ខ្លឹមសារនៃខ្សែភាពយន្តឯកសារ "វៀតណាម - កម្ពុជា - ពេលវេលាបំភ្លេចមិន​បានឡើយ" បង្ហាញពីបំណងប្រាថ្នាសន្តិភាពរបស់ប្រជាជនវៀតណាម និងប្រ​ជាជន​កម្ពុជា រួមជាមួយកិច្ចខិតខំប្រឹងប្រែងតាមរយៈការទូតរបស់បក្ស និងរដ្ឋវៀតណាម ដើម្បីរក្សាព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈខ្សែភាពយន្តនេះ ជាថ្មីម្តងទៀតបានបញ្ជាក់ពីស្មារតីសាមគ្គីភាពអន្តរជាតិ និងការជួយគាំទ្រដ៏ថ្លៃថ្លា របស់កងទ័ព និងប្រជាជនវៀតណាម ដែល​រួមជាមួយកងកម្លាំងស្នេហាជាតិរបស់កម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយអោយប្រទេសកម្ពុជារស់ឡើងវិញ។ ក្នុងដំណាក់កាលបដិវត្តនាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីក​ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ចំពោះខ្សែភាពយន្តឯកសារដ៏មានតម្លៃដែលសិល្បករ សីល្បការិនី និងអ្នកយកព័ត៌មានកង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​ទាំង​ឡាយ​បាន​​ប្តូរជា​ឈាមស្រស់របស់ខ្លួន ខ្សែភាពយន្តឯកសារ "វៀតណាម - កម្ពុជា - ពេលវេលាបំភ្លេចមិន​បានឡើយ" បានធ្វើឲ្យទស្សនិកជន​មានការយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីឧក្រិដ្ឋកម្មដ៏សាហាវរបស់ពួក ប៉ុល ពត និងថ្កោលទោសរបបប្រល័យពូជសាសន៍។ ទន្ទឹមនឹងនេះ ជាការកៀកស្មានឹងគ្នារវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ផ្តួលរំលំរបបប្រល័យពូជសាសន៍ ជួយប្រទេសកម្ពុជារស់ឡើងវិញ ព្រមទាំង ជាការបង្ហាញនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនា​ពេល​កន្លង​មក​ផងដែរ។

leftcenterrightdel
ឈុតឆាកមួយក្នុងខ្សែភាពយន្តឯកសារ "វៀតណាម - កម្ពុជា - ពេលវេលាបំភ្លេចមិន​បានឡើយ"

ខ្សែភាពយន្តនេះ ត្រូវ​បាន​ចាប់ផ្តើមពីបរិបទនៃប្រទេសកម្ពុជាកាលពីជាង ៤០ ឆ្នាំមុន នៅពេលដែលទាំងប្រជាជន ទាំងព្រះមហាក្សត្រ ទាំងកូនចៅនៃវង្សានុ​វង្ស បានក្លាយទៅជាជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពួក ប៉ុល ពត បានអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ និងការបោសសម្អាតផ្ទៃក្នុង ប្រែទីក្រុងភ្នំពេញក្លាយទៅជាកន្លែងមួយក្នុងចំណោម១០កន្លែងដែលគួរឱ្យខ្លាចបំផុតនៅលើពិភពលោក។ វាលពិឃាតកើត​មាន​ឡើង​ច្រើនឡើងៗ រណ្តៅ​កប់​ខ្មោច​មាននៅគ្រប់ទីកន្លែង។ ប្រជាជន​ខ្មែរជិត ៣ លាននាក់បានស្លាប់ដោយជំងឺ ដោយ​អត់ឃ្លាន និងការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងឃោឃៅព្រៃផ្សៃ។ ពួក ប៉ុល ពត បានជម្រុញជាតិសាសន៍ខ្លួនឯងធ្លាក់ទៅក្នុងការ​គំនុំ​គំ​គួន និងភាពឈឺចាប់ខ្លោចផ្សា នៃគ្រោះ​ប្រល័យពូជសាសន៍។

ទន្ទឹមនឹងការអនុវត្តគោលនយោបាយគ្រប់គ្រងផ្ទៃក្នុងយ៉ាងឃោឃៅសាហាវ ដោយទទួលបានការជួយគាំទ្រពីសំណាក់​ពួកប្រតិកិរិយាបរទេស អាជ្ញាធរខ្មែរក្រហមបានបំ​ផ្លិច​បំ​ផ្លាញ​ទំនាក់ទំនងវៀតណាម - កម្ពុជា ចាត់ទុកវៀតណាមជាសត្រូវលេខ១ ដែល​ត្រូវកម្ចាត់ចោល​ និងប្រកាសថា ជម្លោះរវាងប្រទេសទាំងពីរគឺជាជម្លោះដែលមិនអាចសម្រុះសម្រួលបាន ដោយចាំចាច់​ត្រូវ​តែប្រើវិធានការយោធាជា​មិន​ខាន។

នៅវៀតណាម នាថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៧ ខណៈពេលដែលប្រទេសវៀតណាមកំពុងប្រារព្ធទិវាឯកភាពប្រទេសជាតិ ពួក ប៉ុល ពត បានរំលោភបំពានលើអធិបតេយ្យភាពព្រំដែនវៀតណាម កាប់សម្លាប់មនុស្ស ប្លន់ទ្រព្យសម្បត្តិ បង្កការភ័យស្លន់ស្លោចំពោះប្រជាជននៅខេត្ត Tay Ninh និងខេត្ត An Giang ។ ប្រជាជនវៀតណាមរាប់ពាន់នាក់ត្រូវកាប់សម្លាប់។ កាលពីដើមខែឧសភា ឆ្នាំ១៩៧៥ នៅពេលដែលវៀតណាមទើបតែបានឯកភាពប្រទេសជាតិ  កងទ័ព ប៉ុល ពត បានរំលោភបំពានលើកោះ Phu Quoc សម្លាប់ជនស៊ីវិលរាប់រយនាក់។

ប្រឈមមុខនឹងសភាពការណ៍នេះ កងទ័ពប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្ស បានសម្រេចចិត្តបញ្ជូនកងកម្លាំងស្រួចមួយផ្នែកទៅកាន់ព្រំដែនភាគនិរតី ដើម្បីការពារអធិបតេយ្យភាព ការពារប្រជាពលរដ្ឋ និងវាយកម្ទេចល្បិចកលរបស់ ប៉ុល ពត។ នាគ្រានោះដែរ ប្រធានកងវរសេនាធំ នៃកងទ័ពខ្មែរក្រហម លោក ហ៊ុន សែន បានជំទាស់នឹងរបបប្រល័យពូជសាសន៍ និងការក្បត់ចំណងសាមគ្គីភាពវៀតណាម - កម្ពុជារបស់អាជ្ញាធរដែលដឹកនាំដោយ ប៉ុល ពត។  លោក ហ៊ុន សែន រួមជាមួយមិត្តរួមអាវុធមួយចំនួនទៀតបានឆ្លង​ដែល​ទៅប្រទេសវៀតណាម អំពាវនាវជំនួយពីវៀតណាម ដើម្បីប្រឆាំងនឹងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កងលេខ ១២៥ ជាអង្គការដើម នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលលោក ហ៊ុន សែន ជាមេបញ្ជាការ ត្រូវបានបង្កើតឡើងនៅ Long Giao  ខេត្ត Dong Nai។ ហើយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង បានអំពាវនាវឱ្យបង្រួបបង្រួមប្រជាជនទាំងមូល ក្រោកឈរឡើងវាយផ្ដួលរំលំរបប ប៉ុល ពត លុបបំបាត់ចោល​របបដ៏សាហាវឃោឃៅនេះ។ ព្រមទាំង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក៏បានអំពាវនាវរដ្ឋាភិបាល និងកងទ័ពប្រជាជនវៀតណាម ជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់នេះ ហើយវៀតណាម​ប្រ​កាន់​គោល​ជំ​ហរ ជួយមិត្តគឺជួយខ្លួនឯង កងទ័ព​ស្ម័គ្រចិត្តវៀតណាមបានអនុវត្តសិទ្ធិការពារខ្លួនឯងដ៏ត្រឹមត្រូវ ប្រឆាំងនឹងការវាយប្រហារឈ្លានពានរបស់ពួក ប៉ុល ពត កៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា បើកការវាយសម្រុកយ៉ាងឆាប់រហ័ស វាយបំបាក់​កងកម្លាំងខ្មែរក្រហម។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញត្រូវបានរំដោះទាំងស្រុង។ របបខ្មែរក្រហមបានដួលរលំ។ ទោះបីជាប្រទេសវៀតណាមនៅមានការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែក្នុង​ស្មារតីបរិសុទ្ធ ស្មោះត្រង់ កងទ័ព និងប្រជាជនវៀតណាម បានដឹកបញ្ជូនស្បៀងអាហារ និងឱសថរាប់រយតោន មកជួយប្រជាជនកម្ពុជា ជំនះការអត់ឃ្លាន និងជំងឺ។ វៀតណាម​បាន​បន្តកៀកស្មាជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាការពារភូមិ ស្រុក វាយឱ្យបរជ័យរាល់ការវាយបករបស់កងទ័ព ប៉ុល ពត ជួយប្រទេសមិត្តការពារបូរណភាពទឹកដីក្នុងរយៈពេល ១០ ឆ្នាំ បន្ទាប់ពីបានរំដោះ។

leftcenterrightdel
ឈុតឆាកមួយក្នុងខ្សែភាពយន្តឯកសារ "វៀតណាម - កម្ពុជា - បណ្តាឆ្នាំ​ដែលបំភ្លេចមិន​បានឡើយ"

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩ វៀតណាម និងកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ ដែលជាការកត់សម្គាល់នៃការអភិវឌ្ឍដ៏សំខាន់ក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា។ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ មកដល់ពេលនេះ វៀតណាមគឺជាវិនិយោគិនធំលំដាប់ទី៥ នៅក្នុងចំណោម ៥០ ប្រទេស និងតំបន់ដែនដី ដែលវិនិយោគទុននៅប្រទេសកម្ពុជា ដោយមានគម្រោងសេដ្ឋកិច្ចជិត២០០គម្រោង ។ និមិត្តរូប នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរគឺស្តូបមិត្តភាពវៀតណម-កម្ពុជា ចំនួន១៧ ត្រូវបានកសាងឡើងនៅទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនវៀតណាម និងការដឹងគុណដល់យុទ្ធជនបានបំពេញភារកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម ដើម្បីជួយប្រជាជនកម្ពុជារស់រានមានជិវិតឡើងវិញ។ 

ខ្សែភាពយន្ត "វៀតណាម - កម្ពុជា - ពេលវេលាដែលមិនអាចបំភ្លេចឡើយ" បានបញ្ជាក់ម្ដងទៀតអំពីប្រៀបខ្លាំង របស់​អង្គភាព​ភាពយន្តកងទ័ពប្រជាជនវៀតណាម ក្នុងវិ​ស័យ​ខ្សែភាពយន្តឯកសារស្តីពីសង្រ្គាម ដោយខ្សែភាពយន្តប្រវត្តិសាស្ត្រមួយ​ចំនួន​ក្នុងខ្សែភាពយន្តនេះ ភាគច្រើនជាឯកសាររបស់អ្នកថត និងអ្នកដឹកនាំថតរឿង នៃអង្គភាព​ភាពយន្តកងទ័ពប្រជាជនវៀតណាម។ ជាពិសេស ក្នុងចំណោមអ្នកចូលរួមធ្វើខ្សែភាពយន្តនេះ មានអ្នកខ្លះដែលធ្លាប់ឆ្លងកាត់សង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម ហើយ​អ្នកខះបានមកប្រទេសកម្ពុជា ដើម្បីជួយប្រទេសមិត្ត វាយផ្តួលរំលំរបបប្រល័យពូជសាសន៍ដែរ។ ដោយមានបទពិសោធន៍ជាច្រើន បណ្តាអ្នកដឹកនាំថតរឿងបានបែងចែកការងារនឹងគ្នា អ្នកខ្លះធ្វើការនៅទីក្រុងហាណូយ អ្នកខ្លះ​ធ្វើការនៅខាងត្បូងវៀតណាម ហើយអ្នកខ្លះប្រមូលឯកសារ។ ដោយមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិកទាំងអស់ នៃអង្គភាព​ភាពយន្តកងទ័ពប្រជាជនវៀតណាម រួមជាមួយជំនួយពីសហការី នៃប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារ "វៀតណាម - កម្ពុជា បណ្តា​ឆ្នាំ​ដែល​បំភ្លេចមិន​បាន​ឡើយ" ត្រូវបានសម្រេចក្នុងរយៈពេលជិត២ខែតែប៉ុណ្ណោះ។ ហើយ​មិនត្រឹមតែប្រើសម្រាប់រំលឹកខួបលើកទី៤០ នៃសង្គ្រាមការការពារព្រំដែនភាគនិរតីវៀតណាម និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាដណ្ដើមយកជ័យ​ជំ​នះ​លើរបបប្រល័យពូជសាសន៍តែប៉ុណ្តោះទេ ខ្សែភាពយន្តនេះជាថ្មីម្តងទៀតបានបញ្ជាក់អះអាងពីការអភិវឌ្ឍយ៉ាងល្អប្រសើរ នៃទំនាក់ទំនងមិត្តភាពរវាង​វៀតណាម និង​កម្ពុជាផងដែរ៕

បកប្រែដោយ Duy Hoan