leftcenterrightdel
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូប​ថត៖ vnanet.vn)

ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃ​គូ​ស​ហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - មីយ៉ាន់ម៉ា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងការពារជាតិ។

វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងពីយូរលង់ណាស់មកហើយ។ នៅឆ្នាំ ១៩៤៧ ប្រទេស​វៀត​ណាម​បានបង្កើតការិយាល័យទំនាក់ទំនងដំបូងរបស់ខ្លួននៅទីក្រុងយុាំងហ្គោន។ នៅឆ្នាំ ១៩៤៨ ភាគី​ទាំងពីរបានឯកភាពគ្នាដំឡើងការិយាល័យទំនាក់ទំនងទៅជាការិយាល័យព័ត៌មានផ្សព្វផ្សាយ ហើយនៅឆ្នាំ ១៩៥៧ បានដំឡើងជាស្ថានអគ្គកុងស៊ុល។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៥ ប្រទេស​ទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ហើយបានបង្កើតស្ថានទូតនៅប្រទេសទាំងពីរ។

វៀតណាម​ និងមីយ៉ាន់ម៉ាមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រ និងវប្បធម៌​ ហើយបានជួយគាំគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីឯករាជ្យជាតិកាលពីមុនក៏ដូចជាបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃ។ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាង​វៀត​ណាម និងមីយ៉ាន់ម៉ាត្រូវបានកសាងឡើងដោយលោកប្រធានហូជីមិញ និងវីរៈបុរស Aung San ដែលប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរបានខិតខំពូនជ្រំ ពង្រីក និងអភិវឌ្ឍយាំងខ្លាំងក្លាលើគ្រប់​វិស័យដូចសព្វថ្ងៃនេះ។

ប្រទេសទាំងពីរបានចែករំលែកផលប្រយោជន៍រួមជាច្រើនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព និងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍អាស៊ាន។ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយត្រូវបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងឡើងៗ ជាពិសេសការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរនៅតែបន្តបានពង្រឹងជានិច្ច តាម​រយៈដំណើរទស្សនកិច្ច និងការជួបជុំគ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សន​កិច្ចនៅប្រទេសវៀតណាមរបស់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសានស៊ូជី (ខែមេសា ឆ្នាំ ២០១៨) ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងការពេញចិត្តចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងសហប្រតិបត្តិការនាពេលកន្លងមក។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន។ ភាគីទាំងពីរកំពុងបង្កើតកម្មវិធីអនុវត្តទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ សម្រាប់ដំណាក់កាល ២០១៩ - ២០២៤ ។

វៀតណាម - មីយ៉ាន់ម៉ាបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ថ្នាក់ រួមទាំងគណៈប្រតិភូរបស់បក្ស រដ្ឋាភិបាល  រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ដែលបានរួមចំណែកក្នុង​ការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សសម្ព័ន្ធភាពដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) និងគណបក្សសាមគ្គីភាពនិងការអភិវឌ្ឍសហភាព (USDP) របស់មីយ៉ាន់ម៉ា នៅតែបន្តបានរក្សា និងលើកកម្ពស់ជានិច្ច។ រដ្ឋសភានៃប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងវេទិកាសហភាពអន្តសភាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសហភាពអន្តរសភា (IPU) និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA )។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅ។ ប្រទេសទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងក្រប​ខ័ណ្ឌទ្វេភាគី និងពហុភាគី និងបន្តធ្វើការផ្លាស់ប្តូរគណៈប្រតិភូយោធានៅគ្រប់ថ្នាក់ រួមទាំង​ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា ការបណ្តុះបណ្តាល ពេទ្យយោធា ការស្វែងរកនិងជួយសង្គ្រោះ ការប្រកួតកីឡា ការចែករំលែកព័ត៌មាន និងក្នុងវិស័យបច្ចេកវិទ្យា បច្ចេកទេសយោធាជាដើម។

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរត្រូវបានពង្រឹងបន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ។  នៅខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគីវៀតណាម - មីយ៉ាន់ម៉ា លើកទី ៣ របស់រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោក To Lam ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបំពេញបន្ថែមលើសន្ធិសញ្ញារវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងវិស័យបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ដែលនេះគឺជាមូលដ្ឋានច្បាប់រយៈពេលវែងសម្រាប់សកម្មភាពសហប្រតិបត្តិការនាពេលអនាគត។

ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ហើយមានទំនាក់ទំនងសហប្រតិបត្តិការជាប្រចាំ និងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី។ មីយ៉ាន់ម៉ាបានគាំទ្រប្រទេសវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៤-២០១៦ និងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៦-២០១៨ ...។ ភាគីទាំងពីរបានអះអាងថានឹងបន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យបានល្អនៅវេទិកាក្នុងតំបន់ និងអន្តរជាតិដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); អង្គការសហប្រជាជាតិ (UN); វេទិកាតំបន់ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃទន្លេចំនួន ៣ គឺអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) និងច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច (EWEC) ជាដើម៕

បកប្រែដោយ Duy Hoan