កម្ពុជាត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ចំពោះកម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
កប.អនឡាញ - រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន ដែលជាអនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានស្នើឱ្យភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋ ដែលទទួលបានបណ្ណ សម្រាប់ចូលរួមក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ១៧ ខែឧសភា ខាងមុខជួយពង្រឹងបន្ថែមទៅលើបញ្ហាសណ្តាប់ធ្នាប់ដើម្បីធ្វើឱ្យពិធីនេះ កាន់តែទទួលបានជោគជ័យ សម្រាប់ជាកិត្តិយស និងមុខមាត់ប្រទេសជាតិ។
លោក ថោង ខុន បានបង្ហាញពីមោទនភាព ទៅលើការរៀបចំពិធីបើកស៊ីហ្គេម កាលពីថ្ងៃទី ៥ ខែឧសភា ដែលបានធ្វើឡើងយ៉ាងឱឡារិក និងអធិកអធមអស្ចារ្យណាស់ ធ្វើឱ្យកិត្តិសព្ទរបស់កម្ពុជា មានភាពល្បីរន្ធឺខ្លាំង នៅលើឆាកអន្តរជាតិ។ យ៉ាងណាក្តី ការពង្រឹងបន្ថែមទៅលើសណ្តាប់ធ្នាប់ នៅក្នុងពិធីបិទស៊ីហ្គេម គឺទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ដើម្បីចៀសវាងនូវកំហុសឆ្គង។
ជាមួយគ្នានេះ CAMSOC ក៏បានសម្រេចបោះពុម្ពសាជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្តសម្រាប់ប្រើប្រាស់ជាផ្លូវការ នៅក្នុងពិធីបិទស៊ីហ្គេម នាថ្ងៃទី ១៧ ខែឧសភា ហើយនេះជាមូលហេតុ ដែល CAMSOC បានបើកកិច្ចប្រជុំ ពិភាក្សាគ្នាបន្ថែម ទៅលើការងារទាំងអស់នេះ កាលព្រឹកថ្ងៃទី ១៤ ឧសភា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅក្នុងពិធីបិទស៊ីហ្គេមខាងមុខនេះ ឱ្យកាន់តែបានល្អ។
    |
 |
ពិធីបើកការប្រកួតកីឡាស៊ីហ្គេម ៣២ (រូបថត៖ AFP/TTXVN) |
លោក ថោង ខុន បានថ្លែងក្រោយដឹកនាំអង្គប្រជុំថា៖ «នៅក្នុងពិធីបិទស៊ីហ្គេមនេះ គណៈកម្មការ CAMSOC បានប្តូរបណ្ណ តែអត់មានអីប្លែកទេ ដោយកន្លែងអង្គុយនៅដដែល ហើយបណ្ណក្រោយនេះ មានបង់លេខធំៗងាយស្រួលក្នុងការរកកន្លែងអង្គុយ នៅតាមតំបន់ ដែលបានកំណត់អ៊ីចឹងនៅថ្ងៃនេះ យើងបានប្រជុំគ្នារួចហើយ»។
យ៉ាងណាក៏ដោយ ជាមួយការផ្តល់ជូននូវបណ្ណថ្មីនេះ លោក ថោង ខុន បានអំពាវនាវឱ្យមេក្រុម ឬអ្នកតំណាងឱ្យខេត្ត-រាជធានី និងស្ថាប័ន ដែលទទួលបានបណ្ណសម្រាប់យកទៅចែកចាយបន្ត គឺត្រូវធ្វើការប្រជុំ និងនាំអ្នកដែលត្រូវមកចូលរួមក្នុងពិធីបិទស៊ីហ្គេម ខាងមុខនេះ ឱ្យស្គាល់ទីតាំង ដែលគាត់ត្រូវអង្គុយ ព្រោះបើមិនធ្វើបែបនេះទេ ការរៀបចំសណ្តាប់ធ្នាប់ ពិបាកក្នុងការគ្រប់គ្រង។
លោកបញ្ជាក់ថា៖ «កន្លងមក យើងបានចែកបណ្ណទៅខេត្ត និងស្ថាប័ន ហើយបានសំណូមពរឱ្យមេក្រុម ប្រជុំប្រាប់បុគ្គលិក និងមន្ត្រីរាជការរបស់គាត់ឱ្យច្បាស់ ថាគាត់ត្រូវអង្គុយនៅតំបន់ណា? ប៉ុន្តែកន្លែងខ្លះ គាត់ធ្វើអត់បាន ដោយគាត់អត់បាននាំយក ១០០ នាក់នោះមកទេ! គាត់មកតែ ៤ នាក់គ្នាគាត់ ហើយទុកឱ្យអ្នកផ្សេង មករកកន្លែងដោយខ្លួនឯង ដល់អ៊ីចឹងគាត់វង្វេងដែរ ដូច្នេះសូមស្ថាប័នដែលបានប្រគល់ភារកិច្ចជូនហើយ ត្រូវនាំមកបងប្អូនឱ្យមកដល់កន្លែងត្រូវអង្គុយហ្នឹង»។
លោករដ្ឋមន្ត្រីបន្ថែមថា៖ «បើសិនជាធ្វើអ៊ីចឹងបាន ការរៀបចំរបស់យើង ដឹងតែទៅរលូន អត់មានការពិបាកទេ ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងអនុវត្តទៅតាមហ្នឹង ដើម្បីធានាបាននូវសណ្តាប់ធ្នាប់បានល្អ។ ការរៀបចំពិធីបើកស៊ីហ្គេមកន្លងមក យើងធ្វើបានល្អហើយ តែឥឡូវនេះ សូមជួយបន្ថែមទៀត»។
ចំពោះបញ្ហាខ្លះដែលបានកើតមានឡើង ក្នុងពិធីបើកស៊ីហ្គេមដែលថា ការអនុវត្តមិនស្មើគ្នា ដោយកន្លែងខ្លះ ឱ្យយកទឹកចូលបាន តែកន្លែងខ្លះ យកចូលមិនបាននោះ លោក ថោង ខុន បកស្រាយថា៖ «តាមពិតគោលការណ៍ អត់មានហាមឃាត់ទេ ហើយលើកនេះ CAMSOC ជាអ្នករៀបចំការផ្តល់ទឹកជូន ដោយក្នុង ១ កៅអី មានទឹក ១ ដប។ បងប្អូន អាចយកទឹកតាមខ្លួនចូលទៀតបាន (បើខ្លាចហូបមិនគ្រាន់) ហើយក៏អាចយកអាហារសម្រន់ចូលបានដែរ ប៉ុន្តែសម្រាប់វត្ថុផ្សេងទៀត ដែលហាមឃាត់គឺមិនអនុញ្ញាតឱ្យយកចូលឡើយ»។
ទន្ទឹមនេះក្មេងអាយុក្រោម ១០ ឆ្នាំមិនត្រូវឱ្យយកចូល ក្នុងពិធីបិទស៊ីហ្គេមទេ ព្រោះសុខភាពក្មេង អាចមានការលំបាកដោយសារក្តៅហើយកាលណាយកក្មេងទៅច្រើននឹងលើសចំនួនកៅអី៕
បកប្រែដោយ Duy Hoan