ខេត្ត Tay Ninh ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៨ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅកម្ពុជា គណៈប្រតិភូគណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Tay Ninh ដែលដឹកនាំដោយលោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការដឹកនាំលេខ៥១៥ បានជួបធ្វើការជាមួយអាជ្ញាធរ និងគណៈកម្មការជំនាញខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំនៃគណៈកម្មការជំនាញខេត្តប៉ៃលិនបានទទួលស្វាគមន៍គណៈប្រតិភូ។
ក្នុងបរិយាកាសកក់ក្តៅ និងមិត្តភាព ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មាន និងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅមូលដ្ឋាននាពេលកន្លងមក។
    |
 |
|
លោក Pham Tan Hoa ប្រគល់អំណោយដល់ តំណាងខេត្តប៉ៃលិន |
ក្នុងកិច្ចប្រជុំ លោកស្រី បាន ស្រីមុំ បានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាតែងតែចងចាំនូវការរួមចំណែកដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានជួយប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។
លោក Pham Tan Hoa បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៉ៃលិន និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់គណៈកម្មការជំនាញខេត្តនាពេលកន្លងមក។ លោកបានសង្កត់ធ្ងន់ថា ការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី បង្ហាញពីការតបស្នងសងគុណចំពោះប្រវត្តិសាស្ត្រ និងយុទ្ធជនពលី ដែលរួមចំណែកក្នុងការបន្ធូរបន្ថយការឈឺចាប់នៃសង្គ្រាម និងឆ្លើយតបនឹងបំណងប្រាថ្នារបស់ក្រុមគ្រួសារយុទ្ធជនពលី និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នាលើខ្លឹមសារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ព្រមទាំងសម្តែងទំនុកចិត្តថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជានិយាយរួម ខេត្ត Tay Ninh និងប៉ៃលិននិយាយដោយឡែក នឹងបន្តអភិវឌ្ឍប្រកបដោយចីរភាព។
នៅថ្ងៃដដែលនោះ គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្ត Tay Ninh បានទៅសួរសុខទុក្ខ ត្រួតពិនិត្យ និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K៧៣ (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) ដែលកំពុងបំពេញភារកិច្ចនៅខេត្តប៉ៃលិន៕
បកប្រែដោយ Thuy Anh