នាថ្ងៃទី ២៧ កុម្ភៈ ក្នុងបទថ្លែងការមួយ ក្រោយកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី និងឥណ្ឌា នៅក្រុង Wuzhen ភាគខាងកើតប្រទេសចិន រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនៅទីក្រុងហាណូយ រវាងអាមេរិក និងកូរ៉េខាងជើង មិនត្រឹមតែធ្វើឱ្យមានភាពកក់ក្តៅប៉ុណ្ណោះទេ ថែមទាំងជា "ជំហានដ៏សំខាន់មួយ" ឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក៏ដូចជាបង្កើតយន្តការសន្តិភាពមួយផងដែរ។

តាមលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនឲ្យ​ដឹង​ថា​ ពិភពលោកក្នុងឆ្នាំ ២០១៩ នេះមានទាំងក្តីសង្ឃឹមផង និងបញ្ហាប្រឈមផង ។ ជាពិសេស នាសប្តាហ៍នេះ គឺជាពេលវេលាដែលមានសារៈសំខាន់ ទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។ លោកសង្ឃឹមថា កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកនេះអាចនាំមកនូវ "ជំហានថ្មី" ដែលពាក់ព័ន្ធទៅនឹងបញ្ហានុយក្លេអ៊ែរ និងការបង្កើតសន្តិភាពនៅឧបទ្វីបកូរ៉េ។

leftcenterrightdel
រូបភាពនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង នៅទីក្រុងហាណូយ (រូបថត៖ Straitstimes)

ទន្ទឹមនឹងនោះ នៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី ២៧ ខែកុម្ភៈ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ថា ថ្វៃត្បិតតែការធ្វើសម្បទានណាមួយ ដែលត្រូវបានលោកប្រធានាធិបតីអាមេរិក Donald Trump ឬមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un លើកឡើងនៅក្នុងកិច្ចប្រជុំកំពូល ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយក៏ដោយ ក៏មានអត្ថន័យសំខាន់ទាំងអស់ ព្រោះគេចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍នេះត្រូវបានលើកឡើងសម្រាប់ឆ្លើយតបទៅនឹងការថ្លែងមួយចំនួនដែលថា កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េលើកទីពីរនេះនឹងទាល់តែសម្រេចបានភាពជឿនលឿនដែលមានអត្ថន័យ បើបណ្តាប្រទេសសម្រេចបាន "កិច្ចព្រមព្រៀងធំៗ" ដែលយោងតាមនោះ ប្រទេសកូរ៉េខាងជើងត្រូវ​យល់ព្រមអនុវត្តយ៉ាងសកម្មការរំសាយនុយក្លេអ៊ែរ។ តាមលោក Kim Eui -Kyeom ឲ្យដឹងថា នេះគឺជាដំណើរការជាបន្តបន្ទាប់ ហើយក្នុងកិច្ចព្រមព្រៀងធំៗ នឹងរួមបញ្ចូលកិច្ចព្រមព្រៀងតូចៗដែរ។

កិច្ចប្រជុំលើកទីពីរនៅទីក្រុងហាណូយរវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ត្រូវបានធ្វើឡើងក្រោយ​​រយៈពេលជាង ៨ ខែ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៅប្រទេសសិង្ហបុរី។ មនុស្សជាច្រើនរំពឹងថា កិច្ចប្រជុំនេះនឹងបង្កើតលទ្ធផលប្រកបដោយចីរភាព និងជាក់លាក់ ដែលទាក់ទងទៅនឹងដំណើររំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ក៏ដូចជាតាមរយៈនោះ ភាគីទាំងពីរអាចចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ សម្រាប់បញ្ចប់សង្គ្រាមកូរ៉េ (1950-1953)។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ វៀតណាមទទួលបានការវាយតំលៃខ្ពស់ពីសំណាក់មតិសាធារណៈអន្តរជាតិ ក្នុងតួនាទីជាដៃគូជម្រុញសន្តិភាព។

មិនត្រឹមតែសរសើរការត្រៀមរៀបចំ និងការធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងតែប៉ុណ្ណោះទេ ការសែត Straits Times (សិង្ហបុរី) ក៏បានចេញផ្សាយអត្ថបទមួយដែលសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម រួសរាយរាក់ទាក់ មានការយល់ដឹង និងច្នៃប្រឌិត។ អត្ថបទនេះបានផ្សាយថា ទីក្រុងហាណូយមានតែ ១០ ថ្ងៃប៉ុណ្ណោះ ដើម្បីសម្រេចការត្រៀមរៀបចំកិច្ចប្រជុំនេះ។ ហេតុដូច្នេះ មុនពេលមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un  និងប្រធានាធិបតីអាមេរិក លោក Donald Trump  មកដល់ទីក្រុងហាណូយ កម្មករ កម្មការិនីទាំងឡាយបានខិតខំធ្វើការទាំងថ្ងៃ ទាំងយប់ដើម្បីសំអាត និងកែលម្អទេសភាពនៅជិតសណ្ឋាគារ ដែលជាកន្លែងស្នាក់នៅរបស់មេដឹកនាំអាមេរិក និងកូរ៉ខាងជើង។ ចំណុចនេះបាន​បង្ហាញថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនេះ។

ទន្ទឹមនឹងនេះដែរ កាសែតជប៉ុន Times បានផ្សាយអត្ថបទមួយដែលមានចំណងជើងថា "វៀតណាមទទួលតួនាទីបង្កើតសន្តិភាព តាមរយៈកិច្ចប្រជុំកំពូលលើកទីពីរ រវាងអាមេរិក និងកូរ៉េខាងជើងក្នុងបរិបទដែលកំ​ពុង​រិៈរកវិធីធ្វើឱ្យមានតុល្យភាពក្នុងទំនាក់ទំនងការទូតរវាងបណ្តាភាគី។ អត្ថបទនេះបានលើកឡើងថា វៀតណាមដើរតួនាទីជាដៃគូជម្រុញសន្តិភាព ដោយសង្កត់ធ្ងន់ថា វៀតណាមក្លាយទៅជាកន្លែងដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់នេះ គឺជាចំណុចសំខាន់មួយដែលបង្ហាញថា ប្រទេសនេះកំពុងលេចឡើងជាសមាជិកគួរឱ្យទុកចិត្ត មានទំនួលខុសត្រូវ ក្នុងសហគមន៍អន្តរជាតិ។ វៀតណាម ជាប្រទេសដែលបានជម្រុញសន្តិភាពជាមួយបណ្តាប្រទេសដែលធ្លាប់ប្រឈមមុខដាក់គ្នាជាមួយវៀតណាមកាលពីអតីតកាល។ ហើយឥឡូវនេះ វៀតណាមកំពុងជួយប្រទេសផ្សេងៗទៀតឱ្យធ្វើដូចអញ្ចឹង។ យោងតាមអត្ថបទនេះ ចាប់តាំងពីដើមទសវត្ស ១៩៩០ មក វៀតណាមបានចាប់ផ្តើមចេញផុតពីភាពឯកោការទូត និងចង់ពង្រឹងទំនាក់ទំនងជាមួយមហាអំណាចពិភពលោក ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់។ ការពង្រឹងកិត្យានុភាពអន្តរជាតិរបស់វៀតណាម តាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទីពីរ ស្របតាមយុទ្ធសាស្ត្រខាងលើរបស់វៀតណាម៕

បក​ប្រែ​ដោយ Duy Hoan