នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្រោយកិច្ចប្រជុំពិសេសមួយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់។

leftcenterrightdel
និមិត្តសញ្ញាស៊ីហ្គេមលើកទី ៣២ (រូបថត៖ vnanet.vn)

លោក វ៉ាត់ ចំរើន បានថ្លែងថា ៖"នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើងទាំងអស់គ្នាទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើងពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។ យើងទាំងអស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ"។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានចាត់ទុក ការមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនេះ ថា ជាសម្រេចចិត្តដ៏វិសេសវិសាលមួយ មិនធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម ហើយក្នុងនាមជាម្ចាស់ផ្ទះ នឹងគោរពនូវការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ កិច្ចប្រជុំថ្ងៃនេះ ក៏បានផ្តោតសំខាន់ទៅលើបញ្ហាសំខាន់ៗមួយចំនួនទៀត ដូចជាការបូកសរុបរបាយការណ៍រួម និងសភាពការណ៍បច្ចុប្បន្ន ដើម្បីត្រៀមរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាកិច្ចប្រជុំលម្អិតលើផែនការនិងដោះស្រាយលើកិច្ចការមួយចំនួន ដែលនៅសេសសល់។ ជាមួយគ្នានេះ អង្គប្រជុំក៏ផ្តោតសំខាន់ទៅលើការរៀបចំឱ្យមានសណ្តាប់ធ្នាប់ អនាម័យ ការតុបតែង ដើម្បីឱ្យមានសោភ័ណភាពផងដែរ។

បន្ថែមពីលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញបន្ថែមដល់គ្រប់គណៈកម្មការជំនាញទាំងអស់ ធ្វើកិច្ចការងារឱ្យមានភាពសកម្ម ទាំងក្នុងពេលត្រៀម និងទាំងក្នុងពេលប្រកួត ជាពិសេសគឺត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំង២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាដំណើរការដោយរលូននិងជោគជ័យផងដែរ៕

បកប្រែដោយ Pham Diep