ក្នុងស្ថានភាពនោះ អគ្គសេនាធិការដ្ឋាន នៃ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាមបានបញ្ជាឲ្យកងពលធំលេខ ៣៤១ បញ្ជូនកងទ័ពទៅ​ជួយ​គាំ​ទ្រ​​​យោធភូមិភាគទី ៩ ដើម្បីត្រៀមប្រយុទ្ធជាស្រេច ព្រមទាំងបញ្ជាឲ្យអង្គភាពទាំងឡាយ​នៅតាមព្រំដែនភាគនិរតីលើកកំពស់ការប្រុងប្រយ័ត្ន ធ្វើការ​ការពា​ទប់ទល់យ៉ាងសកម្មដើម្បីជួយបក្ស និងរដ្ឋវៀតណាម​ក្នុង​ការ​តស៊ូខាងនយោបាយ និងការបរទេស។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៨ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានចេញសេចក្តីប្រកាស ៣ ចំណុចគឺ៖ បញ្ចប់រាល់សកម្មភាពយោធា ដកកងកម្លាំងប្រដាប់អាវុធចេញ​ពីព្រំដែនចម្ងាយ ៥ គីឡូម៉ែត្រ; ពិភាក្សាដើម្បីឆ្ពោះទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព មិនឈ្លានពាន និងចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន; ការព្រមព្រៀងលើទម្រង់មួយដែលសមស្របតាមច្បាប់អន្តរជាតិ។

មិនអើពើចំពោះសុឆន្ទៈរបស់វៀតណាម​ទេ​  ប៉ុល ពត នៅ​តែ​បន្តប្រមូលកម្លាំងដើម្បីវាយប្រហារ និងទន្ទ្រាន​ចូលក្នុងទឹក​ដី​នៃប្រទេស​វៀត​ណាម​។ ប៉ុន្តែកងកម្លាំងទាំង​អស់​របស់វៀតណាម​បានប្តេជ្ញាវាយបក​ ដណ្តើមយក​តំបន់ដែលត្រូវកង​ទ័ព​ ប៉ុល ពត ទន្រ្ទានកាន់កាប់។

ចាប់តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧៨ អង្គភាពកងទ័ពទាំងឡាយរបស់វៀតណាម បាន​បង្វែរទៅវាយសម្រុកវិញ​​ បង្ខំឲ្យ​កង​ទ័ព​ ប៉ុល ពត ត្រូវដក​ចេញពីព្រំដែន។ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៧៨ ការិយាល័យនយោបាយ និងគណៈកម្មាធិការបក្សយោធាមជ្ឈិមវៀតណាម​ បានបើកកិច្ចប្រជុំ ស្តី​ពី​ការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅព្រំដែនភាគនិរតី និងសភាពការណ៍ដ៏តានតឹងនៅព្រំដែនភាគខាងជើង។

leftcenterrightdel
កងទ័ពស្ម័គ្រចិត្តវៀតណាមវាយប្រហារលើកងទ័ព ប៉ុល ពត (រូបថត៖ vnanet.vn)

ក្នុងអំឡុងពេលពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ១៩៧៨ វៀតណាមបានជួយអភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងជួយកសាងអង្គការបក្ស ត្រៀមរៀបចំការបង្កើតរណសិរ្ស និងក្បាលម៉ាស៊ីនដឹកនាំ។ ដោយមានការជួយឧបត្ថម្ភពីវៀតណាម នៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិត្រូវបានបង្កើតឡើង និងប្រកាសជាសាធារណៈនូវ​កម្មវិធីនយោបាយបដិវត្តន៍រួមមាន ១១ ចំណុច ដែលបញ្ជាក់ពី​ការប្តេជ្ញាចិត្តសាមគ្គី ប្រមូលផ្តុំកងកម្លាំងស្នេហាជាតិទាំងឡាយ រួមគ្នាវាយ​ផ្តួលរំលំរបប ប៉ុល ពត លុបបំ​បាត់​ចោលរបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅព្រៃផ្សៃ និងបញ្ជាក់ពីការពង្រឹងចំណងសាមគ្គីភាពជាមួយប្រជាជនវៀតណាម និងប្រជាជនស្រឡាញ់​សន្តិភាព យុត្តិធម៌នៅលើពិភពលោក ហើយ​អំពាវនាវរដ្ឋាភិបាលនៃបណ្តាប្រទេស រួម​ជា​មួយ​អង្គការអន្តរជាតិឲ្យជួយគាំទ្រការតស៊ូយុត្តធម៌របស់ប្រជាជនកម្ពុជា។

ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាបានរំដោះប្រជាជនកម្ពុជាជាង ៤ លាននាក់ ដកហូតសម្ភារៈយោធាទាំងឡាយរបស់ ប៉ុល ពត និងវាយកម្ទេចក្បាលម៉ាស៊ីនដឹកនាំរបស់ពួកប្រតិកិរិយា ប៉ុល ពត ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាឈាន​ចូល​ព្រះបរមរាជវាំងដើម្បីរំដោះរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

ជ័យជំនះនៃសង្គ្រាមការពារព្រំដែនភាគនិរតី ពិតមានអត្ថន័យសំខាន់ណាស់សម្រាប់វៀតណាម ដែល​ជាថ្មីម្តងទៀតបានអះអាងពី​ឆន្ទៈចង់​បាន​ឯករាជ្យ និងស្មារតីសាមគ្គីជាតិ សាមគ្គីអន្តរជាតិរបស់ប្រជាជនវៀតណាម ត្រៀមជាស្រេចវាយកម្ទេចរាល់ឧបាយកល និងសកម្មភាពវាយ​បំផ្លាញរបស់អានុភាពប្រតិកម្មទាំងឡាយ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់មាតុភូមិ ព្រមទាំងបញ្ជាក់ពីស្មារតីអន្តរជាតិដ៏ឧត្តុងឧត្តម ទំនាក់ទំនងប្រពៃណីយូរអង្វែង និងការជួយឧបត្ថម្ភ​ដ៏​បរិសុទ្ធ​ ស្មោះ​ត្រង់​របស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ចំ​ពោះ​ប្រជាជានកម្ពុជា។

ជ័យជំនះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ មានអត្ថន័យប្រវត្តិសាសន៍ដ៏សំខាន់ចំពោះប្រទេសកម្ពុជា ដែលបានលុបបំបាត់របបប្រល័យពូជសាសន៍ ប៉ុល ពត បង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា ជួយសង្រ្គោះប្រជាជនកម្ពុជាចេញ​ផុត​ពីសោកនាដកម្ម​ប្រល័យពូជសាសន៍ ជួយប្រទេសកម្ពុជារស់រានមានជីវិតឡើងវិញ និងកសាងជីវភាពរស់នៅប្រកបដោយសុខសន្តិភាព។

មហាជ័យជំនះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា ដែលបង្ហាញពី​ស្មារតីសាមគ្គីភាពអន្តរជាតិ  ភាពស្មោះត្រង់ និងពោរពេញទៅដោយមនោសញ្ចេតនា រវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា ពូនជ្រំចំណងសាមគ្គីភាព មិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដោយឈរលើគោលការណ៍សន្តិភាព គោរពឯករាជ្យភាព  អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍ និងភាពរុងរឿងរបស់ប្រទេសនិមួយៗ ព្រមទាំងរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang