយព្យាយាមដោយឥតឈប់ឈរដើម្បីសម្រេចបានសមិទ្ធិផលល្អៗជាច្រើនទៀត រួមជាមួយប្រទេសទាំងមូល សម្រេចបានគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញប្រកបដោយជោគជ័យ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជូនពរជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយសុវត្ថិភាព សប្បាយរីករាយ និងសុភមង្គល៕

បកប្រែដោយ Huyen Trang