អ្នកយកព័ត៌មាន៖ តើវាមានអត្ថន័យយ៉ាងណាចំពោះការដែលសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាមត្រូវបានប្រកាសឱ្យប្រើប្រាស់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ ហើយភ្លាមៗបន្ទាប់ពីនោះ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ យុទ្ធសាស្ត្រផ្សព្វផ្សាយលើកកម្ពស់រូបភាពវៀតណាមនៅបរទេសត្រូវបានអនុម័តនោះ?
លោក Pham Anh Tuan៖ ការចេញផ្សាយឯកសារសំខាន់ៗទាំងពីរនេះជាបន្តបន្ទាប់បង្ហាញពីការអភិវឌ្ឍថ្មីៗក្នុងការគិត និងសកម្មភាពរបស់បក្ស និងរដ្ឋទាក់ទងនឹងបុព្វហេតុនៃការកសាង និងអភិវឌ្ឍវប្បធម៌ និងការលើកកម្ពស់អំណាចទន់ជាតិនៅក្នុងសម័យកាលថ្មី។
ប្រសិនបើសេចក្តីសម្រេចលេខ ៨០-NQ/TW កំណត់នូវទស្សនៈ គោលដៅ និងភារកិច្ចសំខាន់ៗសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយ ទំនើប និងប្លែកនៃវប្បធម៌វៀតណាម ដែលធ្វើឱ្យវាក្លាយជាមូលដ្ឋានគ្រឹះខាងវិញ្ញាណ ធនធានខាងក្នុង និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ នោះ យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយលើកកម្ពស់រូបភាពវៀតណាមនៅបរទេស គឺជាជំហានជាក់ស្តែងមួយដើម្បីរីកសាយភាយតម្លៃទាំងនោះទៅកាន់ពិភពលោក។
អាចនិយាយបានថា នេះគឺជាការតភ្ជាប់យ៉ាងស្អិតរមួតរវាងការកសាងវប្បធម៌ផ្ទៃក្នុង និងការលើកកម្ពស់រូបភាពជាតិទៅខាងក្រៅ។ វប្បធម៌មិនត្រឹមតែជាមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែក្លាយជាធនធានមួយដើម្បីលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់ប្រទេស ដោយបង្កើនសុច្ឆន្ទៈ ទំនុកចិត្ត និងការយល់ដឹងរបស់សហគមន៍អន្តរជាតិចំពោះប្រទេសវៀតណាម។
    |
 |
|
លោក Pham Anh Tuan ប្រធាននាយកដ្ឋានព័ត៌មានមូលដ្ឋាន និងព័ត៌មានកិច្ចការបរទេស (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) |
អ្នកយកព័ត៌មាន៖ ដោយផ្អែកលើស្មារតីនៃសេចក្តីសម្រេចលេខ ៨០ នោះ និងយុទ្ធសាស្ត្រ តើខ្លឹមសារស្នូលអ្វីខ្លះដែលត្រូវតែផ្សព្វផ្សាយទៅកាន់ពិភពលោក?
លោក Pham Anh Tuan៖ តាមគំនិតរបស់ខ្ញុំ ខ្លឹមសារសំខាន់បំផុតគឺការបង្ហាញពីរូបភាពនៃប្រទេសវៀតណាមមួយជាប្រទេសសន្តិភាព ស្ថិរភាព និងកំពុងអភិវឌ្ឍ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ និងតម្លៃមនុស្សធម៌ គួរឱ្យទុកចិត្ត និងមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។
ទីមួយ យើងត្រូវលើកកម្ពស់រូបភាពនៃប្រទេសវៀតណាមជាប្រទេសសន្តិភាព ស្ថិរភាព ជាមួយនឹងបរិយាកាសនយោបាយ និងសង្គមដ៏រឹងមាំ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ នេះគឺជាតម្លៃមូលដ្ឋានដ៏សំខាន់មួយនៅក្នុងបរិបទនៃពិភពលោកដ៏ស្មុគស្មាញ និងងាយនឹងប្រែប្រួលនាពេលបច្ចុប្បន្ន។
ទីពីរ យើងគប្បីតែធ្វើយ៉ាងណាឱ្យរូបភាពរបស់ប្រទេសវៀតណាមរំលេចឡើងជាប្រទេសដែលមានការអភិវឌ្ឍប្រកបដោយថាមវន្ត ភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ជាមួយនឹងសក្តានុពលដ៏អស្ចារ្យក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មវប្បធម៌។
ទីបី យើងគួរសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគឺជាប្រទេសមួយដែលមានវប្បធម៌យូរអង្វែង សម្បូរទៅដោយអត្តសញ្ញាណ និងរួបរួមគ្នាក្នុងភាពចម្រុះ។ នេះគឺជាតម្លៃស្នូលក្នុងការកំណត់រូបភាពរបស់ប្រទេសជាតិ។
ទីបួន យើងគួរតែលើកកម្ពស់យ៉ាងខ្លាំងនូវរូបភាពរបស់ប្រជាជនវៀតណាម។ សេចក្តីសម្រេចលេខ ៨០ កំណត់ពីការកសាងប្រជាជនវៀតណាម មានការអភិវឌ្ឍយ៉ាងទូលំទូលាយដោយផ្អែកលើតម្លៃជាតិ តម្លៃវប្បធម៌ តម្លៃគ្រួសារ និងស្តង់ដារនៃមនុស្សជាតិវៀតណាម។
ទីប្រាំ យើងគួរតែផ្សព្វផ្សាយប្រទេសវៀតណាមជាគោលដៅដ៏ទាក់ទាញខាងវប្បធម៌ ទេសចរណ៍ ការអប់រំ ការវិនិយោគ និងភាពច្នៃប្រឌិតជាដើម។ ទីនេះជាកន្លែងដែលប្រពៃណី និងទំនើបកម្មជួបគ្នា ជាកន្លែងដែលតម្លៃជាតិ និងទិដ្ឋភាពល្អបំផុតនៃមនុស្សជាតិជួបគ្នា។ ទិសដៅនេះក៏ស្របនឹងគោលដៅនៃការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ទេសចរណ៍វប្បធម៌ និងម៉ាកយីហោជាតិដូចដែលបានរៀបរាប់នៅក្នុងសេចក្តីសម្រេចលេខ ៨០ ផងដែរ។
អ្នកយកព័ត៌មាន៖ តើកិច្ចការផ្សព្វផ្សាយពីរូបភាពរបស់វៀតណាម ទៅកាន់បរទេសគួរតែត្រូវបានកែទម្រង់យ៉ាងដូចម្តេចនៅក្នុងរយៈពេលខាងមុខ?
លោក Pham Anh Tuan៖ ជាការពិតណាស់ ប្រទេសវៀតណាមគប្បីតែរួបរួមគ្នានៅក្នុងតម្លៃរបស់ខ្លួន ប៉ុន្តែមានភាពចម្រុះនៅក្នុងការផ្សព្វផ្សាយអំពីខ្លួន ដោយសម្របខ្លួនទៅនឹងលក្ខណៈវប្បធម៌ និងតម្រូវការព័ត៌មានរបស់សាធារណជនអន្តរជាតិ។
ជាមួយគ្នានេះ វិធីសាស្រ្តទំនាក់ទំនងត្រូវតែកែទម្រង់យ៉ាងទូលំទូលាយឆ្ពោះទៅរកវិធីសាស្រ្តពហុមេឌា ពហុវេទិកា និងពហុភាសា។ រួមបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងសារព័ត៌មាន ការចេញផ្សាយ ទូរទស្សន៍ និងវិទ្យុជាមួយនឹងវេទិកាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូខ្លីៗ ផតខាស ឯកសារ ទិន្នន័យបើកចំហ ខ្លឹមសារអន្តរកម្ម និងទម្រង់ប្រព័ន្ធផ្សព្វផ្សាយទំនើបៗផ្សេងទៀត។ ចាត់ទុកប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាកន្លែងដ៏សំខាន់សម្រាប់កំណត់ទីតាំង និងផ្សព្វផ្សាយរូបភាពរបស់ប្រទេសវៀតណាមនៅក្នុងបរិបទថ្មី។
លើសពីនេះ យើងផ្តោតលើការផ្សព្វផ្សាយរីកសាយភាយតាមរយៈរឿងរ៉ាវពិត មនុស្សពិត និងតម្លៃពិត ដោយប្រកាន់យកកត្តាមនុស្សជាស្នូលដើម្បីបង្កើតការយល់ចិត្ត និងការបញ្ចុះបញ្ចូល។ នៅក្នុងយុគសម័យនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានៃព័ត៌មាននេះ អ្វីដែលទាក់ទាញបំផុតចំពោះសាធារណជនអន្តរជាតិនៅតែជារឿងរ៉ាវដែលមានភាពត្រឹមត្រូវ មនុស្សធម៌ និងមានអត្ថន័យលើកទឹកចិត្តអំពីប្រទេសជាតិយើង។
អ្នកយកព័ត៌មាន៖ តើលោកមើលឃើញតួនាទីរបស់វប្បធម៌ក្នុងការកំណត់រូបភាពរបស់ប្រទេសវៀតណាមមួយនៅក្នុងរយៈពេលខាងមុខយ៉ាងដូចម្តេច?
លោក Pham Anh Tuan៖ នៅក្នុងបរិបទនៃការប្រកួតប្រជែងអន្តរជាតិដ៏ខ្លាំងក្លាកាន់តែខ្លាំងឡើង រូបភាពជាតិមិនគួរពឹងផ្អែកតែលើកំណើនសេដ្ឋកិច្ច ឬសមិទ្ធផលសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវបានគាំទ្រដោយជម្រៅវប្បធម៌ អត្តសញ្ញាណជាតិ ស្តង់ដារមនុស្ស និងសមត្ថភាពច្នៃប្រឌិតរបស់សង្គមផងដែរ។ វប្បធម៌គឺជាកត្តាដែលបង្កើតភាពខុសគ្នា បង្កើតភាពទាក់ទាញ សមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងអារម្មណ៍ និងកម្រិតនៃការចងចាំរបស់វៀតណាមក្នុងចំណោមមិត្តភក្តិអន្តរជាតិ។
សេចក្តីសម្រេចលេខ ៨០ ចែងយ៉ាងច្បាស់ថា៖ វប្បធម៌ត្រូវតែក្លាយជាគ្រឹះដ៏រឹងមាំ ជាកម្លាំងខាងក្នុងរបស់ប្រទេសជាតិ និងជាប្រព័ន្ធគ្រប់គ្រងសម្រាប់ការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដូច្នេះ ការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមទៅកាន់បរទេសក៏ត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីនេះដែរ ពោលគឺយកវប្បធម៌ជាមូលដ្ឋានគ្រឹះ យកប្រជាជនជាស្នូល និងប្រើប្រាស់តម្លៃមនុស្សធម៌ ការទទួលខុសត្រូវ និងអត្តសញ្ញាណវៀតណាមជាស្នូលនៃសារផ្សព្វផ្សាយ។
នៅពេលដែលសម្រេចបាននូវការងារនេះ រូបភាពនៃប្រទេសវៀតណាមនឹងមិនត្រឹមតែត្រូវបានគេស្គាល់កាន់តែទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានក្តីស្រឡាញ់និងទំនុកចិត្តកាន់តែច្រើន។ នេះក៏បង្កើតជាមូលដ្ឋានសម្រាប់លើកកម្ពស់អំណាចទន់ជាតិ ដែលរួមចំណែកដល់ការសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសនៅក្នុងយុគសម័យថ្មី។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Minh Trung