ពេលនាំយើងខ្ញុំទៅទស្សនាកន្លែងវប្បធម៌តម្បាញ Thong Bahnar Weaving Culture (Thong Bahnar) ដែលមានទីតាំងនៅជាប់នឹងផ្ទះសហគមន៍ភូមិ Kon K’tu លោក Huynh Nguyen Thong បានចែករំលែកថា៖ “ប្រហែល១០ឆ្នាំមុន មុខរបរត្បាញសង្កិមរបស់ជនរួមជាតិ Ba Na ប្រឈមមុខ ហានិភ័យនៃការបាត់បង់សាបសូន្យអស់រលីង។ ក្នុងអំឡុងពេលប្រជុំការងារជាមួយអ្នកជំនាញគ្រឿងម៉ាស៊ីនរបស់អ៊ីស្រាអែល ខ្ញុំបានជូនកាដូឲ្យភាគីមិត្តនូវកាបូបធ្វើពីសំពត់សង្កិមរបស់ជនជាតិខ្ញុំ។ នៅពេលឮការណែនាំអំពីផលិតផល អ្នកជំនាញមិត្តមានការរំភើបចិត្តជាខ្លាំង និងកោតសរសើរចំពោះទេពកោសល្យរបស់សិប្បករដែលត្បាញសំពត់ប្លែកៗស្អាតនេះ។ ចាប់ពីពេលនោះមក ខ្ញុំបានយកចិត្តទុកដាក់ជាពិសេសលើអាជីពត្បាញរបស់ដូនតាខ្ញុំ”។

ដោយបារម្ភអំពីរបរត្បាញសំពត់សង្កិមប្រពៃណីដែលត្រូវបានបាត់បង់បន្តិចម្តងៗ លោក Huynh Nguyen Thong បានគិតថា លោកត្រូវធ្វើអ្វីដើម្បីស្តារ និងផ្សព្វផ្សាយផលិតផលតម្បាញដល់មិត្តភក្តិក្នុង និងក្រៅប្រទេស។ ដោយគំនិតប្រាជ្ញាធ្វើទាល់តែបាន លោក Thong បានចាប់ផ្តើមការថែរក្សា និងអភិវឌ្ឍរបរត្បាញ ប៉ុន្តែលោកជួបប្រទះការលំបាកជាច្រើនដូចជា កង្វះឯកសារស្រាវជ្រាវអំពីគំនូរ គំរូសង្កិម ឬសិប្បករដែលមានជំនាញស្ទាត់គឺពិតជាកម្រមានណាស់...ក្នុងរយៈពេល ៥ ឆ្នាំនៃការស្រាវជ្រាវរុករក ដោយមានការជួយពីសិប្បករនៅក្នុងភូមិ Kon K'tu លោក Thong បានដោះស្រាយការលំបាកបន្តិចម្តងៗ។

leftcenterrightdel
លោក Huynh Nguyen Thong និង​សិប្បករ​ជាមួយផលិតផល "សំពត់ត្បាញ​ និទានរឿង​បុរាណ"

នៅភូមិ Kon K'tu សរសៃកប្បាសធម្មជាតិនៅតែត្រូវបានប្រជាជនដាំដុះដើម្បីផលិតជាផលិតផលតម្បាញក្នុងសកម្មភាពប្រចាំថ្ងៃ។ ជាពិសេស ផ្ការូបភាពតម្បាញ និងការលាយពណ៌លើក្រណាត់របស់ជនជាតិ Ba Na នៅទីនេះនៅតែរក្សាបានដដែលដូចដើម និងគ្មានការកែប្រែទេ។ ក្នុងដំណើរការបង្កើតផលិតផលតម្បាញ លោក Huynh Nguyen Thong ក៏បានស្រាវជ្រាវ និងគួបផ្សំនិងពណ៌ប្រពៃណីដូចជា ស ក្រហម ខ្មៅ ខៀវងងឹត លឿង ទឹកក្រូចក្រហម... និងរួមបញ្ចូលគ្នានូវពណ៌ជាច្រើនទៀតដើម្បីបង្កើតជាពណ៌ចម្រុះដែលសាកសមនឹងអតិថិជន។ លោក Thong បានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំមានធនធានគ្រប់គ្រាន់ ខ្ញុំបានកំណត់ទិសដៅផ្ទាល់ខ្លួនរបស់ខ្ញុំ ដើម្បីរួមចំណែកបង្កើត "ខ្យល់អាកាសថ្មី" សម្រាប់អាជីពតម្បាញរបស់ជនជាតិ Ba Na ក្នុងគោលបំណងបំពេញតម្រូវការរបស់សង្គមបានល្អ ប៉ុន្តែនៅតែរក្សាបានរូបភាពប្រពៃណី”។

នៅខែមីនា ឆ្នាំ២០១០ លោក Huynh Nguyen Thong បានសាងសង់កន្លែងតម្បាញមួយក្រោមម៉ាកយីហោ “Thong Bahnar” ដោយមានបំណងចង់បង្កើតជីវិតថ្មីសម្រាប់សំពត់សង្កិមរបស់មាតុភូមិ។ កន្លែងតម្បាញរបស់គាត់គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសជាច្រើនឱ្យមកកម្សាន្តតំបន់ទេសចរណ៍សហគមន៍ រួមជាមួយនឹងការមកទស្សនា ទីតាំងសិប្បកម្មត្បាញសំពត់សង្កិមក្រោមការណែនាំរបស់សិប្បករជនជាតិ Ba Na។ តាមរយៈដៃដ៏ប៉ិនប្រសប់របស់សិប្បករ រហូតមកដល់ពេលនេះ សិប្បកម្មរបស់គាត់មានក្រណាត់សង្កិមប្លែកៗជាង ២០ ផ្ទាំង ដែលត្បាញនូវគំនូរ និងរូបភាពនៃរឿងនិទានប្រជាប្រិយហៅថា "ក្រណាត់និទានរឿងបុរាណ"។

ដើម្បីផ្សព្វផ្សាយផលិតផល លោក Thong  ក៏បានរៀបចំសិក្ខាសាលាតម្បាញសំពត់ ក្រោមប្រធានបទ "អ្នកណាក៏ត្បាញបាន" និង minishow "និទានរឿងបុរាណលើសំពត់ត្បាញ"... នេះបានជួយឱ្យរបរតម្បាញជនជាតិ Ba Na មកជិតអ្នកគ្រប់គ្នាជាង។ សិប្បករ Y Yin ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចដែលនៅតែចេះពីវិធីបង្វិលអំបោះដោយដៃនៅភូមិ Kon K'tu បាននិយាយថា៖ “ការបង្វិលអំបោះគឺជាជំហានសំខាន់មួយក្នុងការបង្កើតផលិតផលសង្កិមប្រពៃណី។ ផ្ទាំងក្រណាត់បានសម្រេចចប់សព្វគ្រប់នោះត្រូវតែឆ្លងកាត់ដំណាក់កាលជាច្រើនដូចជា ការរើសកប្បាស ការបង្វិលអំបោះ ការជ្រលក់ពណ៌... គ្រប់ដំណាក់កាលទាំងអស់ទាមទារភាពល្អិតល្អន់ ភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់។ បច្ចុប្បន្ននេះ សិប្បករនៅក្នុងភូមិ Kon K'tu បានបង្កើតនូវគំនូរ និងគំរូថ្មីៗជាច្រើន ដើម្បីបង្ហាញរឿងរ៉ាវដែលឆ្លុះបញ្ចាំងពីជីវិតរបស់ភូមិ ណែនាំមនុស្សឱ្យទៅរកភាពល្អ និងជៀសឆ្ងាយពីអំពើអាក្រក់នៅលើក្រណាត់”។

និយាយជាមួយយើងខ្ញុំ លោក Dao Van Hau ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Ro Wa បានឲ្យដឹងថា៖ “លោក Huynh Nguyen Thong គឺជាបុគ្គលដែលបានរួមចំណែកស្តារឡើងវិញនូវមុខរបរតម្បាញប្រពៃណីរបស់ជនជាតិ Ba Na។ បច្ចុប្បន្ននេះ គំរូនៃការថែរក្សាការតម្បាញសំពត់បានតភ្ជាប់ជាមួយទេសចរណ៍បេតិកភណ្ឌភូមិ Kon K'tu បានរួមចំណែកថែរក្សា និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិ Ba Na យ៉ាងខ្លាំងក្លាក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន៕

បកប្រែដោយ Minh Trung