leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli នៅខាងក្រៅនៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF ដេវូស នៅខែមករា ឆ្នាំ២០១៩ (រូប​ថត៖ vnanet.vn)

មានទីតាំងស្ថិតនៅលើភ្នំនៅភាគខាងត្បូងនៃជួរភ្នំហិម៉ាឡៃ ភាគខាងជើងមានព្រំប្រទល់ជាប់នឹងប្រទេសចិន ហើយផ្នែកមួយទៀតមានព្រំប្រទល់ជាប់នឹងប្រទេសឥណ្ឌា ប្រទេសនេប៉ាល់គឺជាប្រទេសមួយដែលមានប្រវត្តិវប្បធម៌យូរអង្វែង និងមានទេសភាពធម្មជាតិដ៏អស្ចារ្យជាច្រើន ដែលល្បីល្បាញជាងគេគឺជាកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោក។ ក្រៅពីនេះ ប្រទេសនេប៉ាល់ក៏មានបេតិកភណ្ឌពិភពលោកលម្ពិនី(Lumbini) ដែលជាទីប្រសូតរបស់ព្រះពុទ្ធ និងបេតិកភណ្ឌពិភពលោកដទៃទៀតដែរ។

ប្រជាជននេប៉ាល់មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងគាំទ្រចំពោះការតស៊ូដណ្តើមឯករាជ្យ និងឯកភាពជាតិរបស់ប្រជាជនវៀតណាម។ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ១៩៧៥ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានថែរក្សាជាទៀងទាត់ និងពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ក្នុងវិស័យជាច្រើនទាំងនយោបាយ និងពាណិជ្ជកម្ម។

វៀតណាមមានគណៈប្រតិភូជាច្រើនបានទៅធ្វើទស្សនកិច្ចនៅនេប៉ាល់ ជាពិសេសដំណើរទស្សនកិច្ច និងចូលរួមមហាសន្និបាតលើកទី៩ នៃគណបក្សកុម្មុយនីស្តនេប៉ាល់ Marxist-Leninist ឯកភាព (CPN-UML) នៅខែកក្កដា ឆ្នាំ២០១៤ របស់លោកអនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស  និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេប៉ាល់របស់លោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅខែឧសភា ឆ្នាំ២០១៤ និងលោកប្រធានតុលាការប្រជាជនកំពូល នៅខែវិច្ឆិកា ឆ្នាំ២០១៧។

គណៈប្រតិភូជាច្រើននៃប្រទេសនេប៉ាល់បានមកធ្វើទស្សនកិច្ចនៅវៀតណាមដូចជា គណៈប្រតិភូដែលដឹកនាំដោយលោកអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ នៅខែធ្នូ ឆ្នាំ២០០៤ លោកអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ នៅខែមករា ឆ្នាំ២០០៩ លោកប្រធានតុលាការកំពូល នៅខែវិច្ឆិកា ឆ្នាំ២០០៩ និងលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅខែមីនា ឆ្នាំ២០១៧។

អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅប្រទេសនេប៉ាល់ លោកបណ្ឌិត Rajesh Kazi Shrestha បានមកធ្វើទស្សនកិច្ចនៅវៀតណាម នាខែមេសា ឆ្នាំ២០១៦។ ហើយនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli នៅខាងក្រៅនៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF ដេវូស នៅខែមករា ឆ្នាំ២០១៩ ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli នៅខាងក្រៅនៃវេទិកាសេដ្ឋកិច្ចពិភពលោក WEF ដេវូស នៅខែមករា ឆ្នាំ២០១៩ (រូប​ថត៖ vnanet.vn)

ក្រៅពីការពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូផ្នែកនយោបាយ ភាគីទាំងពីរក៏តែងតែផ្លាស់ប្តូរគណៈប្រតិភូផ្នែកពាណិជ្ជកម្ម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងអនុសារណៈយោគយល់គ្នារវាងសមាគមពាណិជ្ជកម្មនៃប្រទេសទាំងពីរដែរ។ ប្រការនេះបានបង្កើតឱ្យមានឱកាសសម្រាប់សហគមន៍ធុរជននៃភាគីទាំងពីរក្នុងការអនុវត្តសកម្មភាពពាណិជ្ជកម្ម និងធ្វើអាជីវកម្ម។

ជិតពាក់កណ្តាលសតវត្សរ៍នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - នេប៉ាល់តែងតែចូលរួមជាមួយគ្នាដើម្បីពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណីវាងប្រទេសទាំងពីរ។ វៀតណាមបានផ្តល់ប្រាក់ជំនួយឱ្យនេប៉ាល់ចំនួន ៥ ម៉ឺនដុល្លារអាមេរិកដើម្បីយកឈ្នះលើផលវិបាកនៃគ្រោះរញ្ជួយដីនៅឆ្នាំ២០១៥ ហើយប្រទេសនេប៉ាល់ក៏បានគាំទ្រយ៉ាងសកម្មចំពោះវៀតណាមក្នុងការការពារប្រជាពលរដ្ឋដែរ។

ភាគីទាំងពីរកំពុងជំរុញឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការ ព្រមទាំងបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ សមាគមមិត្តភាពវៀតណាម - នេប៉ាល់ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១៤។ ស្ថានកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅ Kathmandu ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១៦។

ក្រៅពីទំនាក់ទំនងនយោបាយល្អ ក៏ដូចជាការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹងជានិច្ច ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម  និងនេប៉ាល់ក៏កំពុងកើនឡើងជាបន្តបន្ទាប់ដែរ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ៣៨ លានដុល្លារអាមេរិក។

នៅក្នុងតុល្យភាពពាណិជ្ជកម្មជាមួយប្រទេសនេប៉ាល់ ការនាំចេញរបស់វៀតណាមទៅកាន់នេប៉ាល់មានការកើនឡើងខ្ពស់ជានិច្ច។ ទំនិញនាំចេញសំខាន់របស់វៀតណាមទៅកាន់ប្រទេសនេប៉ាល់រួមមាន ម្រេច ប្លាស្ទិច ផលិតផលវាយនភ័ណ្ឌ និងទំនិញបង្កកជាដើម។ ការនាំចូលពីប្រទេសនេប៉ាល់មកកាន់វៀតណាមមានបរិមាណតិចតួច ភាគច្រើនជាសម្ភារៈវាយនភ័ណ្ឌ ស្បែក និងស្បែកជើង។ បច្ចុប្បន្ន  ក្រុមហ៊ុនសាជីវកម្មប្រៃសនីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានបង្កើតការិយាល័យទំនាក់ទំនងក្នុងប្រទេសនេប៉ាល់ហើយ។

វិស័យទេសចរណ៍គឺជាផ្នែកមួយមានសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំនួនអ្នកទេសចរវៀតណាមទៅប្រទេសនេប៉ាល់មាននិន្នាការកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈទេសចរណ៍ខាងវិញ្ញាណ ឡើងភ្នំ និងទេសចរណ៍បែបផ្សងព្រេង។ នៅឆ្នាំ២០១៧ អ្នកទេសចរវៀតណាមជាង ៧,០០០ នាក់បានមកប្រទេសនេប៉ាល់។ ដោយប្រទេសនេប៉ាល់កំពង់សាងសង់ព្រលានយន្តហោះអន្តរជាតិនៅទីប្រសូតរបស់ព្រះពុទ្ធនៅលម្ពិនី(Lumbini)នោះ ភាគីទាំងពីរសង្ឃឹមថា ចំនួនអ្នកទេសចរវៀតណាមទៅកាន់ទីប្រសូតរបស់ព្រះពុទ្ធនឹងកើនឡើងយ៉ាងឆាប់រហ័ស។

ចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអន្តរជាតិ។ ប្រទេសនេប៉ាល់បានគាំទ្រវៀតណាមជាប្រទេសមានខឿនសេដ្ឋកិច្ចទីផ្សារ នៅខែតុលា ឆ្នាំ២០១៤ ហើយគាំទ្រវៀតណាមឈរជាបេក្ខភាពសមាជិកនៃក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ នៅខែវិច្ឆិកា ឆ្នាំ២០១៣  ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៦ - ២០១៨ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ​២០២០-២០២១។ វៀតណាមគាំទ្រនេប៉ាល់ចូលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងអាណត្តិ២០១៨ - ២០២០។ ប្រទេសទាំងពីរក៏ជាសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) ផងដែរ។

ក្នុងបរិបទនៃទំនាក់ទំនងមិត្តភាព​ជា​ប្រពៃណីរវាងវៀតណាម និងនេប៉ាល់មានការអភិវឌ្ឍដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានភាពរីកចម្រើន ហើយ​វិស័យវប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជនមានសក្តានុពលជាច្រើន ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli និងលោកជំទាវនឹងរួមចំណែកក្នុងការបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងនេប៉ាល់ ដោយជំរុញ និងបង្កើតការផ្លាស់ប្តូរថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan