គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈកម្មការការងារពិសេស។ គណៈប្រតិភូឡាវដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការការងារពិសេស។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានតាមខ្លឹមសារដែលបានដាក់ចេញក្នុងកំណត់ហេតុនៃកិច្ចប្រជុំលើកទី២៧; ដោយសង្កត់ធ្ងន់ថា ទោះបីព័ត៌មានអំពីយុទ្ធជនពលីមានការលំបាកក៏ដោយក៏ការស្វែងរក និងការប្រមូលអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅឡាវ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov)

អំពីទិសដៅនិងខ្លឹមសារកិច្ចសហប្រតិបត្តិការក្នុងរដូវប្រាំង ២០២៣-២០២៤ ភាគីទាំងពីរបានឯកភាពបន្តសហការគ្នា និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅឡាវ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏នឹងជំរុញការផ្សព្វផ្សាយ និងចលនាប្រជាជននៃប្រទេសទាំងពីរផ្តល់ព័ត៌មានអំពីយុទ្ធជនពលី ផ្នូរកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅឡាវ។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេសឡាវក្នុងទីក្រុងវៀងចន្ទន៍ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានទទួលជួបជាមួយលោកឧត្តមសេនីយ៍ឯក Vo Minh Luong និងគណៈប្រតិភូ។

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath អំពីលទ្ធផលនៃសម័យប្រជុំលើកទី ២៨ រវាងគណៈកម្មការការងារពិសេសនៃរដ្ឋាភិបាលទាំងពីរ។ លោកបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជនឡាវ ក៏ដូចជាឧបនាយករដ្ឋមន្ត្រី ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផល និងសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ដនិងអ្នកជំនាញការវៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅឡាវ។ 

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងគណៈកម្មការការងារពិសេសនៃរដ្ឋាភិបាលទាំងពីរ។ ព្រមទាំងឯកភាពនិងគាំទ្រសំណើរបស់គណៈប្រតិភូលើការងារប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមដែលពលីជីវិតកាលពីសម័យសង្ក្រាមនៅឡាវ៕

បកប្រែដោយ Thanh Cong