នេះគឺជាកិច្ចប្រជុំកំពូលពិសេសរបស់ G20 ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ដែលកំពុងរីកសាយភាយទូទាំងពិភពលោកដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងលើច្រើនវិស័យនៃសេដ្ឋកិច្ចពិភពលោកក៏ដូចជាស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាច្រើន។

leftcenterrightdel
កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញ G20 ស្តីពីការឆ្លើយតបនឹងការរីករាលដាល Covid-19

 

អញ្ជើញចូលរួមកិច្ចប្រជុំអនឡាញមានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាសមាជិក G20 ទាំងអស់ និងប្រទេសជាភ្ញៀវមួយចំនួន រួមជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិធំៗដូចជា អង្គការសហប្រជាជាតិ ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អង្គការពាណិជ្ជកម្មពិភពលោក អង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ច (OECD) អង្គការពលកម្មអន្តរជាតិ (ILO)… នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំបានឯកភាពអនុវត្តនូវរាល់វិធានការវេជ្ជសាស្រ្តចាំបាច់ដើម្បីការពារការរីករាលដាលនៃ Covid-19 និងបានចែករំលែកនូវព័ត៌មាន បទពិសោធន៍ និងស្ថានភាពជាក់ស្តែងក្នុងការការពារការរាលដាលនៃជំងឺ និងការរកឃើញការព្យាបាល។ល។

ថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំបានសន្យានឹងប្រើនូវគ្រប់ឧបករណ៍គោលនយោបាយរូបិយវត្ថុ សារពើពន្ធ និងគ្រប់វិធានការសេដ្ឋកិច្ចចំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អង្គប្រជុំបានឯកភាពគ្នានឹងសម្របសម្រួលការកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ Covid-19 ទៅលើវិស័យពាណិជ្ជកម្មអន្ដរជាតិ ព្រមទាំងធានានូវប្រតិបត្តិការនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកជាពិសេសគឺសំភារៈពេទ្យនិងផលិតផលចាំបាច់ទាំងអស់។

អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមរបស់ G20 ស្តីពីការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19 ដោយបង្ហាញពីការប្តេជ្ញាចិត្តនយោបាយ ការសន្យា និងសាមគ្គីភាពក្នុងការទប់ស្កាត់ជំងឺអាសន្នរោគ Covid-19 ក៏ដូចជាការជំរុញសេដ្ឋកិច្ចពិភពលោកឲ្យអភិវឌ្ឍប្រកបដោយចីរភាព។ ចែករំលែកជាមួយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអនឡាញ G20 នេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការសម្របសម្រួលទូទាំងពិភពលោកនិងក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់។ លើសពីនេះទៅទៀតលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ បាននិងកំពុងធ្វើការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីលើកកម្ពស់ស្មារតីសហគមន៍គឺ "រួបរួមគ្នា និងសម្របខ្លួនប្រកបដោយបុរេសកម្ម" សម្រាប់ការអនុវត្តនូវគ្រប់វិធានការ និងការសម្របសម្រួលគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះតួនាទីសំខាន់ៗ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ G20 ក៏ដូចជាអង្គការអន្តរជាតិនានាដូចជាអង្គការសហប្រជាជាតិ WHO, WB, IMF, WTO ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ផងដែរ។

ការចូលរួមនិងការចែករំលែកនូវរាល់វិធានការយ៉ាងតឹងរឹងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅឯកិច្ចប្រជុំកំពូលអនឡាញ G20 នោះបានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមចំពោះ G20 និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។ អ្វីៗទាំងអស់នេះបានបង្ហាញថា ប្រទេសវៀតណាមពិតជាជាសមាជិកមួយដ៏សកម្ម និងមានការទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមទ៕

បកប្រែដោយ Minh Trung