បន្ទាប់ពីស្តាប់ថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ទីក្រុងទាំង ៥ និងមេបញ្ជាការតំបន់ដាក់នៅដាច់ដោយឡែក និងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធនានាបានរាយការណ៍អំពីស្ថានភាព Covid-19   លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងប្រជាជននៅតាមទីក្រុងធំៗ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការ​​រីករាលដាលនៃ Covid-19។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VPG)

 

លោកនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា នេះជាពេលវេលាយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលនៃ Covid-19។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យផ្តោតសំខាន់បន្ថែមទៀតលើការដឹកនាំ មិនត្រូវមានស្មារតីអត្ដនោម័តក្នុងការប្រយុទ្ធប្រឆាំង Covid-19 ចាត់ទុកការងារនេះដូចជាការប្រយុទ្ធប្រឆាំងសត្រូវផងដែរដើម្បីដណ្ដើមឲ្យបានជ័យជំនះលើជំងឺរាតត្បាត Covid-19 នៅវៀតណាម ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន។ ផ្អែកលើការវិវត្ដនៃ Covid-19 ទីក្រុងនានាគួរតែកំណត់ដំណោះស្រាយ​សមស្របសម្រាប់ទីក្រុងនីមួយៗ តំបន់និងទីប្រជុំជន“ផ្តល់អាទិភាពក្នុងការបង្កើនការត្រួតពិនិត្យនៅកន្លែងដែលមានហានិភ័យ​ខ្ពស់នៃការឆ្លងវីរុសដូចជាអគារខ្ពស់ៗ ទីប្រជុំជន ផ្សារទំនើប មន្ទីរពេទ្យ ទីក្រុងថ្មី និងសកម្មភាពដឹកជញ្ជូនជា​ដើម…”។

លោកនាយករដ្ឋមន្រ្តីក៏បានតម្រូវឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងនៃទីក្រុងនីមួយៗដើម្បីតាមដានការវិវត្តក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺ ព្រមទាំងត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ និងធានាបាននូវការប្រតិកម្មយ៉ាងឆាប់រហ័សចំពោះស្ថានភាពអាក្រក់បំផុត។  វិស័យសុខាភិបាល កងទ័ព នគរបាលនិងមូលដ្ឋាននានាចាំបាច់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតសម្រាប់សុវត្ថិភាពរបស់កម្មាភិបាល និងបុគ្គលិកដែលនៅជួរមុខនៃការប្រយុទ្ធប្រឆាំង Covid-19។     

ទីក្រុងធំៗជាកន្លែងប្រមូលផ្ដុំក្រុមហ៊ុន និងរោងចក្រដែលមានពលករជាច្រើន ជាពិសេសនៅតាមតំបន់ឧស្សាហកម្មត្រូវមានវិធានការដើម្បីធានានូវសុខុមាលភាពសង្គមសម្រាប់ពលករ ព្រមទាំងចាំបាច់កាត់បន្ថយបែបបទរដ្ឋបាល និងជំរុញការប្រើប្រាស់សេវាកម្មសាធារណៈតាមអនឡាញ ហើយចាត់ទុកនេះគឺជាភារកិច្ចចាំបាច់នាពេលនេះ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា អ្វីៗដែលសំខាន់បំផុតនៅពេលនេះគឺគ្រប់ស្ថាប័នមជ្ឈិម ក្រសួង មូលដ្ឋាននិងប្រជាជននៅទូទាំងប្រទេសត្រូវតែសាមគ្គី រួបរួមគ្នា ប្រតិកម្មយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពថែមទៀតចំពោះស្ថានភាពអាក្រក់កើតឡើងនៅក្នុងតំបន់មូលដ្ឋាននីមួយៗ៕

បកប្រែដោយ Thanh Cong