វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៥ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋាភិបាលវៀតណាមដូចជាលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Van Dong ... បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី។ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Sukarno ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ នៅឆ្នាំ១៩៥៧ សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីត្រូវបានបង្កើតឡើង។ ចាប់ពីឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ដំណាក់កាលថ្មី ដោយដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតី Sukarno នៅខែវិច្ឆិកា ឆ្នាំ១៩៩០។ នេះជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងរយៈពេលជាង៣០ឆ្នាំ ហើយនេះក៏ជាដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមជាលើកដំបូងរបស់ប្រមុខរដ្ឋនៅតំបន់អាស៊ាន និងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងចាប់ពីឆ្នាំ១៩៧៥ មក (លើកលែងតែប្រទេសឡាវ និងប្រទេសកម្ពុជា) ផងដែរ។ ចាប់ពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរបន្តពូនជ្រំ និងកសាងឡើងឲ្យកាន់តែរីកចម្រើនថែមទៀត។ នៅខែមិថុនា ឆ្នាំ២០១៣ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលបង្កើតជាផ្លូវការនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។ ហើយនៅខែសីហា ឆ្នាំ២០១៧ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី។ ដំណើរទស្សនកិច្ចជាលើកដំបូងនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីលោក Joko Widodo និងលោកជំទាវ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម-វិនិយោគ សន្តិសុខ ការពារជាតិ វប្បធម៌ កីឡា កសិកម្ម ហិរញ្ញវត្ថុ ថាមពល និងអប់រំ មានភាពរីកចម្រើនយ៉ាងខ្លាំងក្លា។

ទំហំពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌូនេស៊ី មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលទទួលបានជាង ៦,៥ ពាន់លានដុល្លារនៅឆ្នាំ២០១៧ និង៤,៧ពាន់លានដុល្លារ នៅ៧ខែដំបូងនៃឆ្នាំ២០១៨។ ប្រទេសទាំងពីរកំពុងព្យាយាមបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់១០ពាន់លានដុលា្លរនៅពេលខាងមុខ។ គិតមកត្រឹមខែមិថុនា ឆ្នាំ២០១៨ ប្រទេសឥណ្ឌូនេស៊ីបន្តជាប់ចំណាត់ថ្នាក់ទី ៥ នៅអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី ៣០ ក្នុងចំណោម ១២៦ ប្រទេសដែលកំពុងវិនិយោគទុននៅប្រទេសវៀតណាម ដោយមានគម្រោងចំនួន៧១ ដែលមានតម្លៃជាង ៥០០លានដុល្លារផងដែរ។

ប្រទេសឥណ្ឌូណេស៊ីគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេបំផុតដែលមានទំនាក់ទំនងលើវិស័យសន្តិសុខការពារជាតិជាមួយវៀតណាម។ នៅឆ្នាំ១៩៦៤ ឥណ្ឌូនេស៊ីបានដាក់ការរិយាល័យអនុព័ន្ធយោធានៅទីក្រុងហាណូយ។ ហើយនៅឆ្នាំ១៩៨៥ វៀតណាមក៏បានដាក់ការរិយាល័យអនុព័ន្ធយោធានៅទីក្រុងហ្សាកាតាដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាច្រើនទាំងថ្នាក់រដ្ឋមន្រ្តី ទាំងថ្នាក់ឧត្តមសេនីយ៍ជាន់ខ្ពស់នៃក្រសួងការពារប្រទេស និងក្រសួងនគរបាលដែរ ហើយបានអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យរួមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ដំណាក់កាល២០១៧-២០២២ សន្ធិសញ្ញាធ្វើបត្យប័ន និងកិច្ចព្រមព្រៀងស្តីពីជំនួយយុត្តិធម៌នៃផ្នែកព្រហ្មទណ្ឌ។

លើសពីនេះទៀត ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍អំពីនីតិបញ្ញត្តិ នីតិប្រតិបត្តិការ និងយុត្តិធម៌ ទាំងនៅថ្នាក់មជ្ឈិម ថ្នាក់មូលដ្ឋាន និងអង្គការមហាជននានាដែរ។ ទន្ទឹមនឹងនោះ ការផ្លាស់ប្តូរវប្បធម៌ កីឡា ត្រូវបានបន្តពង្រឹង និងពង្រីក។ ជារៀងរាល់ឆ្នាំ ប្រទេសឥណ្ឌូនេស៊ីបានផ្តល់អាហារូបករណ៍រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែងដល់ប្រទេសវៀតណាមក្នុងវិស័យអប់រំ វប្បធម៌ និងភាសាជាដើម។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើមុខរបរនេសាទ និងបញ្ហាសមុទ្រនានា (នៅខែតុលា ឆ្នាំ២០១០) អនុស្សារណៈយោគយល់គ្នាលើវិស័យកសិកម្ម ហិរញ្ញវត្ថុ និងថាមពល (ឆ្នាំ២០១៣) និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ(ឆ្នាំ២០១៧) ...

វៀតណាមនិងឥណ្ឌូណេស៊ីក៏សហការយ៉ាងជិតស្និទ្ធក្នុងបណ្តាវេទិកាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ចាប់ពីពេលដែលវៀតណាមបានចូលជាសមាជិករបស់អាស៊ានមក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ចាប់ពីពេលដែលលោកឡើងកាន់មុខតំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៤មក។ ដំណើរទស្សនកិច្ចលើកនេះបានធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងឥណ្ឌូណេស៊ីបានឈានដល់ដំណាក់កាលថ្មីចាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌូណេស៊ីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅខែសីហា ឆ្នាំ២០១៧ មក។ យើងអាចជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងទទួលបានជោគជ័យ និងជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ និងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូណេស៊ីនៅក្នុងដំណាក់កាលថ្មី បន្ទាប់ពី៥ឆ្នាំ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ៕

បកប្រែដោយ Duy Hoan