ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុបកាន់តែល្អប្រសើរ
កប.អនឡាញ - ទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ដែលកំពុងស្ថិតក្នុងដំណាក់កាលល្អបំផុត។ ក្រៅពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះ សហភាពអឺរ៉ុបត្រៀមខ្លួនជួយវៀតណាមទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងអនុវត្ដខឿនសេដ្ឋកិច្ចឌីជីថល។ នេះជាការលើកឡើងរបស់លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុបប្រចាំនៅប្រទេសវៀតណាម នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញថ្ងៃទី ១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
ភាពជាដៃគូសក្ដានុពលក្នុងវិស័យជាច្រើន
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបចាត់ទុកវៀតណាមជាដៃគូសក្តានុពលក្នុងវិស័យជាច្រើន។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញថាទំនាក់ទំនងទ្វេភាគីកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានឱ្យដឹងថា វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) នៅខែមិថុនាឆ្នាំ ២០១៩។ កាលពីសប្តាហ៍មុន គណៈប្រតិភូសភាអ៊ឺរ៉ុប (EP) បានមកដល់វៀតណាមក្នុងដំណើរទស្សនកិច្ចស្វែងយល់មួយមុនពេលសំរេចចិត្តអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA។ “កិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង EU (PCA) គឺជាការចាប់ផ្តើមនៃទំនាក់ទំនងវៀតណាម - អ៊ឺរ៉ុបលើវិស័យជាច្រើន។ ផ្តើមពីកិច្ចព្រមព្រៀង PCA យើងបានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឬកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តសហភាពអឺរ៉ុប-វៀតណាមស្តីពីការអនុវត្តច្បាប់ព្រៃឈើអភិបាលកិច្ចនិងពាណិជ្ជកម្ម (VPA / FLEGT)។
    |
 |
លោក Giorgio Aliberti ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាមនៅសន្និសីទសារព័ត៌មាននាថ្ងៃទី ១២ ខែវិច្ឆិកា |
នាថ្ងៃទី ១៧ ខែតុលា កន្លងទៅនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអ៊ឺរ៉ុប (ហៅកាត់ថាកិច្ចព្រមព្រៀង FPA) ។ នេះជាវិស័យសហប្រតិបត្តិការថ្មីមួយរវាងភាគីទាំងពីរ” ។
លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ក៏បានលើកឡើងផងដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនបាននាំមកភាពងាយស្រួលសម្រាប់ភាគីទាំងពីរ ប៉ុន្តែក៏ជួបបញ្ហាប្រឈមជាច្រើនផងដែរ។ អាស្រ័យហេតុនេះ វៀតណាមនិងសហភាពអឺរ៉ុបត្រូវចំណាយពេលវេលានិងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា ប៉ុន្ដែការអនុវត្តកិច្ចព្រមព្រៀងនៅមានការលំបាកជាច្រើនដែលទាមទារឱ្យមានការដោះស្រាយសមស្រប។
អាទិភាពពីរសម្រាប់អាណត្តិ ៤ ឆ្នាំ
ក្នុងបរិបទដែលពិភពលោកនិយាយរួម និងវៀតណាមនិយាយដោយឡែកដែលកំពុងប្រឈមមុខនឹងកាលានុវត្តភាពនិងបញ្ហាប្រឈមជាច្រើន លោក Giorgio Aliberti បានលើកឡើងនូវអាទិភាពពីរសម្រាប់អាណត្ដិ ៤ ឆ្នាំក្នុងឋានៈជាឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។ អាទិភាពទីមួយគឺការពារបរិស្ថាននិងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ នេះមិនត្រឹមតែជាបញ្ហារបស់វៀតណាមនិងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាបញ្ហារួមរបស់សកលលោកទៀតផង។
ក្រៅពីនេះ ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Giorgio Aliberti ក៏បានផ្តោតលើការជួយទ្រទ្រង់ដល់ខឿនសេដ្ឋកិច្ចឌីជីថលដែលប្រទេសវៀតណាមកំពុងអនុវត្ត។ លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានកោតសរសើរចំពោះភាពជោគជ័យដែលវៀតណាមសម្រេចបានក្នុងការកែលម្អខឿនសេដ្ឋកិច្ចជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលគួរឱ្យចាប់អារម្មណ៍នេះ ព្រមទាំងលោកវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យនាពេលអនាគតរបស់រដ្ឋាភិបាលវៀតណាមនៅពេលអនុវត្ដខឿនសេដ្ឋកិច្ចឌីជីថលក្នុងបរិបទបដិវត្តឧស្សាហកម្ម ៤.០ ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាសហគមន៍អ៊ឺរ៉ុបនឹងចែករំលែកបទពិសោធន៍ដើម្បីជួយវៀតណាមសម្រេចគោលដៅនេះ៕
បកប្រែដោយ Pham Diep