Y Ser Bkrong កើតនៅឆ្នាំ១៩៨៥ នៅភូមិ Tong Ju ឃុំ Ea Kao ក្នុងគ្រួសារមួយដែលមានបងប្អូន ៤ នាក់ ។ កាលពីនៅក្មេង Y Ser ធ្លាប់ជាមួយមិត្តភ័ក្តិកាប់ដើមឈើធ្វើប្រដាប់ប្រដាក្មេងលេង។ មិត្តខ្លះធ្វើឡាន ខ្លះធ្វើកាំភ្លើង ហើយ Y Ser ឆ្លាក់ដំរី។ ទាំងនោះគឺជាអនុស្សាវរីយ៍ដំបូងនៃអាជីពឆ្លាក់រូបរបស់ Y Ser។ បន្ទាប់ពីរៀនចប់ថ្នាក់ទី៩ Y Ser បានឈប់រៀន ដើរតាមម្តាយទៅចំការរកអុស ឬគល់ឈើតូចៗ ដើម្បីកាប់ និងកាប់ឆ្លាក់ធ្វើរូបសត្វ។ នៅឆ្នាំ ២០០៥ Y Ser បានចុះឈ្មោះរៀនរបរឆ្លាក់។ ក្រោយពីរៀនយ៉ាងស្វិតស្វាញអស់រយៈពេលពីរឆ្នាំ Y Ser បានបញ្ចប់ការសិក្សាពីសាលា ហើយចាប់ផ្ដើមអាជីពឆ្លាក់រូបរបស់ខ្លួន។

leftcenterrightdel
វិចិត្រករ Y Ser Bkrong ដែលមានទេពកោសល្យឆ្លាក់រូបចម្លាក់ឈើ

ក្នុងឆ្នាំ ២០១៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak បានរៀបចំការប្រលងឆ្លាក់រូបប្រជាប្រិយនៅតំបន់ខ្ពង់រាបភាគកណ្តាល (Tay Nguyen)។ ជាលើកដំបូងដែលបានចូលរួមក្នុងការប្រលងនេះ Y Ser មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយមានការលើកទឹកចិត្តពីសាច់ញាតិ Y Ser បានតាំងចិត្តថានឹងយកឈ្នះខ្លួនឯង ដើម្បីចូលរួមក្នុងការប្រកួតនេះ។ ស្នាដៃ "ជើងទទេ" របស់ Y Ser ត្រូវបានគណៈកម្មការរៀបចំការវាយតម្លៃខ្ពស់ និងទទួលបានចំណាត់ថ្នាក់លេខពីរ។ ស្នាដៃរបស់គាត់គឺរូបបុរសម្នាក់ដែលមានរាងស្គមស្គាំងកំពុងលើកកាំបិតកាប់ដងវែងទៅចំការ។ នោះជារូបភាពឪពុកជាទីស្រឡាញ់ដែលបានដក់ជាប់ក្នុងចិត្តតាំងពីក្មេងរបស់គាត់។  ឆ្លងកាត់ការប្រលងជាច្រើនរួចមក Y Ser  ត្រូវបានទទួលសម្គាល់ជាវិចិត្រករដោយគណៈកម្មាធិការប្រជាជនខេត្ត ។

តាមរយៈការប្រកួតប្រលងទាំងនោះ Y Ser រៀនបានបទពិសោធន៍ល្អជាច្រើនពីសហការីរបស់គាត់ ហើយគាត់បានមានឱកាសទៅខេត្ត-ក្រុងជាច្រើនដូចជា Da Lat, Da Nang, Gia Lai, Kon Tum... ដើម្បីជួប ផ្លាស់ប្តូរ និងរៀនបទពិសោធន៍ពីសិប្បករ ដើម្បីលើកកម្ពស់ជំនាញ និងបង្កើតការងារធ្វើសម្រាប់ខ្លួនឯង។

ជាមួយនឹងភាពប៉ិនប្រសប់ជំនាញរបស់ខ្លួន វិចិត្រករជាច្រើនបានវាយតម្លៃថា Y Ser Bkrong ជាវិចិត្រករវ័យក្មេងដែលមានទេពកោសល្យដែលមានភាពចាស់ទុំតាមរយៈការឧស្សាហ៍ព្យាយាម បូកបញ្ចូលទេពកោសល្យពីកំណើត និងសម្បូរទៅដោយគំនិតច្នៃប្រឌិត។ Y Ser មានសមត្ថភាពឆ្លុះបង្ហាញនូវជីវិតភូមិទៅលើឈើ។ ពីឈើដែលគ្មានជីវិតប៉ុន្តែតាមរយៈដៃដ៏ប៉ិនប្រសប់របស់គាត់បានក្លាយជាស្នាដៃដ៏រស់រវើក ប្រៀបដូចជាចេះដំណាលពីរឿងរ៉ាវរបស់ភូមិ។

និយាយអំពីវិចិត្រករ Y Ser Bkrong អ្នកស្រាវជ្រាវប្រជាប្រិយ Linh Nga Nie Kdam បាននិយាយថា “Y Ser Bkrong គឺជាមោទនភាពរបស់ភូមិ Tong Ju ឃុំ Ea Kao ហើយជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងចំណោមវិចិត្រករចម្លាក់រូបសំណាកក្នុងខេត្ត Dak Lak ហើយចាត់ទុក Y Ser គឺជាវិចិត្រករវ័យក្មេងដែលមានដៃមាស៕

បកប្រែដោយ Minh Trung