នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីទាំងបីរូបបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលដែលប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា សម្រេចបានក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា-ឡាវ កំពុងត្រូវបានពង្រឹង និងពង្រីកលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងឱ្យប្រជាជននៃប្រទេសទាំងបី។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc លោកនាយករដ្ឋមន្រ្តីឡាវ Thongloun Sisoulith និង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ (រូបថត៖ Chinhphu.vn )

នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបីបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍អនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចប្រជុំកំពូលអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមលើកទី៩ (CLV 9) នៅទីក្រុងសៀមរាប នាខែវិច្ឆិកា ឆ្នាំ២០១៦; ឯកភាពគ្នាការពារបរិស្ថាន គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ទប់ទល់នឹងបញ្ហាបំរែបំរួលអាកាសធាតុ និងគ្រប់គ្រងធនធានទឹក; កៀរគរដើមទុនវិនិយោគពីដៃគូអភិវឌ្ឍន៍ និងសហគ្រាសនានា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនៅអនុតំបន់មេគង្គ និងយន្តការសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងអង្គការសហប្រតិបត្តិការសេដកិច្ចទន្លេទាំង៣ Ayeyarwady-Chao Phraya-Mekong (ACMECS)។

ក្នុងឱកាសនេះនាយករដ្ឋមន្ត្រីទាំងបីបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងតំបន់ និងអន្តរជាតិ ហើយឯកភាពសហការជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀតក្នុងការអនុវត្តកិច្ចប្រជុំកំពូលអាស៊ានលើកនេះប្រកបដោយជោគជ័យក្នុងគោលបំណងកសាងសហគមន៍អាស៊ានមួយដ៏រឹងមាំប្រកបដោយសន្តិភាព ស្ថិរភាព និងសាមគ្គីភាព ម៉្យាងទៀត រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងតំបន់ និងលើ ពិភពលោក៕

បកប្រែដោយ Thanh Cong