សាធារណមតិអន្ដរជាតិអំពីការត្រៀមរៀបចំរបស់វៀតណាមសម្រាប់កិច្ចប្រជុំកំពូល សហរដ្ឋអាមេរិក - កូរ៉េខាងជើងលើកទី ២
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ ត្រូវបានរៀបចំយ៉ាងឱឡារិក ហ្មត់ចត់ និងធានាបានសន្ដិសុខ
កប.អនឡាញ - ក្នុងប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ ប្រទេសវៀតណាមបានទាក់ទាញការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសារព័ត៌មានអន្ដរជាតិបន្ទាប់ពីធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២។ ក្រៅពីការផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលនេះ សារព័ត៌មានអន្ដរជាតិក៏បានវាយតម្លៃលើការត្រៀមរៀបចំរបស់ប្រទេសម្ចាស់ផ្ទះវៀតណាមដែរ។
ទីភ្នាក់ងារសារព័ត៌មាន AP របស់សហរដ្ឋអាមេរិកបានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ខ្លួនចំពោះការទទួលស្វាគមន៍របស់វៀតណាមចំពោះប្រធានាធិបតីអាមេរិកលោក Donald Trump។ ខណៈដែលទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) បានផ្សាយពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋវៀតណាមចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថា "តាមរយៈប្រភពព័ត៌មានទាំងឡាយ យើងខ្ញុំឃើញថា រដ្ឋាភិបាល និងប្រជាជនវៀតណាមបានមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់"។
    |
 |
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ត្រូវបានធ្វើឡើងនៅទីក្រុងហាណូយបានទាក់ទាញការយកចិត្តទុកដាក់ពីមិត្តភក្តិអន្តរជាតិ |
យោងតាមសារព័ត៌មាន Straitstimes របស់សិង្ហបុរី បានឲ្យដឹងថា ទង់ជាតិរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើងលេចឡើងនៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ។ សារព័ត៌មាន Straitstimes បានសង្កត់ធ្ងន់ថា ស្ថានការណ៍សន្តិសុខសម្រាប់កិច្ចប្រជុំកំពូលលើកទី ២ រវាងអាមេរិក និងកូរ៉េខាងជើងត្រូវបានរឹតបន្តឹង។ ក្នុងអត្ថបទមួយដែលមានចំណងជើងថា "កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង បានជួយឲ្យវៀតណាមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង”។ សារព័ត៌មាន Financial Times របស់អង់គ្លេសបានផ្សាយថា “កម្មករ កម្មារិនីនៅហាណូយក្នុងសប្ដាហ៍នេះបានដាំផ្កាគ្រប់ប្រភេទ និងដើមឈើលំអ ក៏ដូចជាព្យួរទង់ជាតិរបស់កូរ៉េខាងជើង និងអាមេរិក” ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា នៅទូទាំងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានធ្វើឡើងល្អណាស់។
សារព័ត៌មាន The Australian របស់អូស្ត្រាលីបានចេញផ្សាយអត្ថបទមួយស្តីពីតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិងកូរ៉េខាងជើង។ The Australian បានឲ្យដឹងថា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ផ្លូវជាច្រើននៅក្រុងហាណូយត្រូវបានតុបតែងលម្អយ៉ាងស្អាតដោយផ្កានិងដើមឈើលំអនិងពន្លឺភ្លើងព្រោងព្រាត។ The Australian ក៏បានឱ្យដឹងផងដែរថា ក្រុងហាណូយមានតែ ១០ ថ្ងៃប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកនេះតិចជាងរយៈពេលពីរខែដែលប្រទេសសិង្ហបុរីត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី ១ ប៉ុន្តែប្រទេសវៀតណាមបានធានាសន្តិសុខល្អបំផុតសម្រាប់មេដឹកនាំទាំងពីរអាមេរិក និងកូរ៉េខាងជើង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានអះអាងថា ការដែលប្រទេសវៀតណាមត្រូវបានជ្រើសរើសរៀបចំកិច្ចប្រជុំកំពូលលើកនេះពីព្រោះថា "បច្ចុប្បន្នវៀតណាមកំពុងអនុវត្តគោលនយោបាយការបរទេសជាមួយការទទួលខុសត្រូវខ្ពស់ និងជាប្រទេសបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីទាំងអស់"។ ព្រមទាំងបង្ហាញច្បាស់លាស់ពីតួនាទី និងកិត្យានុភាពកាន់តែកើនឡើងរបស់វៀតណាមក្នុងតំបន់និងលើពិភពលោក។ ការវាយតម្លៃដែលមានលក្ខណៈសត្យានុម័តិរបស់អ្នកយកព័ត៌មានបរទេសបានបង្ហាញឲ្យឃើញពីការទទួលស្គាល់របស់មិត្តភ័ក្កអន្តរជាតិចំពោះការរួមចំណែករបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី ២៕
បកប្រែដោយ Pham Diep