អញ្ជើញថ្លែងមតិក្នុងពិធីបើក តំណាងវៀតណាម និងជប៉ុនបានសង្កត់ធ្ងន់ថា នេះជាលើកទី១៦ ហើយដែលពិធីបុណ្យប្រចាំឆ្នាំរបស់វៀតណាមនៅជប៉ុនត្រូវបានប្រារព្ធឡើង។ នេះជាព្រឹត្តិការណ៍ផ្លាស់ប្តូរដ៏សំខាន់មួយដែលរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក។

ពិធីបុណ្យមិនត្រឹមតែជាឱកាសឧទ្ទេសនាមអំពីវប្បធម៌ពិសេសរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍ដែលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុនលើវិស័យជាច្រើន ពីសេដ្ឋកិច្ច នយោបាយ ដល់ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

leftcenterrightdel
លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន ថ្លែងមតិក្នុងពិធីបុណ្យ (រូបថត៖ vov.vn)

នៅក្នុងពិធីបុណ្យនេះដែរ ក្រៅពីសកម្មភាពវប្បធម៌ និងការសម្តែងតន្ត្រី ដោយមានការចូលរួមពីតារាចម្រៀងល្បីៗរបស់វៀតណាម និងសិល្បករជប៉ុន នៅមានការសំដែងអាយ៉ងទឹកវៀតណាមទៀតផង។ ប្រការនេះជួយប្រជាជនជប៉ុន និងសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន យល់កាន់តែច្បាស់អំពីសិល្បៈពិសេស និងកម្រមានក្នុងពិភពលោក។ ស្ដង់បង្ហាញមុខម្ហូបវៀតណាម ដូចជា ហ្វើ នំបុ័ង ម្ហូប Nem... តែងតែទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ ស្តង់ណែនាំការងារ ទេសចរណ៍ សេវាកម្មអាកាសចរណ៍ ការតភ្ជាប់ការនាំចូល-នាំចេញរវាងក្រុមហ៊ុននៃប្រទេសទាំងពីរក៏ទាក់ទាញការចាប់អារម្មណ៍ជាពិសេសពីទស្សនិកជនផងដែរ។

យោងតាមគណៈកម្មាធិការរៀបចំពិធីបុណ្យវៀតណាមឆ្នាំនេះនឹងមានអ្នកចូលរួមប្រហែល ១៨០,០០០ នាក់។ ស្តង់របស់ក្រុមហ៊ុន អង្គការ និងបុគ្គលចំនួន ១៣០ បានបង្ហាញ និងដាក់លក់ផលិតផលដែលមានលក្ខណៈពិសេសរបស់វៀតណាម រួមចំណែកផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងម្ហូបវៀតណាមទៅកាន់ប្រជាជនជប៉ុន៕

បកប្រែដោយ Thuy Anh