ជ័យជម្នះនោះក៏បានជួយលើកទឹកចិត្តដល់ប្រជាជននៃគ្រប់ប្រទេសដែលកំពុងស្ថិតនៅក្រោមអាណានិគមនិយម និងរងការជិះជាន់ ការកេងប្រវ័ញ្ចនៅទូទាំងពិភពលោកឲ្យក្រោកឈរឡើងយ៉ាងអង់អាចក្លាហានមោះមុតបំផុតមានកម្លាំងចិត្តប្រយុទ្ធផ្តួលរំលំរបបអាណានិគមនិយមចាស់នៃពួកចក្រពត្តិនិយម ដើម្បីដណ្តើមយកសន្តិភាព និងឯករាជ្យភាពសម្រាប់គ្រប់ប្រជាជាតិទាំងអស់ឡើងវិញ។

leftcenterrightdel
រូបជាឯកសារ

 

ដើម្បីអនុវត្តការចូលឈ្លានពានប្រទេសវៀតណាម ពួកអាណានិគមនិយមបារាំងបានបង្កើតក្បាលម៉ាស៊ីនគ្រប់គ្រងពហុជាន់ដោយប្រើប្រាស់កងកម្លាំងយោធា និងប៉ូលីសដើម្បីបង្ក្រាបយ៉ាងឃោរឃៅ សាហាវព្រៃផ្សៃឥតប្រណីលើចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនវៀតណាម។ សកម្មភាពឃោរឃៅព្រៃផ្សៃបែបនេះបានបង្ហាញកាន់តែច្បាស់នូវការប៉ុនប៉ងរបស់អាណានិគមនិយមបារាំងក្នុងការកាន់កាប់ប្រទេសរបស់យើងក្នុងរយៈពេលយូរអង្វែង។ ដោយមានប្រពៃណីសាមគ្គីភាព ស្នេហាជាតិ និងឆន្ទៈតស៊ូប្រយុទ្ធប្រឆាំងយ៉ាងអង់អាចក្លាហានឥតចុះញម បានជាគ្រប់ស្រទាប់ ប្រជាជននៅតែមានចិត្តក្លាហានក្រោកឈរឡើងប្រយុទ្ធប្រឆាំងនឹងសត្រូវ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនទាំងមូលបានធ្វើការក្រោកឈរឡើងទាំងស្រុងលើទូទាំងប្រទេសប្រកបដោយជោគជ័យនៅខែសីហា ឆ្នាំ១៩៤៥ ដណ្តើមបានអំណាចលើទូទាំងប្រទេស។ ប៉ុន្តែដោយមានចេតនារឹងរូសចចេស និងប៉ុនប៉ងឈ្លានពានប្រទេសយើងម្ដងទៀត ខ្មាំងសត្រូវបានឆ្លៀតឱកាសដែលស្ថានភាពប្រទេសរបស់យើងទើបតែទទួលបានឯករាជ្យភាព កងកម្លាំងប្រដាប់អាវុធនៅខ្ចី សមត្ថភាពប្រយុទ្ធមិនទាន់ខ្ពស់ ប្រទេសក្រីក្រ ប្រជាជនស្លេកឃ្លាន  សង្គមអន់ថយ របបអាណានិគមនិយមបារាំងបានប្រើកម្លាំងយោធាបើកការវាយប្រហារឈ្លានពានប្រទេសរបស់យើងជាលើកទីពីរ។ ដោយប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់ជាទីបំផុតនោះ ឆ្លើយតបនឹងការអំពាវនាវឲ្យប្រទេសទាំងមូលក្រោកឈរឡើងតស៊ូរបស់លោកប្រធាន ហូជីមិញ កងទ័ពទាំងមូល និងប្រជាជនទាំងមូល បានក្រោកឈរឡើងដើម្បីប្រយុទ្ធប្រឆាំងដោយមានស្មារតី “ហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារប្រទេសជាតិ”។

នៅក្នុងដំណើរការនៃការតស៊ូ ប្រឆាំងសត្រូវ ទាំងកងទ័ព និងប្រជាជនរបស់យើងបានអនុវត្តយ៉ាងច្នៃប្រឌិតនូវបាវចនាចង្អុលដឹកនាំគឺ៖ “តស៊ូផង កសាងប្រទេសជាតិផង”។ កម្លាំងសម្រាប់វាយសត្រូវត្រូវបានបង្កើន យើងបានវាយឈ្នះកងទ័ពបារាំងក្នុងការប្រយុទ្ធ និងយុទ្ធនាការជាច្រើនដូចជា៖ Viet Bac – Thu Dong នៅឆ្នាំ១៩៤៧ ព្រំដែននៅឆ្នាំ១៩៥០, Hoa Binh ១៩៥១-១៩៥២... កងទ័ព និងប្រជាជនរបស់យើងបានកំទេចចោលនូវអង្គភាពកងទ័ពបារាំងជាច្រើនដើម្បីរំដោះតំបន់យុទ្ធសាស្រ្តសំខាន់ៗជាច្រើន ពង្រីកសង្គ្រាមវាយឆ្មក់ រុញច្រាលកងទ័ពបារាំងឲ្យកាន់តែធ្លាក់ជ្រៅក្នុងស្ថានភាពបាត់បង់ភាពម្ចាស់ការ។ ដើម្បីរក្សាឲ្យបានរឹងមាំនូវភាពម្ចាស់ការ យើងបានបើកការវាយលុកជាយុទ្ធសាស្ត្រនៅនិទាឃរដូវឆ្នាំ១៩៥៣-១៩៥៤ ដោយមានការសម្របសម្រួលជាមួយកងកម្លាំងឡាវ និងកម្ពុជាដើម្បីកំចាត់ចោលមួយផ្នែកធំកម្លាំងសត្រូវ។ យើងបានឃាត់ទុករារាំងកងកម្លាំងមុតស្រួចរបស់បារាំងនៅទូទាំងឥណ្ឌូចិន ដើម្បីឆ្លៀតពេលបង្កើនកម្លាំងអានុភាព និងប្រៀបនាំមកនូវឱកាសធ្វើយុទ្ធនាការប្រឆាំងនឹងអាណានិគមបារាំងនៅ Dien Bien Phu។ ជោគជ័យនោះបានបង្ហាញយ៉ាងច្បាស់អំពីមាគ៌ាតស៊ូ និងភាពច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម  កម្លាំងប្រយុទ្ធនៃប្រជាជនទាំងមូល និងតួនាទីនៃស្មារតីសាមគ្គីភាពអន្តរជាតិនៅក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ពួកអាណានិគមបារាំង។

ក្នុងការរៀបចំ ការត្រៀម និងការធ្វើសង្គ្រាមមានលក្ខណៈយុទ្ធសាស្ត្រ  សិល្បវិធីយោធារបស់ប្រទេសយើងបានមានការវិវឌ្ឍដ៏សំខាន់មួយ។ ជាលើកដំបូងបង្អស់យើងបានប្រមូលផ្តុំភាគច្រើននៃកម្លាំងសំខាន់បំផុតដោយមានកងវរសេនាធំទ័ពថ្មើរជើង ៥  រួមនិងកាំភ្លើងធំៗគួបផ្សំជាមួយកងទ័ព និងប្រជាជនតំបន់ Tay Bac  បើកយុទ្ធនាការនេះ។ អគ្គមេបញ្ជាការ លេខានៃអគ្គគណៈកម្មាធិការបក្ស យោធាត្រូវបានតែងតាំងជាមេបញ្ជាការ និងជាមេបញ្ជាការនយោបាយនៃយុទ្ធនាការ។ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាផ្គត់ផ្គង់ទៅសមរភូមិ។ មនុស្សរាប់ម៉ឺននាក់ គ្រប់សម្ភារៈឧបករណ៍ គ្រឿងយន្ត មធ្យោបាយ រាប់សែនតោនបានប្រមូល និងដឹកជញ្ជូនទៅសមរភូមិ។

ជាលើកដំបូងដែលរបៀបប្រយុទ្ធដោយមានការសម្របសម្រួលរវាងគ្រប់ប្រភេទទ័ព និងការវាយលុកខ្មាំង កំពុងការពារនៅមូលដ្ឋានដែលបានចាត់ទុកថាប្រមូលកម្លាំងធំបំផុតត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដាក់ជូនការិយាល័យនយោបាយដើម្បីអនុម័ត។ តាមរយៈស្ថានភាពជាក់ស្តែងនោះ កាន់តែបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏ធំធេងនៃយុទ្ធនាការ ដែលតាំងចិត្តយកឈ្នះឲ្យបាននៅសមរភូមិ Dien Bien Phu។

ថ្វីត្បិតតែកៀកនឹងកាលបរិច្ឆេទផ្ទុះអាវុធហើយក្តី ប៉ុន្តែ អាស្រ័យលើការស៊ើបអង្កេតក្តាប់ស្ថានការណ៍ ជាពិសេសគឺការប្រែប្រួលដ៏សំខាន់អំពីខ្មាំង និងការត្រៀមរៀបចំរបស់យើង ដើម្បីឱ្យប្រាកដថាឲ្យតែវាយគឺឈ្នះនោះ ដោយពិចារណា និងគណនាយ៉ាងហ្មត់ចត់ មេបញ្ជាការយុទ្ធនាការបានសម្រេចចិត្តប្តូរទិសស្លោកក្នុងការដឹកនាំគឺប្តូរពី “វាយលឿនរហ័ស ឈ្នះលឿនរហ័ស ទៅជាវាយឲ្យបានមាំ ឈានឡើងឲ្យបានមាំ វិញ” ក្នុងបំណងចង់បង្កលក្ខណៈងាយស្រួលសម្រាប់យើងមានពេលប្រមូលកម្លាំងភ្លើងកម្ចាត់រាល់មូលដ្ឋានខ្មាំងនៅជុំខាងក្រៅ ដើម្បីផ្តោតសំខាន់ទៅលើការវាយលុកចូលក្បាលដឹកនាំនៃមូលដ្ឋានរបស់ខ្មាំង។

បាវចនា និងវិធីនៃការវាយនេះត្រូវបានកម្មាភិបាលទាំងអស់នៅសមរភូមិពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់។ ក្តីខ្វល់ខ្វាយ ក្តីបារម្ភជាច្រើនបានលើកឡើងដើម្បីរកដំណោះស្រាយ។ ភាពជោគជ័យ នេះបានបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់កិច្ចការប្រជាធិបតេយ្យនៅក្នុងជួរកងទ័ព និងនយោបាយ ដោយមានស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះប្រជាជន និងប្រទេសជាតិ នៃគណៈកម្មាធិការបក្ស ក៏ដូចជាគណៈបញ្ជាការគ្រប់ជាន់ថ្នាក់នៃកងទ័ពវៀតណាម។

ហើយនេះក៏ជាកត្តាដ៏សំខាន់មួយជួយបង្កើនទំនុកចិត្ត ពង្រឹងយ៉ាងរឹងមាំជាងនេះទៅទៀតនូវចំណងសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តវាយឲ្យឈ្នះរបស់កងទ័ព និងប្រជាជននៅសមរភូមិទាំងមូល។ នេះជាកត្តាដែលនាំមកនូវកម្លាំងដើម្បីកងទ័ព និងប្រជាជនវៀតណាមកម្ទេចទាំងស្រុងមូលដ្ឋានខ្មាំងការពារខ្លាំងបំផុតរបស់កងទ័ពបារាំង។

ជ័យជំនះដ៏ធំសម្បើមក្នុងការតស៊ូប្រឆាំងនឹងការឈ្លានពានអាណានិគមនិយមបារាំងនេះ ដែលកំពូលនោះគឺ យុទ្ធនាការ Dien Bien Phu បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។ ជ័យជំនះនោះបានបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រទេសមួយមិនធំក្តី មិនមានមនុស្សច្រើនក្តី ហើយរងការជិះជាន់ក្រោមអាណានិគមរាប់សតវត្សរ៍ក្តី ប៉ុន្តែប្រសិនបើមានបក្សឈានមុខគេនៃវណ្ណកម្មជឿនលឿនមួយដឹកនាំ និងមានមាគ៌ាតស៊ូដណ្តើមឯករាជ្យ ម្ចាស់ការ ត្រឹមត្រូវ ច្នៃប្រឌិត គួបផ្សំនឹងកម្លាំងនៃប្រជាជនទាំងមូល ការគាំទ្រជួយឧបត្ថម្ភពីសំណាក់មិត្តភក្តិអន្តរជាតិ យើងនៅតែ មានសមត្ថភាពវាយឈ្នះលើមហាប្រទេសដោយមានសេដ្ឋកិច្ច យោធាធំសម្បើមយ៉ាងណាក្តី។ 

ជ័យជំនះ Dien Bien Phu មិនត្រឹមតែជាមោទនភាពរបស់ប្រជាជនវៀតណាមទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែ ជាការលើកទឹកចិត្តដល់ប្រជាជននៃគ្រប់ប្រជាជាតិ ដែលរងការជិះជាន់ និងកេងប្រវ័ញ្ច នៅលើពិភពលោកទាំងមូលដើម្បីប្រយុទ្ធដណ្តើមយកឯករាជ្យនិងសេរីភាពសម្រាប់ប្រជាជន៕

បកប្រែដោយ Minh Trung